ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​អំពាវ​នាវ​ឱ្យ​ចិន​បញ្ឈប់​សកម្ម​ភាព​សាង​សង់​កោះ​សិប្ប​និម្មិត​នៅ​ក្បែរ​ប្រជុំ​កោះ​ប៉ារ៉ាសែល

1 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ វៀតណាម​ទាម​ទារ​ឱ្យប្រទេស​ចិន​បញ្ឈប់​ការ​ធ្វើ​សកម្ម​ភាព​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​ប្រជុំ​កោះ​ប៉ារ៉ាសែល​នៃ​​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​ប្រទេស​ទាំង​២​បាន​ និង​​បន្ត​​ប្រទាញ​ប្រទង់​គ្នា​អស់​រាប់​ទស​វត្សរ៍​​មក​ហើយ​​។ ថ្ងៃ​នេះ វៀតណាម​ចេញ​មុខ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​នូវ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​សកម្ម​ភាព​របស់​រដ្ឋ​បរទេស​នៅ​ប្រជុំ​កោះ​ខាង​លើ​។ ប្រតិ​កម្ម​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​ប្រទេស​ចិន​ចាប់​ផ្ដើម​រៀប​ចំ​សាង​សង់​កោះ​សិប្ប​និម្មិត​ថ្មី​មួយ​ទៀត​នៅ​ក្បែរ​ប្រជុំ​កោះ​​ប៉ារ៉ាសែល​។ ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​គម្រោង​សាង​សង់​កោះ​សិប្ប​និម្មិត​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​រៀប​ចំ​នៅ​លើ​កោះ​យ៉ា​កុង (Yagong) ឬ​កោះ​បាបា (Baba) ហៅ​តាម​ភាសា​វៀត​ណាម​។ ​

ការ​ចុះផ្សាយ​នេះ​ដោយ​យោង​ទៅ​លើ​ការ​បញ្ជូន​រូប​ភាព​ពី​ផ្កាយ​រណប​ដែល​បង្ហាញ​អំពី​ការ​ធ្វើ​សកម្ម​ភាព​ដើម្បី​រៀប​ចំ​សាង​សង់​កោះ​។ ក្រុម​អ្នក​វិភាគ​សន្តិ​សុខ​ជាតិ​យល់​ថា​កោះ​សិប្ប​និម្មិត​នេះ​អាច​នឹង​ត្រូវ​ប្រទេស​ចិន​ប្រើ​ប្រាស់​ជា​ទី​តាំង​ដំឡើង​ប្រព័ន្ធ​រ៉ាដា​ដើម្បី​ផ្ដល់​សញ្ញា​ព្រមាន​ជា​មុន​នៅ​ពេល​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក​ស្រី​ហ្វាម​ធូ​ហាង​ (Pham Thu Hang) ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោ​កស្រី​សូម​ប្រឆាំង​ជំទាស់​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​នេះ​ ព្រម​ទាំង​បាន​បញ្ជូន​កំណត់​ទូត​ដើម្បី​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ និង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​បញ្ហា​នេះ​។ លោក​ស្រី​ថ្លែង​បន្ថែម​ទៀត​ថា​វៀតណាម​សូម​ទាម​ទារ​ឱ្យ​បិទ​បញ្ចប់​សកម្ម​ភាព​សាង​សង់​កោះ​សិប្ប​និម្មិត​នោះ​ជា​បន្ទាន់​ ហើយ​មិន​ត្រូវ​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង​ជា​ថ្មី​ទេ​។

សូម​ជម្រាប​ថា​ប្រទេស​ចិន​ចូល​កាន់​កាប់​ប្រជុំ​កោះ​ប៉ារ៉ាសែល​​កាល​​ពី​ឆ្នាំ​១៩៧៤រហូត​មក​ដល់​សព្វ​ថ្ងៃ​។ កាល​ណោះ ចិន​ចូល​កាន់​កាប់​កោះ​នេះ​ដោយ​បណ្ដេញ​កង​ទ័ព​ជើងទឹក​របស់​វៀតណាម​ខាង​ត្បូង​ចេញ​។ ​វៀតណាម​ចាត់​ទុក​ប្រជុំ​កោះ​នេះ​ជា​របស់​ខ្លួន​ដែរ​។ ដូច្នេះ វៀតណាម​​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​សម្រុក​រៀប​ចំ​ជើង​ព្រួល​ដើម្បី​ប្រជែង​ជា​មួយ​ចិន​ផង​ដែរ​។ វៀតណាម​កសាង​តំបន់​ខ្សែ​ក្រវាត់​នៅ​​ក្បែរ​​ប្រជុំ​កោះ​ស្ព្រែត​លី (Spratly) ​ដែល​ស្ថិត​នៅ​ចុង​ប៉ូច​ខាង​ត្បូង​។ វៀតណាម​ក៏​អះ​អាង​ថា​ប្រជុំ​កោះ​ស្ព្រែត​លី និង​ដែន​សមុទ្រ​ជុំ​វិញ​នោះ​ជា​ដែន​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ផង​ដែរ​។ ​ក្រៅ​ពី​នេះ ប្រទេស​ដទៃ​ទៀ​តដូច​ជា​ហ្វ៊ីលីពីន ម៉ាឡេ ប្រ៊ុយ​ណេ និង​កោះ​តៃវ៉ាន់​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​។ ដូច្នេះ​ធ្វើ​ឱ្យ​ដែន​កោះ​នេះ​ក្លាយ​ជា​តំបន់​ត្រួត​ស៊ី​គ្នា​។ ​

លោកស្រី​ហ្វាម​ធូ​ហាង​​អះ​អាង​​ថា​វៀតណាម​មាន​ភស្តុតាង​ជា​ប្រវត្តិ​សាស្ត្រ​ និង​​មាន​មូល​ដ្ឋាន​គតិ​យុត្តិ​​ច្រើន​គ្រប់​គ្រាន់​ដែល​​បញ្ជាក់​ថា​​​ប្រជុំ​កោះ​ប៉ារ៉ា​សែល​ជា​ដែន​អធិប​តេយ្យ​របស់​ខ្លួន​ដោយ​អនុ​លោម​ទៅតាម​ច្បាប់​អន្តរ​ជាតិ​។ ​លោកស្រី​ថា​វៀតណាម​សូម​គូស​បញ្ជាក់​ឡើង​វិញ​ថា​រាល់​សកម្មភាព​របស់​រដ្ឋ​បរទេស​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល​ រួម​ទាំង​នៅ​លើ​កោះ​បាបា​ និង​នៅ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ហាយ​សាម (Hai Sam) ​សុទ្ធ​តែ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​យល់​ព្រម​ពី​ភាគី​វៀត​ណាម​ទាល់​តែ​សោះ​។ ដូច្នេះ ​លោក​ស្រី​ចាត់​ទុក​ថា​វា​ជា​ទង្វើ​ខុស​ច្បាប់​, មោឃៈ និង​គ្មាន​មូល​ដ្ឋាន​គតិ​យុត្តិ​​​នោះ​ឡើយ​​៕ ប្រភព៖ Reuters​