កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី បានលេចមុខតាមទូរទស្សន៍កាលពីថ្ងៃទី១០ សីហា ក្រោយការប្រកាសពីការស្លាប់របស់គេដោយពួកឧទ្ទាមមក។
នៅក្រុងទ្រីប៉ូលី ទូរទស្សន៍បានបង្ហាញរូបភាពទាំងឡាយរបស់កូនប្រុសវ័យក្មេងរូបនេះរបស់លោកកាដាហ្វី ឈ្មោះខាមីស អាយុ២៨ឆ្នាំ ស្លៀកពាក់ឯកសណ្ឋានយោធា កំពុងស្ថិតក្នុងមន្ទីរពេទ្យមួយសាកសួរសុខទុក្ខបណ្តាជនរងគ្រោះដោយសារការវាយឆ្មក់របស់អូតង់។ យោងតាមទូរទស្សន៍នេះថា ទស្សនកិច្ចនេះធ្វើឡើងកាលពីថ្ងៃទី៩ សីហា កន្លងមកនេះ ។
នេះជាការលេចមុខលើកដំបូងរបស់លោកខាមីស ចាប់តាំងពីការប្រកាសកាលពីថ្ងៃទី៥ សីហា ដោយពួកឧទ្ទាមពីការស្លាប់របស់គេក្នុងការវាយឆ្មក់មួយរបស់អូតង់នៅក្រុង ZLITEN ចម្ងាយ១៥០គីឡូម៉ែត្រ ខាងកើតក្រុងទ្រីប៉ូលី ។ របបលោកកាដាហ្វី បានបដិសេធព័ត៌មានទាំងនេះ ដោយចាត់ទុកថា ជាការភូតកុហកដ៏កខ្វក់។ លើរណសិរ្សវិញ នៅក្រុងប្រេហ្គា មានការបាញ់តគ្នាដោយកាំភ្លើងធំ នៅតំបន់ជាយក្រុងប្រេងនេះ ៕
ចែករំលែកព័តមាននេះ