ស្ថានភាពកម្ពស់ទឹកទន្លេសាបខេត្តកំពង់ឆ្នាំង ខ្ពស់ជាងឆ្នាំមុនបន្តិច តែមិនទាន់ដល់ពេលប្រកាសអាសន្ននោះទេ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង កម្ពស់ទឹកទន្លេផ្សាក្រោម ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែសីហា ២០២៦ មានកម្ពស់ ៧,៥៦ម៉ែត្រ បើប្រៀបធៀប ឆ្នាំ២០២៥ នៅថ្ងៃ ២៨ ខែសីហា ដូចគ្នានេះ ទឹកមានកម្ពស់ ៧,៣០ម៉ែត្រ គឺខ្ពស់ជាងឆ្នាំចាស់ ០,២៦ម៉ែត្រ ។នេះបើតាមការបញ្ជាក់របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែសីហា នេះ ។
លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា សម្រាប់កម្ពស់ទឹកនៅថ្ងៃទី២៨ ខែសីហានេះថ្វីបើកម្ពស់ទឹកខ្ពស់ជាងឆ្នាំចាស់ ប្រមាណជិត៣តឹក ក៏ពិតមែនប៉ុន្តែស្ថានភាពបែបនេះ មិនទាន់មានអ្វីគួរឲ្យកត់សម្គាល់ទេ ព្រោះកាលពីឆ្នាំ ២០២៤ ទឹកមានកម្ពស់ ៧,៧២ម៉ែត្រ គឺខ្ពស់ជាងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ក្រៅពីរបបទឹកភ្លៀង ទន្លេសាបបានទទួលឥទ្ធិពលនៃរបប ទឹកទន្លេមេគង្គ ដែលបច្ចុប្បន្នកំពុងតែឡើងខ្លាំង ផ្នែកខាងលើមានខេត្ត ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែលរហូតធ្លាក់មកដល់ ទន្លេចតុមុខ និងបន្តហូរធ្លាក់មកបឹងទន្លេសាប ។ បើយោងតាមដ្ឋានភាពទឹកដែលកំពុងឡើងខ្លាំងនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ទឹកទន្លេសាបអាចនឹងឡើងខ្ពស់ជាងនេះ នៅថ្ងៃបន្តបន្ទាប់ទៀត ។សម្រាប់ទឹកដែលនឹងត្រូវប្រកាសអាសន្នក្នុងខេត្តកំពង់ឆ្នាំងមានកម្ពស់ ១០,៥០ម៉ែត្រ ។
ចំពោះស្ថានភាពអាកាសធាតុខេត្តកំពង់ឆ្នាំង ត្រូវបាន លោក អឿ សារឿន បញ្ជាក់ថា យោងតាមប្រតិបត្តិព្យាករណ៍អាកាសធាតុខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហា និងទទួលឥទ្ធិពលពីជម្រាលសម្ពាធខ្សោយលក្ខណៈបែបនេះនឹងបង្កឲ្យធាតុអាកាសមានសាច់តណ្ហភាពពី ២៨អង្សារ ទៅ ៣៧អង្សា ខ្យល់បក់មកពីទិសទក្សិណ មានល្បឿនពី១ទៅ ៤ម៉ែត្រក្នុង១វិនាទីមាន ភ្លៀង ផ្គរ រន្ទះ តិច៕







ចែករំលែកព័តមាននេះ