បុរសម្នាក់បើកឡានបុ.កដើមឈើស្លា.ប់ដោយមិនដឹងមូលហេតុ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ពុំមានអ្នកដឹងពីមូលហេតុ ដែលបុរសម្នាក់បើករថយន្តសុខៗក៏រេចង្កូតទៅខាងឆ្វេងដៃឡើងចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើ(ដើមក្ងោក)ពេញទំហឹងរហូតដល់ស្លាប់ខ្លួនឯងនៅក្នុងរថយន្ត កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ សីហា នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

បុរសនោះ ឈ្មោះ ឆូន ឆាយ៉ា អាយុ៤០ឆ្នាំ ជាបុគ្គលិកក្រមហ៊ុនមួយ ស្នាក់នៅបន្ទាប់ជួលនៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ។ ជនរងគ្រោះបានស្លាប់ក្នុងរថយន្ត ដែលខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ដោយសារបុកនឹងដើមឈើលើចិញ្ចើមផ្លូវ ។ រថយន្តគាត់ម៉ាក កាមេរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2864 ។
សាក្សីបាននិយាយថា ជនរងគ្រោះបានបើករថយន្តម្នាក់ឯងមកពីទីសខាងលិច ប៉ុន្តែមិនដឹងថា គាត់កើតអ្វី ស្រាប់តែរេចង្កូតយ៉ាងលឿនខាងឆ្វេងដៃឡើងលើចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកពេញទំហឹងចំដើមឈើ (ដើមក្ងោក) ។

សាក្សីបញ្ជាក់ថា ពេលបុកដើមឈើហើយ គាត់ហាក់នៅដឹងខ្លួនក៏បើកថយក្រោយចុះពីលើចិញ្ចើមផ្លូវវិញ ក៏ស្ងាត់ឈឹងរលត់ទាំងម៉ាស៊ីនរថយន្ត ហើយអ្នកបើកបរក៏មិនឃើញចុះពីរថយន្ត។ គេក៏នាំគ្នាទៅឈ្ងោកមើល ឃើញអ្នកបើកបរទន់.ក ហើយនៅស្ងៀមឈឹង មានការសង្ស័យមិនស្រួល ក៏ទាក់ទងទៅសមត្ថកិច្ចភ្លាមៗតែម្ដង ។
មន្ត្រីចរាចរណ៍បានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ ជាមួយនឹងរថយន្តសង្គ្រោះ ដើម្បីពិនិត្យសាកសពជនរងគ្រោះ ដែលស្លាប់ក្នុងរថយន្ត ដោយគ្រោះថ្នាក់ចរាចរណ៍ ។

សមត្ថកិច្ចហាក់មិនមានចម្លើយទេ នៅកន្លែងកើតហេតុ ។ គេមិនដឹងថា តើជនរងគ្រោះបើករបរក្នុងស្ថានភាពស្រវឹង ឬជនរងគ្រោះកើតជំងឺវិលមុខពេលកំពុងបើកបរ ទើបបើករេចង្កូតឆ្លងផ្លូវជ្រុលទៅបុកដើមឈើ រហូតបាត់បង់ជីវិតខ្លួនឯង ?
មន្ត្រីចរាចរណ៍បានប្រាប់ថា ជនរងគ្រោះបានបើករថយន្តបុកដើមឈើដោយខ្លួនឯង ដែលគេសង្ស័យអាចបណ្ដាលមកពីជំងឺវិលមុខ ទើបបើករថយន្តរេចង្កូតឆ្លងផ្លូវទៅបុកដើមឈើនៅលើចិញ្ចើមផ្លូវបែបនេះ ៕


ចែករំលែកព័តមាននេះ