ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​រងើក​​ភ្លើ​ងធ្យូង​​ដាក់​ចូល​ធុង​ឆាបឆេះ​ផ្ទះល្វែង​​ពេលម្ចាស់​​​ចេញផុត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​អគ្គិភ័យបានឆាបឆេះ​​ផ្ទះមួយ​ល្វែង​បង្ក​​​ឱ្យ​អ្នក​ជិតខាង​ភិត​ភ័យ​យ៉ាង​ ខ្លាំង​រត់​​ប្រសាច​ទៅរាយការណ៍​ប្រាប់សមត្ថកិច្ច​​ និង​ស្រែក​ហៅ​គ្នា​ឱ្យជួយ កាលពីវេលាម៉ោង​​៣​​និង​​៣០នាទី​រសៀល​ថ្ងៃទី​១០ សីហា ​២០១១ ​នៅ​​តាម​ផ្លូវ​លេខ​​​៣៧១ ភូមិ​​ត្រពាំងឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​​​សែនសុខ​

រាជធានីភ្នំពេញ​​ ៖ ​អគ្គិភ័យបានឆាបឆេះ​​ផ្ទះមួយ​ល្វែង​បង្ក​​​ឱ្យ​អ្នក​ជិតខាង​ភិត​ភ័យ​យ៉ាង​ខ្លាំង​រត់​​ប្រសាច​ទៅរាយការណ៍​ប្រាប់សមត្ថកិច្ច​​ និង​ស្រែក​ហៅ​គ្នា​ឱ្យជួយ កាលពីវេលាម៉ោង​​៣​​និង​​៣០នាទី​រសៀល​ថ្ងៃទី​១០ សីហា ​២០១១ ​នៅ​​តាម​ផ្លូវ​លេខ​​​៣៧១ ភូមិ​​ត្រពាំងឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​​​សែនសុខ​ ខណៈ​ម្ចាស់​ផ្ទះ​​ចាក់​សោ​ទុក​ចោលចេញទៅក្រៅ​មាន​កិច្ចការ​។

សាក្សី​នៅ​កន្លែង​​កើតហេតុ​​​បាននិយាយ​​​ជំហានដំបូង​ថា ការ​ឆាបឆេះ​​នេះបណ្តាល​​មកពី​​​ឆ្លងរ​​ងើក​ភ្លើង​ធ្យូង ដែលកៀប​ចេញពីចង្ក្រាន ដាក់​ចូល​ធុងដែក ដើម្បី​ពន្លត់ ប៉ុន្តែ​​វា​មិនរលត់​​ក៏ឆាបឆេះ​​ជះអណ្តាត​​​ភ្លើង​​ឡើង​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​តែម្តង​។ ឃើញដូច្នេះ​​អ្នកជិតខាង​ និងសមត្ថកិច្ច​​​បានសម្រច​​ចិត្ត​​វាយ​កម្ទេច​​សោ​ដើម្បី​​បើកទ្វារ​​ជះទឹក​ពន្លត់​…​ក្រោយ​ពេលបើក​​​សោ​​រួច​មក​មនុស្ស​​ច្រើន​នាក់​​​ខ្លះទាញ​​ទុយោទឹក​មក​បាញ់ ខ្លះ​ដង​ទឹក​ជះ​យ៉ាង​សន្ធាប់ ទើបធ្វើ​​​ឱ្យ​ភ្លើង​អស់​អំណាច​រលត់​​សូន្យ​សុង​។ ​មិន​​​យូរប៉ុន្មាន​​​​ រថយន្ត​​ពន្លត់​អគ្គិភ័យ​របស់​សមត្ថ​កិច្ច​​បានមកដ​ល់ ​បម្រុង​បាញ់ទឹក​​ស្រោច ប៉ុន្តែ​អណ្តាត​ភ្លើង​​រលត់​​​អស់ទៅ​ហើយ​។ ​មិន​មានការ​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​​ទេ ក្រៅ​តែ​អំពី​​សម្ភារកំប៉ិកកំប៉ុក​ និងម៉ូតូ​​​សង់​កូរ៉េ​១​​គ្រឿងដែល​ដាក់​​​​ទុក​ក្នុង​ផ្ទះប៉ុណ្ណោះ​ ។

បុរស​ម្ចាស់​ផ្ទះឈ្មោះ​​​​​លីន ទ្រី ​អាយុ​​​​៤០​ឆ្នាំ ​ជា​អាជីវករ​​លក់ដូរ ស្នាក់​នៅ​​​ផ្ទះ​​លេខ​​១២E ភូមិ​ត្រពាំងឈូក ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ​​​(ផ្ទះ​ឆេះ​ខាលើ​)បាន​និយាយ​ទាំងអារម្មណ៍​​​ភិត​ភ័យ​​ថា នៅវេលាម៉ោង​​១២​ថ្ងៃត្រង់​ រូប​លោកបាន​​​បង្កាត់​ភ្លើង​​​ដើម្បីដាំ​ទឹក​ហូប​ លុះដាំ​​រួច​​ក៏​​បាន​​ចាប់​​រងើក​ភ្លើង​​ចេញពីចង្ក្រាន​​​​ដាក់​ចូល​ធុងដែក​មួយ ហើយ​​ចាក់​​ទឹក​ពន្លត់ លុះ​ឃើញ​​​វា​រលត់​​​​ ក៏​​​​​យកធុង​​ធ្យូង​នោះ​ទៅ​​​​ដាក់​ក្បែរ​​ម៉ូតូ​​សង់កូរ៉េ ពណ៌ក្រហម ​​១​គ្រឿង ​​ដែល​ទុក​ចោល​​​​ក្នុងផ្ទះ​។ ​ភ្លាម​នោះ រូប​លោក​​បាន​​បិទទ្វារ​ចាក់​សោ​​​ផ្ទះ ​ជូន​​កូនទៅ​សាលា​រៀន ​និង​​នាំប្រពន្ធ​​ទៅ​មន្ទីរ​​ពេទ្យ ​​ដល់​ម៉ោង​​​៣​និង៥០​នាទី ​ស្រាប់តែ​​​​អ្នក​​​ជិត​ខាង​​​ទូរស័ព្ទ​​​​​ប្រាប់ថា ផ្ទះ​​របស់​លោក​ត្រូវ​​​ភ្លើង​ឆេះ​​ហើយ​​ពួកគាត់​​​​សុំ​វាយកម្ទេច​​សោ​ទ្វារ​ដើម្បី​ពន្លត់​​ភ្លើង​។​​​ ឮដូច្នេះ​លោក​បានជិះ​ម៉ូតូមក​ភ្លាម​​ក៏ឃើញ​​ប្រជា​ពលរដ្ឋ​​​ក្បែរ​នោះ​​កំពុង​ពន្លត់​​ភ្លើង​​​ដែល​កំពុង​ឆេះ​​ម៉ូតូនៅ​ក្នុង​​ផ្ទះ​…​តាមពិត​គឺឆេះ​ដោយ​សារ​ភ្លើង​ធ្យូង​។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​​លោកជា ខេមា​ ​អភិ​បាល​​រង​ខណ្ឌសែនសុខ ​បាន​ចុះ​មក​ពិនិត្យ​​​មើល​​​​ផ្ទាល់​រួមជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ជា​ច្រើន​នាក់​ ។ ​លោក​ជា ខេមា​​ បាន​ឱ្យដឹង​ថា មូល​ហេតុ​​​ភ្លើង​​ឆេះ​នេះ​គឺ​​​មក​ពីម្ចាស់​​​​ផ្ទះធ្វេសប្រហែស​ពេក ទើបមាន​រឿងរ៉ាវ​នេះ​កើតឡើង។ ក្រោយពី​ទទួល​ព័ត៌​មាន​​ថាមាន​ភ្លើង​ឆេះ​ផ្ទះ​​​​នោះ លោក​ក៏បាន​​បញ្ជា​សមត្ថ​កិច្ច​​ឱ្យចុះមក​អន្តរាគមន៍​​​​ភ្លាម​៕