ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ធ្វើឱ្យបា.ក់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ផ្ទះពលរដ្ឋ ១០ខ្នងត្រូវបានរុះរើ និងជាង ៥០ខ្នងទៀតកំពុងប្រឈម

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​ទឹកទន្លេ​បាន​ហក់​ឡើង​ហ្នឹង​ហូរ​ខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់​នៅ​ចំណុច​ឃុំ​កោះអណ្ដែត​និង​ឃុំ​ឬ​ស្សី​ស្រុក ក្នុងស្រុក​ស្រី​សន្ធរ​ ។​ ដោយ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​ត្រូវ​បាន​រុះរើ​និង​ជាង​៥០​ខ្នង​ទៀត​កំពុង​តែ​ប្រឈមដោយ​អាជ្ញាធរ​ត្រៀមកម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​។

លោក​សឹម យ៉ុ​ន ជំទប់​ទី​១​ឃុំ​កោះអណ្ដែត មាន​ប្រសាសន៍​ឲ្យ​ដឹង​ល្ងាច​ថ្ងៃ​ទី​២៦​ សីហា ឆ្នាំ​២០២៦​ថា​ នៅ​ក្នុងឆ្នាំនេះ​គ្រោះ​ធម្មជាតិ​មាន​សភាព​ប្លែក​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ដោយ​ច្រាំង​ទន្លេ​ចំណុច​ភូមិ​គគី​និង​ក្បាលកោះ បាន​បាក់​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្ខំចិត្ត​រុះរើ​ចំនួន​៧ ខ្នង​ក្នុង​នោះ​មាន​ចំនួន​៥៣​ខ្នង​ទៀត​កំពុង​តែ​ប្រឈម​ព្រោះ​ច្រាំង​ទន្លេ​បាន​បាក់​កាន់តែ​រំកិល​មក​កៀក​លំនៅ​ឋាន​របស់​ពួក​គាត់​។

ជំទប់​ទី​១​ឃុំ​កោះអណ្ដែត បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​មូលហេតុ​នៃ​ការ​បាក់​ច្រាំង​ទន្លេ​នេះ​ដោយសារ​តែ​កោះ​ថ្មី​នៅ​កណ្ដាលទន្លេ​បាន​ដុះ​នៅ​ផ្នែក​ខាងលើ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចរន្តទឹក​ហូប​បុក​ចំ​កោះអណ្ដែត កត្តា​បែប​នេះ​ហើយ​បាន​បង្ក​ឲ្យ​ច្រាំង​ទន្លេ​បាន​បាក់​ក្នុង​មួយ​ថ្ងៃ​មាន​៥​ម៉ែត្រ​ទៅ​៨​ម៉ែត្រ​ក៏​មាន​។ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៦​សីហា​ឆ្នាំ ២០២៦ លំនៅ​ឋាន​សង់​អំពី​ឈើ​របស់​ពលរដ្ឋ​ចំនួន​៧​ខ្នង​ស្មើ​៧​ម្ចាស់ ត្រូវ​បាន​រុះរើ​បើ​ពុំនោះ​ទេ​នឹង​ត្រូវ​រអិល​ធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រឹង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ការ​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​១០០​ម៉ែត្រ​ដោយ​ចំណាយ​ថវិកា​អស់​ជា​ច្រើន​លាន ត្រូវ​បាន​រង​ការ​ខូចខាត​បាក់​ស្រុត​ទៅ​ក្នុង​ទឹកទន្លេ​ក្រៅពី​នេះ​ក៏​មាន​ប្រភេទ​ផ្លូវ​គ្រួ​ស​ក្រហម​ប្រវែង​៥០០​ម៉ែត្រ ដែល​ជា​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក៏​ត្រូវ​បាន​បាក់​ធ្លាក់​ចូល​ទន្លេ​ដែរ​។​នៅ​ថ្ងៃ​ទី​២៧ សីហា អាជ្ញាធរ​មូលដ្ឋាន​និង​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រមទាំង​កម្លាំង​ផ្សេង​ទៀត​នឹង​បន្តការងារ​អន្តរាគមន៍​ជួយ​រស់​ផ្ទះ​ពលរដ្ឋ​បន្ថែម​ទៀត​។​ចរន្តទឹក​មិន​ត្រឹមតែ​ហូរ​បុក​ចំ​កោះអណ្ដែត​ប៉ុណ្ណោះ​ទេ​សូ​ម្បី​តែ​ឫស្សីស្រុក​ក៏​ប៉ះ​ដែរ​។

លោក​សូ សេង​ហៀ​ង មេឃុំ​ឫស្សីស្រុក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ដឹកនាំ​កម្លាំង​ជួយ​រុះរើ​លំនៅ​ឋាន​សង់​អំពី​ឈើ​របស់​ពលរដ្ឋ​នៅ​ភូមិ​ឬ​ស្សី​ស្រុក ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ស្រុក​បាន​រុះផ្ទះ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​ខ្នង​ស្មើនឹង​៣​ម្ចាស់ ពួក​គាត់​មិន​មាន​ដី​សម្រាប់​សង់​លំនៅ​ដ្ឋា​ន​នៅ​កន្លែង​ថ្មី​នោះ​ទេ​។

ច្រាំង​ទន្លេ​ពី​មុន​មក​បាក់​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​ដោយ​បាន​រៀបចំ​បាវ​ខ្សាច់​យក្ស​ទប់​ច្រាំង​មិន​ឲ្យ​បាក់​បាន​បី​ឆ្នាំ តែ​មក​ដល់​២០២៦ ច្រាំង​បាន​បាក់​ដោយសារ​តែ​បាវ​ខ្សាច់​រអិល​ចុះ​ទៅ​ក្រោម ចំពោះ​ទីតាំង​ដែល​បាក់​មាន​បណ្ដោយ​រហូត​ទៅ​ដល់​ជាង​៦០០​ម៉ែត្រ​និង​ជម្រៅ​បាក់​ចូល​ក្នុង​ប្រមាណ​១០ ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​វា​នៅ​ឋាន​ពលរដ្ឋ ។

​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​តាមដាន​មើល​ពី​គ្រោះ​ធម្មជាតិ​ទាំងនេះ​ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋក្រៅពី​នេះ​មាន​ពីរ​ខ្នង​ទៀត​ដែល​ត្រៀម​រុះ​ទៅ​កាន់​កន្លែង​ថ្មី​ ៕