ខេត្តបាត់ដំបង ៖ បុរសវ័យ៥៦ឆ្នាំម្នាក់ដែលគេសង្ស័យថា ជាអ្នកសម្លាប់មនុស្សនៅខេត្តកោះកុងកាលពីសបា្តហ៍មុនត្រូវគេប្រទះឃើញធ្វើអត្តឃាតដោយចង.កកាលពីរសៀលថ្ងៃទី៩ សីហា ក្នុងពេលគេព្យាយាមគេចពីខេត្តកោះកុងទៅសំងំលាក់ខ្លួននៅផ្ទះបងស្រីស្ថិតនៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ជាប់ព្រំដែនសៀម ។
លោកជេត វណ្ណនី ស្នងការរងដែលបានទៅ ពិនិត្យដល់ចំណុចកើតហេតុមានប្រសាសន៍ថា បុរសនោះឈ្មោះម៉ូ សម្បត្តិ ហៅជា រស់នៅភូមិជីខ ឃុំជីខលើ ស្រុកស្រុកស្រែអំបិល ខេត្តកោះកុង ។ បើតាមការផ្តល់តម្រុយពីសមត្ថកិច្ចខេត្តកោះកុងថា ឈ្មោះសម្បត្តិជាប់ពាក់ព័ន្ធក្នុងការកាប់សម្លាប់មនុស្សនៅឯភូមិជីខ ឃុំជីខ លើកាលពីថ្ងៃទី៦ សីហា ហើយរត់គេចទៅផ្ទះបងស្រី ឈ្មោះម៉ូ ឆែម នៅស្រុកសំពៅលូន ក្នុងបំណងលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ចខេត្តកោះកុង ។ ទំនងជាយល់ថា មិនអាចគេចផុតពីសមត្ថកិច្ច ទើបបុរសនោះចង.កធ្វើអត្តឃាត ។
អធិការនគរបាលស្រុកសំពៅលូនលោកពេជ្រ សារ៉ែន ប្រាប់កោះសន្តិភាពថា ម៉ូ សម្បត្តិទៅដល់ស្រុកសំពៅលូនកាលពីថ្ងៃទី៧ សីហា ហើយសាច់ញាតិប្រាប់ថា គេបាត់ខ្លួនពីផ្ទះវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩ សីហា លុះម៉ោង៣រសៀល ទើបគេប្រទះឃើញចង.កសម្លាប់ខ្លួនលើដើមទឹកដោះគោខាងក្រោយផ្ទះ។ សាច់ញាតិបានឃើញកូនសំបុត្រតូចមួយនៅក្នុងហោប៉ៅអាវរបស់បុរសម៉ូ សម្បត្តិ ដែលសរសេរពាក្យ
ផ្តាំផ្ញើថា «លាហើយប្រពន្ធ និងកូនជាទីស្រឡាញ់… សូមទោសបងស្រី… ប្អូនសូមលាទៅឆ្ងាយហើយ…» ។
លោក ពេជ្រ សារ៉ែន បញ្ជាក់ថា សាច់ញាតិដែលរស់នៅស្រុកសំពៅលូនខេត្តបាត់ដំបង មិនបានដឹងថា ឈ្មោះសម្បត្តិ ហៅជា មានរឿងអ្វីនៅឯស្រុកកំណើតទេ លុះក្រោយទើបដឹង តាមរយៈសាច់ញាតិនៅខេត្តកោះកុង និងសមត្ថកិច្ច ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ថា បើតាមសមត្ថកិច្ចខេត្តកោះកុងឱ្យដឹង ថា ឈ្មោះសម្បត្តិ បានប្រើកាំបិតកាប់បុរសម្នាក់រស់នៅភូមិជាមួយគ្នាចំនួន៣កាំបិត បណ្តាលឱ្យស្លាប់កាលពីថ្ងៃទី៦ សីហា ដោយចោទជនរងគ្រោះថា ចេះអំពើអាបធ្មប់ ។ សមត្ថកិច្ចខេត្តកោះកុងកំណត់មុខសញ្ញាបាន ហើយទាក់ទងមករូបលោកឱ្យជួយសហការជាប់រហូត តែជនសង្ស័យស្លាប់មុនពេលចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ