ខេត្តស្វាយរៀង ៖ គល់រាំងទឹកដែលឈ្មួញលបលួចដឹកចេញតាមច្រករបៀងចូលទឹកដីវៀតណាមត្រូវសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចាប់បាន៨គល់មកវិញ ចំណែកចំនួន៤គល់ទៀតត្រូវក្រុមឈ្មួញដឹកតាមម៉ូតូបើកគេចដោយសុវត្ថិភាព ។
ទាក់ទិនករណីខាងលើ លោកអនុសេនីយ៍ត្រីសេក វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំដូង ស្រុករមាសហែក បានរាយការណ៍ជូនសមត្ថកិច្ចថា ក្រុមឈ្មួញបានយកគល់រាំងទឹកចំនួន១២គល់ទៅលាក់ទុកនៅក្នុងភូមិកំពង់ថ្នា និងបំរុងដឹកចេញទៅប្រទេសវៀតណាម តាមច្រករបៀងក្បាលចាម។ ក្រោយទទួលដំណឹងនេះ លោកក៏បានដឹកនាំកម្លាំងចុះទៅកន្លែងឈ្មួញលាក់គល់រាំងទុក កាលពីថ្ងៃទី៧ សីហា ២០១១ វេលាម៉ោង៧យប់ ក៏បានប្រទះឃើញគល់រាំងទឹកចំនួន៨គល់ ហើយប្រជាពលរដ្ឋបានប្រាប់ថា ឈ្មួញដឹកតាមម៉ូតូចេញចំនួន៤គ្រឿង ចូលទៅព្រៃជិតប្រឡាយខាងជើងប៉ុស្តិ៍ក្បាលចាម។ ពេលសមត្ថកិច្ចទៅស្រាវជ្រាវរកពុំឃើញ ទើបសន្និដ្ឋានថា ប្រហែលជាក្រុមជនល្មើសដឹកចូលក្នុងទឹកដីវៀតណាមផុតហើយ ឬក៏លាក់ក្នុងភូមិ ក៏ដាក់កម្លាំងយាមគល់រាំង៨គល់នោះឃ្លាំមើល ក្រែងក្រុមឈ្មួញមកលួចដឹកចេញទៀត ។ លុះម៉ោង៦ព្រឹកក៏ហៅគោយន្តដឹកគល់រាំង៨គល់យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំដូង ដើម្បីសុំយោបល់ពីថ្នាក់លើ។
លោកវរសេនីយ៍ត្រីជុំ រី អធិការនគរបាលស្រុករមាសហែក បានមានប្រសាសន៍ថា នៅថ្ងៃទី៨ សីហា រូបលោកបានឱ្យមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំដូងដាំគល់រាំង៨ដើមនោះនៅប៉ុស្តិ៍រដ្ឋបាលឃុំដូង តែម្តង ហើយចុះស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីចាប់បញ្ជូនឱ្យតុលាការផ្តន្ទាទោសតាមច្បាប់។ បើពុំដូច្នោះទេ ក្រុមឈ្មួញពិតជាមិនរាងចាល ហើយដើរគាស់បំផ្លាញហិនហោចជាមិនខាន។
លោកសេង គ្រី នាយខណ្ឌរដ្ឋបាលជលផលស្វាយរៀង បានមានប្រសាសន៍ថា មន្ត្រីជំនាញរបស់លោកបានព្យាយាមសុំគល់រាំងទឹកចំនួន៨គល់នោះយកទៅរក្សាទុកនៅខណ្ឌជលផលស្វាយរៀងដែរ តែខាងប៉ូលិសចង់ទុកដាំនៅប៉ុស្តិ៍រដ្ឋបាល ទើបលោកយល់ព្រម តែបើការដាំគ្មានបច្ចេកទេស ហើយដាំនៅលើគោកដូច្នេះ គឺវាអាចងាប់អសារបង់។
លោកសេង គ្រី បន្តទៀតថា ដើមរាំងទឹកជាប្រភេទព្រៃលិចទឹក មានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ត្រីពងកូន ស្លឹកធ្លាក់ចូលទឹកកើតជាចំណីត្រី ហើយបើបាត់បង់ហិនហោចដើមរាំងគ្មានព្រៃលិចទឹក មច្ឆជាតិ នឹងហិនហោច។ បច្ចុប្បន្នឈ្មួញប្រមូលទិញដើមរាំងទឹកទៅស្រុកយួន ស្ទើរគ្រប់ខេត្ត វានឹងបាត់បង់ពូជដើមរាំងទឹកដ៏កម្រនោះ ។ ដើមរាំងនេះគេដឹកតាមរថយន្តចេញពីខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ