ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងរៀបចំផែនការបែងចែកដែនអាកាសនៅកម្ពស់ចន្លោះពី ៣០០ ទៅដល់ ១ ០០០ ម៉ែត្រ សម្រាប់បម្រើឱ្យការហោះហើរតាក់ស៊ីហោះ និងដ្រូន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចលំហអាកាសកម្ពស់ទាបក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក និងបង្កើតកម្លាំងចលករសេដ្ឋកិច្ចថ្មីសម្រាប់ទីក្រុងមួយនេះ។
ប្រភពពីសារព័ត៌មាន Vietnam Express (VnExpress) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្លង់មេនៃលំហអាកាសកម្ពស់ទាបនេះ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេចក្តីព្រាងផែនការមេឆ្នាំ ២០២៥-២០៥០ របស់ទីក្រុងហូជីមិញ មកជាមួយចក្ខុវិស័យវែងឆ្ងាយរហូតដល់ ១០០ ឆ្នាំ ហើយបច្ចុប្បន្នកំពុងដាក់ជូនសាធារណជនដើម្បីប្រមូលមតិកែលម្អ។ ក្រុមអ្នករៀបចំផែនការចង់ប្រែក្លាយសេដ្ឋកិច្ចលំហអាកាសកម្ពស់ទាបនេះ ទៅជាវិស័យបច្ចេកវិទ្យាថ្មីដ៏សំខាន់មួយ ដោយបើកចំហដែនអាកាសមានកម្ពស់ទាបជាង ១ ០០០ ម៉ែត្រ សម្រាប់តាក់ស៊ីហោះ និងដ្រូន ដើម្បីដឹកអ្នកដំណើរ និងទំនិញកាត់តាមទីប្រជុំជន ព្រមទាំងគាំទ្រដល់សេវាកម្មពាណិជ្ជកម្មនានាផងដែរ។
នៅក្នុងសំណើនេះ ក្រុមប្រឹក្សាផ្នែករៀបចំផែនការបានផ្តល់យោបល់ថា ដើម្បីឱ្យគម្រោងនេះដំណើរការទៅបាន ទីក្រុងហូជីមិញត្រូវការរៀបចំប្រព័ន្ធគាំទ្រសំខាន់ៗ ដូចជា ប្រព័ន្ធឌីជីថលគ្រប់គ្រង និងសម្របសម្រួលការហោះហើររបស់ដ្រូន និងតាក់ស៊ីហោះ ព្រមទាំងមជ្ឈមណ្ឌលទិន្នន័យស្វ័យប្រវត្តិ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់បញ្ជាចរាចរណ៍តាមពេលវេលាជាក់ស្តែង ជាមួយបណ្តាញទូរគមនាគមន៍ល្បឿនលឿន និងប្រព័ន្ធរុករកតាមផ្កាយរណបដែលមានភាពជាក់លាក់ខ្ពស់។ លើសពីនេះទៀតគឺ ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធដែលរចនាឡើងជាពិសេសសម្រាប់ការហោះឡើង និងចុះចត។
ក្រោមផែនទីបង្ហាញផ្លូវនឹងអនុវត្តជាដំណាក់កាល ពោលក្នុងចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៧ នឹងផ្តោតលើការបង្កើតក្របខ័ណ្ឌច្បាប់ ការបើកដំណើរការកម្មវិធីសាកល្បង ក៏ដូចជា រៀបចំតំបន់ដែនអាកាសកម្រិតទាបជាផ្លូវការ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ជាមូលដ្ឋាន និងការអនុវត្តកម្មវិធីសាកល្បង។ នៅចន្លោះឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣០ ទីក្រុងហូជីមិញមានបំណងពង្រីកប្រតិបត្តិការពាណិជ្ជកម្មលើវិស័យថែទាំសុខភាព ការសង្គ្រោះបន្ទាន់ ការដឹកជញ្ជូនសាធារណៈ កសិកម្ម និងការដឹកជញ្ជូនទំនិញ។ ក្រោយឆ្នាំ ២០៣០ គឺជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ដោយទីក្រុងគ្រោងនឹងធ្វើឱ្យសេវាកម្មសេដ្ឋកិច្ចលំហអាកាសកម្ពស់ទាបនេះមានភាពសម្បូរបែប និងក្តោបក្តាប់បច្ចេកវិទ្យាស្នូលក្នុងស្រុកតែម្តង៕



ចែករំលែកព័តមាននេះ