ទីក្រុងប៉េកាំង៖ ខ្យល់ព្យុះសូដែល (Saudel) ដែលមានកម្លាំងបោកបក់កម្រិតមធ្យមចាប់ផ្ដើមរំកិលខ្លួនឆ្ពោះទៅប្រទេសជប៉ុនភាគខាងត្បូង និងកោះតៃវ៉ាន់ភាគខាងជើងនៅថ្ងៃនេះ។ គេព្យាករថាខ្យល់ព្យុះនេះនឹងបង្កជាភ្លៀងធ្លាក់ខ្លាំង។ កោះតៃវ៉ាន់ប្រកាសថានៅលើទឹកដីរបស់ខ្លួនមានមនុស្សស្លាប់ម្នាក់ និងបាត់ខ្លួន៤នាក់នៅក្នុងកាលៈទេសៈផ្សេងៗគ្នានៅភាគខាងត្បូង និងភាគខាងកើត។ ទីភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថាអាចនឹងមានខ្យល់កន្ត្រាក់បក់កម្ទេចអ្វីៗដែលនៅពីមុខវានៅពេលខ្យល់ព្យុះសូដែលបក់ទៅប្រជុំកោះភាគនិរតីនៃខេត្តអូគីណាវ៉ា ហើយវាក៏បង្កជាខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ។

ខ្យល់ព្យុះនេះបក់សន្សឹមៗនៅក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កើនល្បឿនដល់១៦២-២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ភ្នាក់ងារឧតុនិយមអំពាវនាវឱ្យប្រជាជនដែលរស់នៅតំបន់មុខខ្យល់ព្យុះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ដី គ្រោះទឹកជំនន់ និងការហក់ឡើងនៃកម្ពស់ទឹកទន្លេដោយសារភ្លៀងធ្លាក់ខ្លាំង។ គេរំពឹងថាខ្យល់ព្យុះសូដែលនឹងបន្តបក់ទៅកោះតៃវ៉ាន់ភាគខាងជើង ហើយនឹងនាំទៅជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រ។

ក្រឡេកទៅមើលស្ថានការណ៍នៅកោះតៃវ៉ាន់ភាគខាងត្បូង និងខាងកើត រដ្ឋាភិបាលរាយការណ៍ថាមនុស្សម្នាក់ស្លាប់ និងបួននាក់បាត់ខ្លួនដោយសារវិសម្ពាធខ្យល់ត្រូពិចដែលនាំមកនូវទឹកជំនន់លិចទីក្រុងមួយចំនួនដូចជាថៃណាន និងកៅសឹងដែលមានមនុស្សរស់នៅជាងបួនលាននាក់។ ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ កៅសឹងទទួលបានរបបទឹកភ្លៀងជិតមួយម៉ែត្រ។ នេះជាកម្រិតទឹកភ្លៀងដែលច្រើនជាងភ្លៀងបង្កឡើងដោយខ្យល់ព្យុះមរកតកាលពីឆ្នាំ២០០៩ទៅទៀត។ ខ្យល់ព្យុះកាលណោះសម្លាប់មនុស្ស៧០០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់៣ពាន់លានដុល្លារ។

គេព្យាករថាខ្យល់ព្យុះសូដែលនឹងបក់ទៅខេត្តហ្វ៊ូចៀននៃប្រទេសចិនភាគខាងកើតចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រសប្ដាហ៍នេះ។ មជ្ឈមណ្ឌលព្យាករអាកាសធាតុលំហសមុទ្របានចេញសេចក្ដីព្រមានពណ៌ទឹកក្រូចដែលជាកម្រិតអាសន្នខ្ពស់លំដាប់ទី២ដើម្បីឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះរលកសមុទ្រខ្ពស់ៗ។ មជ្ឈមណ្ឌលនេះអះអាងថារលកសមុទ្រកម្ពស់១២ម៉ែត្រអាចនឹងកើតមាននៅភាគខាងកើតនៃសមុទ្រចិនខាងកើត៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ