ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេហក់ឡើងបុ.កបាក់ច្រាំងនៅស្រុកក្រូចឆ្មារ ប៉ះពាល់ពលរដ្ឋជិត ៣០ខ្នង ត្រូវបានប.ង្ខំចិត្ត​រុះរើជាបន្ទាន់

18 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ច្រាំង​ទន្លេ​នៅ​តែ​បន្ត​បាក់​រាល់ថ្ងៃ​នៅ​ចំណុច​ក្បាលកោះ​ក្នុងភូមិ​កោះ​បី​ពៃ ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ក្នុង​រដូវវស្សា​​ខណៈ​ទឹកទន្លេ​បាន​ហក់​ឡើង​រាល់ថ្ងៃ​។ ផ្ទះក្បឿង​តូច​ធំ​ម្នាក់​ៗ​ភ័យ​ព្រលឹង​នៅ​ចុង​សក់​ស្ទើរតែ​រុះរើ​មិន​ទាន់​ដែល​មក​ដល់​ពេល​នេះ​គឺ​ផ្ទះ​ជិត ៣០​ខ្នង​ហើយ​ត្រូវ​បាន​រុះ​ទៅ​កន្លែង​សុវត្ថិភាព​ឆ្ងាយ​ពី​ច្រាំង​ទន្លេ​។

លោក​ខូ​វ អ៊ មេឃុំ​កោះ​ពីរ មាន​ប្រសាសន៍​ឲ្យ​ដឹង​មាន​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤​ថា​: ទឹកទន្លេ​នៅ​ឆ្នាំ​នេះ​មាន​សភាព​ប្លែក​ជាង​បណ្ដា​ឆ្នាំ​ណា​ៗ​ទាំងអស់​ដោយ​ចរន្ត​ទឹកបាន​ហូរ​បុក​ចំ​ក្បាលកោះ ជា​ហេតុ​បណ្ដាល​ឱ្យ​បាក់​ច្រាំង​រាល់ថ្ងៃ សូ​ម្បី​តែ​ផ្លូវ​បេតុង​ប្រើប្រាស់​មូលនិធិ​ឃុំ​ប្រវែង​ជាង​១០០ ម៉ែត្រ ត្រូវ​បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ហើយ​លំនៅ​ឋាន​ពលរដ្ឋ​នៅ​កោះ​បី​ពៃ
ត្រូវ​បាន​បង្ខំចិត្ត​រុះរើ​ជា​បន្ទាន់ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ជា​មិន​ខាន​។

លោក​មេឃុំ​កោះ​ពីរ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​ច្រាំង​ទន្លេ​បាន​បាក់​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅ​ឋាន​ពលរដ្ឋ ដោយ​ក្នុង​នោះ​បាន​កើនឡើង​ដល់​ចំនួន​២៩​ខ្នង​ស្មើ​២៩ ម្ចាស់ ត្រូវ​បាន​រុះរើ​ទាន់​ពេលវេលា ។

ហើយ​មានគ្រួសារ​ខ្លះ​ដែល​មិន​មាន​ដី​សម្រាប់​សង់​លំនៅ​ឋាន​បាន​លក់​ផ្ទះ​ឈើ​បួន​ទៅ​ប្រាំ​ខ្នង​ឲ្យ​ទៅ​អ្នក​ដទៃ​ដោយ​ក្នុង​មួយ​ខ្នង​លក់​បាន​ជាង​១០០០​ដុល្លារ ហើយ​សមាជិកគ្រួសារ​ខ្លះ​ត្រូវ​បាន​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រស់នៅ​ជាមួយ​កូន​ៗ​នៅ​ខេត្ត​ដទៃ​ឆ្ងាយ​ពី​ខេត្ត​ត្បូងឃ្មុំ ។ ​ក្រៅពី​នេះ​ក៏​មាន​លំនៅ​ដ្ឋា​ន​ចំនួន​២៦​ខ្នង​ទៀត បាន​ត្រៀមលក្ខណៈ​ក្នុង​ការ​រុះ​មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ទេ អាជ្ញាធរ​មូលដ្ឋាន​មាន នគរបាល​ប្រជា​ការពារ កងរាជអាវុធហត្ថ បាន​ត្រៀមកម្លាំង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​។

លោក​មេឃុំ​កោះ​ពីរ​បញ្ជាក់​ថា ដោយសារ​តែ​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​អាជ្ញាធរ​បាន​ស្នើ​សុំ​មក​ថ្នាក់​ស្រុក ខេត្ត​និង​ក្រសួង​ហិរញ្ញវត្ថុ នៅ​ក្នុង​ឆ្នាំ​២០២៧ និង​មាន​គម្រោង​សម្រាប់​ជួសជុល​ច្រាំង​ទន្លេ​ដែល​បាន​បាក់​ស្រុត​។​ចាប់តាំងពី​ពេល​ដែល​ទឹក​ឡើង​មក​នៅ​កោះ​ពីរ​នេះ​សរុប​ច្រាំង​ដែល​បាក់​ចូល​ខ្ទង់រយ​ម៉ែត្រ​មក​ក្នុង គឺ​បាន​បាក់​មក​ដល់​ត្រង់​ផ្នែក​កណ្ដាល​កោះ ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​គឺ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេល​។

សូម​បញ្ជាក់​ថា​ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​រុះរើ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ផង​ដែរ​ ៕