រាជធានីភ្នំពេញ ៖ កម្មកររោងចក្រ ពោះម៉ាយម្នាក់ មានអាការៈមិនស្រួលខ្លួនវិលមុខ ក៏បានលេបថ្នាំ បន្ទាប់មកទៅអង្គុយលេងលើគ្រែផ្ទះអ្នកជិតខាង និងបានឲ្យក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ ដែលជាកូនអ្នកជិតខាងនោះ ជួយគក់ច្របាច់ឲ្យ ។ លុះបានមួយសន្ទុះក្រោយមក អាការៈជំងឺវិលមុខកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ប្រកាច់ធ្លាក់ពីលើគ្រែ បណ្ដាលឲ្យស្លាប់បានបង់ជីវិតភ្លាមៗ ទោះបីជាម្ចាស់ផ្ទះ និងអ្នកភូមិជួយសង្គ្រោះបឋមក៏ដោយ ប៉ុន្តែអ្វីៗបានហួសពលបាត់ទៅហើយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសពោះម៉ាយខាងលើនោះឈ្មោះឡុញ រិត ហៅម៉ាប់ អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ គាត់បានលែងលះគ្នាជាមួយប្រពន្ធច្រើនឆ្នាំមកហើយ មានស្រុកកំណើតនៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ បុរសនោះបានទៅធ្វើការរោងចក្រជាធម្មតា រហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែល ក្រោយពេលសម្រាកហូបបាយថ្ងៃត្រង់ ដោយមិនសូវស្រួលខ្លួនវិលមុខគាត់ក៏បានសុំច្បាប់រោងចក្រឈប់សម្រាក១កំណាត់ថ្ងៃ ។ បន្ទាប់មកគាត់ក៏បានលេបថ្នាំ និងបានទៅអង្គុយលេងលើគ្រែផ្ទះអ្នកជិតខាងខាងលើ ដែលគាត់តែងតែទៅអង្គុយលេងកន្លងមក ហើយបានឲ្យក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ ដែលជាកូនចៅអ្នកជិតខាងនោះជួយគក់ច្របាច់ឲ្យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែប្រកាច់រឹងថ្គាមខាំធ្មេញជាប់ហាមាត់ពុំរួច និងបែកពពុះមាត់ធ្លាក់ពីលើគ្រែ ខណៈនោះក្មេងប្រុសដែលគក់ច្របាច់ឲ្យនោះ បានរត់ទៅប្រាប់ឪពុកម្ដាយរបស់ខ្លួនឲ្យទៅជួយមើលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ។ បន្ទាប់ពីឃើញបែបនេះ ម្ចាស់ផ្ទះនិងអ្នកភូមិបាននាំគ្នាខ្លះយកប្រេងកូឡាទៅលាបត្រង់ច្រមុះ និងសៀតផ្កា និងខ្លះទៀតយកទឹកឃ្មុំនិងផ្លែក្រូចឆ្មារទៅច្រក និងគក់ច្របាច់ឲ្យបុរសនេះជាការសង្គ្រោះបឋម ប៉ុន្តែបុរសនោះបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានប្រាប់បន្ថែមទៀតថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឲ្យចុះទៅមើល ហើយនគរបាលប៉ុស្តិ៍នេះ បានរាយការណ៍ទៅកាន់នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេសនោងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ ហើយនគរបាលបានសង្ស័យថាបុរសនោះស្លាប់ដោយជំងឺលើសសម្ពាធឈាម រួចក៏បានប្រគល់សពជូនក្រុមគ្រួសារនាំយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ