រាជធានីភ្នំពេញ ៖ គ្រាន់តែដើរផ្លូវចង្អៀត ប៉ះបន្តិចបន្តួច បែរជាបង្កហិង្សា យកកែវ និងដបស្រាប វាយក្បាលជនរងគ្រោះ បណ្តាលអោយប្រេះលលាដ៏ក្បាល ទាំងកណ្តាលយប់អធ្រាត្រ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ យប់រំលងអធ្រាតឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ បានអោយដឹងថា មុនកើតហេតុ ពួកគាត់ជាមួយគ្នីគ្នាផ្សេងទៀត រួមទាំងជនរងគ្រោះបានហូបចុកចុងសប្តាហ៍ នៅក្នុងក្លឹបកម្សាន្ត Savage ជាធម្មតា ហើយសភាពពេលនោះ រាងចង្អៀតបន្តិច ។ លុះពេលនោះជនរងគ្រោះដើរក៏បានប៉ះគ្នាជាមួយជនបង្ក ហើយភ្លាមៗ ក្រុមជនបង្ក ងាកមើលមុខ ប៉ុន្តែពួកគាត់(ជនរងគ្រោះ)មិនបានចាប់អារម្មណ៍ទេ ដោយសារតែក្រុមជនបង្ក មុនមើលមុខ ក៏បានដើរទៅជល់កែវ នៅតុប្អូនៗរបស់គាត់ផងដែរ ។ ស្របពេលនោះ ជនបង្ក បានយកកែវស្រាទៅវាយក្បាលជនរងគ្រោះ ទើបមានការឃាត់បំបែក ។
ប្រភពដដែលបន្តថា ដោយសារមិនចង់មានរឿងវែងឆ្ងាយ ក្រុមរងគ្រោះ បាននាំគ្នាចេញមកក្រៅ រួចប្រាប់សន្តិសុខហាង ដើម្បីអោយហៅក្រុមជនបង្ក ចុះចចារគ្នា ព្រោះមិនចង់បញ្ហាវែងឆ្ងាយ។ ប៉ុន្តែនៅពេលក្រុមជនបង្កចុះមក មិនបានសួរនាំច្រើននោះទេ បែរជាប្រើពាក្យថា «ឥឡូវអ្ហែងចង់ម៉េច ? អត់អស់ចិត្តមែន ? » ។ ខណៈនោះ ជនដៃដល់ម្នាក់ទៀត ពាក់អាវពណ៌ខ្មៅ កាន់ដបស្រាក្នុងដៃ បានវាយក្បាលជនរងគ្រោះ កំពុងអង្គុយចចារនោះ បង្កអោយរងរបួសប្រេះលលាដ៏ក្បាលតែម្តង ។
បន្ទាប់ពីកើតហេតុ ក្រុមជនបង្ក ត្រូវបានសន្តិសុខក្លឹបកម្សាន្ត Savage ជម្លៀសក្រុមបង្កចេញពីកន្លែងកើតហេតុ តែម្តង ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ច នាំយកទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ចាត់ការតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា យោងតាមការបង្ហោះលើផេកហ្វេសប៊ុករបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអោយដឹងថា នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦នេះ «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះ នឹងដប វេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិត ចូលប្រទេសវៀតណាមហើយ។ សមត្ថកិច្ចយើងខ្ញុំ មិនដកដៃក្នុងការតាមចាប់ខ្លួនជនខាងនោះទេ (បើបក្ខពួក និងក្រុមគ្រួសារជននេះហៅឱ្យមកចូលខ្លួនកន្លែងសមត្ថកិច្ចមក) មិនអាចរត់គេចខ្លួន បានមួយជីវិតទេ» ៕




ចែករំលែកព័តមាននេះ