ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​​ដែល​រង​ផល​ប៉ះពាល់​​​ពីការ​ធ្វើ​​​រង្វង់​មូល​​នៅតែ​ព្រួយ​បារម្ភ​​ពីសំណង

13 ឆ្នាំ មុន

​ខេត្តប៉ៃលិន​ ៖ ​​ប្រជា​ពលរដ្ឋ​​​​មួយ​ចំនួន​​ដែល​​រង​ផល​ប៉ះពាល់​​​​ដោយ​​សារ​​​ការ​ពង្រីក ​​ដី​​ចំណី​​ផ្លូវ​​​លេខ​​៥៩​ ធ្វើ​រង្វង់​មូល​ ចំកណ្តាល​​ទីរួម​ស្រុក​សាលា​ក្រៅ​​ ​នៅ​​តែ​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ប្រាក់​សំណង​​ ខណៈ​ដែល​​​​គ្រឿង​​​​ចក្រ​​ជាច្រើន​​គ្រឿង​របស់​​ក្រុម​ហ៊ុន​​​​ចិន​ចាប់​​​ ផ្តើម​​​ធ្វើ​ការ​​ឈូស​ឆាយ​​ដី​នៅ​ចំណុច​​​រង្វង់​មូល​នេះ​កាលពី​​ថ្ងៃទី​៩ ​​ សីហា ក្រោម​គម្រោង​​​អភិ​វឌ្ឍន៍របស់​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ លើ​ផ្លូវ​

ខេត្តប៉ៃលិន​ ៖ ​​ប្រជា​ពលរដ្ឋ​​​​មួយ​ចំនួន​​ដែល​​រង​ផល​ប៉ះពាល់​​​​ដោយ​​សារ​​​ការ​ពង្រីក​​ដី​​ចំណី​​ផ្លូវ​​​លេខ​​៥៩​ ធ្វើ​រង្វង់​មូល​ ចំកណ្តាល​​ទីរួម​ស្រុក​សាលា​ក្រៅ​​ ​នៅ​​តែ​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ប្រាក់​សំណង​​ ខណៈ​ដែល​​​​គ្រឿង​​​​ចក្រ​​ជាច្រើន​​គ្រឿង​របស់​​ក្រុម​ហ៊ុន​​​​ចិន​ចាប់​​​ផ្តើម​​​ធ្វើ​ការ​​ឈូស​ឆាយ​​ដី​នៅ​ចំណុច​​​រង្វង់​មូល​នេះ​កាលពី​​ថ្ងៃទី​៩ ​​ សីហា  ក្រោម​គម្រោង​​​អភិ​វឌ្ឍន៍របស់​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ លើ​ផ្លូវ​ជាតិ​លេខ​​​៥៩​ ដែល​ជា​ផ្លូវ​ក្រវាត់​​ព្រំដែន​ ចាប់​ពី​​ខេត្ត​ប៉ៃលិន​​ ឆ្លង​កាត់​​ខេត្ត​បាត់​ដំបង ភ្ជាប់​ទៅ​​កា​ន់​ខេត្ត​​បន្ទាយ​មានជ័យ ។

ប្រជា​ពលរដ្ឋ​​ដែល​រង​​ផល​ប៉ះពាល់​​ គឺ​អ្នក​ស្រី​​ប៉ាល់ ​នាត អាយុ​​៤៧ឆ្នាំ ​រស់​នៅ​​ភូមិ​លាវ ឃុំ​សាលា​ក្រៅ ​បាន​ប្រាប់​​កោះ​សន្តិភាព​​​កាលពី​​​ព្រឹក​ថ្ងៃទី​​១០ សីហា​ថា​ ​ការ​ពង្រីក​​​​ចំណី​​​ផ្លូវ​​​ធ្វើ​​រង្វង់​មូល​​នេះ​​​បាន​​ប៉ះ​ពាល់​​ដីលំនៅ​ឋាន​​​ និង​សំណង់​លំនៅ​ឋាន​​​​របស់​​អ្នក​ស្រី​​ ហើយ​អាជ្ញា​ធរ​​​បាន​ចេញ​​តារាង​​វាយ​​តម្លៃ​​​សងការ​ខូចខាត​​​​ថ្លៃ​​​រុះរើ​​​សំណង់​តែចំនួន​៤៨០​​ដុល្លារ​ ឯថ្លៃ​​ប៉ះពាល់​​​ដី​គេ​មិន​សង​ទេ ដោយ​អះអាង​​​ថា​ជា​​ដីចំណី​​​ផ្លូវ​​។ ​ អ្នក​ស្រី​​និយាយ​ថា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សំណង​​​៤៨០​​ដុល្លារ​ ជា​ថ្លៃរុះរើ​​លំនៅ​ឋាន​​​ក៏​មិន​ឃើញអាជ្ញាធរ​​ប្រគល់​​​ឱ្យ​អ្នក​​ស្រី​ដែរ ខណៈ​​ក្រុម​ហ៊ុន​ចិន​​ចាប់​ធ្វើ​ការ​​ឈូសឆាយ​​ទៅ​ហើយ​​នោះ ។ អ្នក​ស្រី​​ស្នើ​ឱ្យ​​មានការ​​សង​សំណង​លើ​ផល​ប៉ះ​ពាល់​​នេះ​សិន ព្រោះ​អ្នក​ស្រី​ត្រូវ​ការ​ប្រាក់​​នេះ​និង​សំណង​​ថ្លៃ​ដីលំនៅ​ឋាន​​ខ្លះ​ផង ។

ដោយ​ឡែក​​​ លោក​យិន រិទ្ធ ​អាយុ​៤១ឆ្នាំ ដែល​ប៉ះពាល់​ដីលំនៅ​ឋាន​​​ដែរ​នោះ​ ​បាន​​និយាយ​ថា ការពង្រីក​រង្វង់​មូល​​ប៉ះដី​​គាត់​​​ជម្រៅ​ប្រហែល​​ជិត​១០ម៉ែត្រ​ ហើយ​ប៉ះលើ​​ផ្ទះ​​​គាត់​​ទាំងស្រុង​ ឯអាជ្ញាធរ​​​បាន​ចេញ​តារាង​​វាយ​តម្លៃ​​ផល​ប៉ះ​ពាល់​​​សង​តែថ្លៃ​រុះរើ​លំនៅ​ឋាន​​​ចំនួន​​​២.៥០០​​​ដុល្លារ តែមាន​តែនៅ​លើ​ក្រដាសប៉ុណ្ណោះ​ ធាតុ​ពិត​​​មិន​​ដឹង​​ប្រាក់​សំណង​​នោះ​​នៅឯណា​​ឡើយ។  គាត់​ត្រូវ​ការ​សំណង​​​នេះ​ដើម្បី​​រកទិញ​ដីសង់​​លំនៅ​ឋាន​​នៅ​កន្លែង​​​ផ្សេងទៀត​ ព្រោះ​​ពេល​នេះ​លំនៅ​ឋាន​​​គាត់​ត្រូវ​​​គេ​រុះ​រើ​អស់​ហើយ​​ ហើយ​គ្រួសារ​​​គាត់​គ្មាន​កន្លែង​​ជ្រក​​នៅ​ឡើយ ​។ លោក​យិន រិទ្ធ​ ​​​បញ្ជាក់​ថា ប្រជា​​ពលរដ្ឋ​​​ដែល​ប៉ះ​ពាល់​​ដោយ​សារ​ការ​ពង្រីក​​​ដី​ធ្វើ​រង្វង់​មូល​​ចំកណ្តាល​​​ទីរួម​​ស្រុកសាលា​​​ក្រៅ​នេះ​ ​មាន​ចំនួន​​ប្រហែល​​៨គ្រួសារ​​ សុទ្ធតែ​​មាន​ប័ណ្ណ​​កាន់​​​កាប់​ដី​​​ស្រប​ច្បាប់​​ តែមិន​ទាន់​មាន​សំណង​​មួយ​​​សេន​​ពី​អាជ្ញាធរ​​ទេ ហើយ​ពេល​នេះ​​ក្រុមហ៊ុន​​​កំពុង​​​ឈូសឆាយ​​កន្លែង​ធ្វើ​រង្វង់​មូល​​​នេះ​ហើយ​។ ដូច្នេះ​ រូប​លោក​​​ក៏​ដូច​ប្រជាពលរដ្ឋ​​ដែល​រង​ការ​ប៉ះពាល់​​ទាំងអស់​សំណូម​ពរ​​​ដល់​​អាជ្ញាធរ​​​ខេត្ត​មេត្តា​​គិតគូរ​​​​​ប្រាក់​សំណង​នេះ​ផង​ ព្រោះ​​ពួក​​គាត់​ត្រូវ​ការ​​ប្រាក់​​​នេះ​ដើម្បី​​សាង​សង់​​លំនៅ​ឋាន​​​​ថ្មី​ទៀត​ ។

ឆ្លើយ​តប​ទៅ​នឹង​​ការ​លើក​ឡើង​​​របស់​ប្រជា​ពលរដ្ឋ​​ខាង​លើ​​ ​អភិបាល​​ខេត្ត​ប៉ៃលិន​ ​​លោក​ អុី​ឈាន បាន​បំភ្លឺ​ប្រាប់​កោះ​សន្តិភាព​​​តាម​​ទូរស័ព្ទ​​​កាលពី​ព្រឹក​​ថ្ងៃទី​​១០ សីហាថា ​កន្លងមក​​ប្រជា​ពលរដ្ឋ​​​​រង​​​ការ​ប៉ះពាល់​​​​លំនៅ​ឋាន​​ដោយ​​ការ​អភិ​វឌ្ឍ​​ផ្លូវ​​ជាតិ​លេខ​៥៩ ​ដែល​​​មាន​​​លក្ខណៈ​​តិចតួច​​គឺខាង​​​ខេត្ត​បាន​ជួយ​​ចេញ​សំណង​​​​ខ្លះ​ហើយ ​ប៉ុន្តែ​ បើ​ប្រជាពលរដ្ឋ​​​ដែល​​ប៉ះ​ពាល់​​​ច្រើន​ គឺយើង​​រង់​ចាំខាង​ក្រសួង​ជាអ្នក​សម្រេច​ ។ ​លោក​​​បញ្ជាក់​​ថា ការ​​ដោះស្រាយ​​​នេះ​មិន​យូរទេ ដូច្នេះ​​សូម​ប្រជា​ពលរដ្ឋ​​​ដែល​មាន​តារាង​​​វាយ​តម្លៃ​​ការខូចខាត​​ហើយ​នោះ សូម​បងប្អូន​រង់​ចាំ​បន្តិច​សិន​ទៅ ។ លោក​អភិបាល​​​ខេត្ត​ បាន​​ពន្យល់​ដល់​​ប្រជាពល​រដ្ឋ​ទាំង​នោះ​ថា ក្រុមហ៊ុន​ចិន​មាន​ពេល​កំណត់​​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ​នេះ​ ដូច្នេះ​​ក្រុម​ហ៊ុន​ត្រូវតែ​​ធ្វើ​សកម្ម​ភាព​​ ហើយ​យើង​​មិន​អាចធ្វើ​ឱ្យ​ការងារ​​អភិវឌ្ឍ​ជាតិ​មាន​ការ​រាំងស្ទះ​ទេ  ។ លោក​បញ្ជាក់​ទៀត​ថា ​ការពង្រីក​​ធ្វើ​​រង្វង់​មូល​​នៅចំកណ្តាល​ទីប្រជុំ​ជន​​​ស្រុក​​សាលា​ក្រៅនេះ​គឺ​ចាំបាច់​បំផុត​ ដើម្បី​កែលម្អ​​សោភ័ណ​ភាព​​ផ្លូវ​និង​ដើម្បី​បញ្ចៀស​​​​​បញ្ហា​​កក​ស្ទះ​ចរាចរណ៍​ផង ព្រោះ​​ជាចំណុចផ្លូវបំ​បែក​ជា៤​​ ម្យ៉ាង​​​ទៀត ​វាជា​​គម្រោង​​​​អភិវឌ្ឍ​ន៍​ប្រទេស​​ជាតិ​​​របស់​រាជ​រដ្ឋា​ភិបាល​ ។

សូមបញ្ជាក់​ថា  ​ត្រង់​ចំណុច​​​ផ្លូវ​​បំបែក​​ជា៤​ ចំកណ្តាល​ទីរួម​ស្រុក​សាលា​ក្រៅ​​ ដែលត្រូវ​​ធ្វើ​​រង្វង់​មូល​​នេះ ​កន្លងមក​​​ជាផ្សារ​ដែលក្រុម​អាជីវ​ករ​​​​សង់​ជាតូប​តូចៗលក់​ដូរយ៉ាង​អនាធិបតេយ្យ​​​ រំលោភ​​​លើ​ចំណី​​ផ្លូវ​មួយចំនួន ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​​បាន​ចេញ​​​អាជ្ញាប័ណ្ណ​​​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​សាងសង់​​ផ្សារ​​ថ្មី ដែល​ស្ថិត​​នៅ​​ខាងជើង​ផ្សារ​ចាស់​​នេះ ប្រហែល​៥០០​ម៉ែត្រ​។  ក្នុង​អំឡុង​​​​ដើម​ឆ្នាំ​​២០១០ ផ្សារឯកជន​​​​ថ្មីនេះ បាន​សាង​សង់​​រួចរាល់​ ហើយ​អាជ្ញាធរ​​ក៏​ចាប់​ផ្តើម​​ប្រកាស​ឱ្យ​អាជីវករ​ទាំងអស់​​​ទៅលក់​​ដូរ​នៅ​​ផ្សារ​​ឯកជន​ខាង​លើ​ ដែល​អាជីវករ​​អះអាង​​ថា ​មាន​តម្លៃ​​​តូប​ខ្ពស់។ ការបង្ខំ​​របស់​អាជ្ញាធរ​​ បាន​ធ្វើ​ឱ្យ​​​ផ្ទុះ​ប្រតិ​កម្ម​​​​តវ៉ា​​ឥត​ឈប់​​ឈរ​ពីក្រុម​អាជីវករ ហើយ​រហូត​មក​​ដល់​ពេល​​​នេះ ផ្សារឯកជន​នៅតែស្ថិត​​ក្នុង​ស្ថាន​ភាព​​ស្ងាត់​​ជ្រងំ​នៅ​ឡើយ ។

ដូច្នេះ​ វិធានការ​របស់​​​អាជ្ញាធរ​​ទំនង​មាន​​តែ​ការ​ពឹង​ផ្អែក​​​លើ​​គម្រោង​អភិវឌ្ឍន៍​​ពង្រីក​​ដីចំណី​​ផ្លូវ​​ធ្វើ​រង្វង់​មូល​​ឱ្យ​មាន​ទំហំ​​ធំ​ហ្នឹង​ហើយ ទើប​អាចលុប​បំបាត់​ផ្សារ​​អនាធិបតេយ្យ​​នេះ​បាន​ ហើយ​​ពេល​នោះ​​គេយល់​​ថា ក្រុម​អាជីវករ​​នឹង​​ចូលទៅលក់​ក្នុង​​​ផ្សារ​​ឯកជន​​​យ៉ាង​ងាយ​​ដោយ​មិន​ចាំបាច់​​បង្ខំ​​ឡើយ ៕