ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​និង​មេព្រៃ​ស្ទាក់​ចាប់​ឡាន​ដឹក​បទល្មើស​ព្រៃឈើ រឹប​អូស​​ឈើ​ធ្នង់​ជាង​១​ម៉ែត្រគូប

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រថយន្ត​មួយ​គ្រឿង និង​ប្រភេទ​ឈើ​ធ្នង់​ជាង​មួយ​ម៉ែត្រគូប ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្ទាក់​ចាប់​បាន​នៅ​តំបន់​ជាយ​ដែន កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។

គេ​មិន​បាន​និយាយ​ពី​ប្រភព​នៃ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ដែល​ត្រូវ​ស្ទាក់​ចាប់​បាន​នោះ​ទេ ប៉ុន្តែ​រថយន្ត​ស៊េរី​កញ្ចាស់​មួយ​គ្រឿង​នោះ ស្ថិត​ក្នុង​ការ​គួរ​ឲ្យ​សង្ស័យ ទើបត្រូវ​មន្ត្រី​ព្រៃឈើ និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន ដេញ​ស្ទាក់​ចាប់​បាន ឆែក​រក​ឃើញ​ឈើ​ជា​ច្រើន​កំណាត់​ដឹក​ក្នុង​រថយន្ត​នោះ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​បទល្មើស​ព្រៃឈើ​នោះ ម៉ាក​កា​មេ​រី​ស៊េរី​ចាស់ ពាក់​ស្លាក​លេខ ព្រៃវែង​.2A-0637 អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ទាំង​ព្រឹក ពេល​ត្រូវ​សមត្ថកិច្ច​បើករថយន្ត​ប្រដេញ​ទាន់ ។ សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ឈើ​ប្រភេទ​ធ្នង់​ចំនួន​៤៦​ដុំ ស្មើនឹង​១.២១​ម៉ែត្រគូប ។

បើ​តាម​ប្រភព​ព័ត៌មាន​ដែល​និយាយ​ពី​ជនល្មើស ឆក់​ឱកាស​ដឹក​ជញ្ជូន​បទល្មើស​ព្រៃ​នៅ​ស្រុក​ជាប់​ជាយ​ដែន​ខ្មែរ​-​ថៃ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ ទំនង​ដឹកឈើ​ចេញពី​រោង​សិប្បកម្ម ឬ​ចេញពី​ឃ្លាំង​ស្ដុក​ទុក​នៅ​កន្លែង​ណាមួយ​នៅ​តាម​តំបន់​ព្រ​ដែន ។ ព្រោះ​បច្ចុប្បន្ន ពួក​ឈ្មួញ​នៅ​មាន​លាក់​ឈើ​ប្រណីត​ៗ នៅ​ក្នុង​ឃ្លាំង ឬ​នៅ​តាម​សិប្បកម្ម​នានា ក្នុងស្រុក​ជាប់​ព្រំដែន ។

សមត្ថកិច្ច​មិន​បាន​បង្ហាញ​ពី​ប្រភព​ឈើ​នេះ​ទេ ព្រោះ​ចាប់​បាន​តែ​រថយន្ត និង​ឈើ​ចំនួន​៤៦​ដុំ រីឯ​អ្នកបើកបរ​រថយន្ត​ដឹកឈើ​បាន​រត់គេច​ខ្លួន ។ ក្រោយ​ត្រួតពិនិត្យ ទាំង​រថយន្ត ទាំង​កំណាត់ឈើ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​រក្សា​ទុក និង​ចាត់ការ​តាម​នីតិវិធី ៕