ខេត្តកំពង់ស្ពឺ ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែលើដីអាចម៍បំណះពុំទាន់ស្ទូងនៅភូមិផ្សារចាស់ ខាងត្បូងវត្តម្រុំថ្មី ចម្ងាយប្រមាណ៥០០ម៉ែត្រ ខណៈដែលគាត់ខំប្រឹងដើរដកម្អមយកទៅលក់ហើយត្រូវខ្យល់គរឆក់យកជីវិតគាត់គ្មានប្រណី ។ សពត្រូវបានអ្នកភូមិប្រទះឃើញនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ សីហា ពេលទៅភ្ជួរស្រែនិងស្ទូងនៅទីនោះ ។
មន្ត្រីប៉ូលិសរួមទាំងមន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមន ដែលចុះទៅធ្វើការត្រួតពិនិត្យសពបានឱ្យដឹងថា ស្ត្រីចំណាស់រូបនេះឈ្មោះស៊ីម មន អាយុ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយក្មួយស្រីឈ្មោះសៀង សំអាង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
អ្នករស់នៅក្បែរខាងបានបញ្ជាក់ថា ទោះបីគាត់(សព)រស់នៅជាមួយក្មួយស្រីពិតមែន តែគាត់មានចិត្តតែងដើរដកម្អម ព្រលិត ត្រកួនយកទៅលក់បានកម្រៃ១ថ្ងៃពី៣ពាន់ទៅ៥ពាន់រៀល ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃក្មួយស្រី។ ប៉ុន្តែជាអកុសល នៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ សីហា គាត់បានចេញពីផ្ទះឯភូមិរកាធំ ដើរមកខាងត្បូងវត្តម្រុំថ្មី ក្នុងភូមិផ្សារចាស់ ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ស្រាប់តែបាត់គាត់ពេញមួយថ្ងៃ ទោះបីចៅ ក្មួយនិងអ្នកភូមិនាំគ្នាដើររកក៏រកមិនឃើញដែរ។ លុះដល់ព្រឹកថ្ងៃទី១០ សីហា ទើបអ្នកភូមិប្រទះឃើញសពគាត់ដេកស្លាប់នៅវាលស្រែនិងមានម្អមផងដែរ ។
មន្ត្រីប៉ូលិសនិងប៉េអឹមក្រុងបានធ្វើការពិនិត្យសពស្ត្រីរងគ្រោះរួចបញ្ជាក់ថា គាត់ស្លាប់ដោយសារខ្យល់គរមិនទាក់ទងនឹងករណីឃាតកម្មទេ ហើយនៅលើខ្លួនគាត់មានបន្សល់ទឹកប្រាក់ចំនួន២០ម៉ឺន២ពាន់រៀលនៅក្នុងហោប៉ៅអាវ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពនិងប្រាក់ឱ្យក្មួយស្រីឈ្មោះសៀង សំអាង យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ