ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បញ្ជូន​ខ្លួន​​ជន​ជាតិ​ចិន និង​ខ្មែរ​ទៅ​កាន់​សាលា​ដំបូង​ជុំវិញ​​សំណុំ​រឿង​​គ្រឿងផ្ទុះ

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប៉ូលិសបានចាប់បញ្ជូនខ្លួន​បុរសជនជាតិចិនម្នាក់ដែលអះអាងថា ជាបុគ្គ​លិក​របស់​ក្រុមហ៊ុនវិនិយោគតុងមិន និង​បុរស​ជនជាតិខ្មែរ​ម្នាក់​ជាម្ចាស់រថយន្ត​ទៅកាន់សាលា​ដំបូង​ខេត្ត ដើម្បីចាត់វិធានការបន្ត​ក្រោយ​ពី​ប៉ូលិស​បាន​ឃាត់ខ្លួនពួកគេ ខណៈពេលកំពុង​​ធ្វើ​សកម្មភាពដឹករំសេវ និងឧបករណ៍​គ្រឿង​ផ្ទុះ​ចំនួន​

ខេត្តក្រចេះ ៖ ប៉ូលិសបានចាប់បញ្ជូនខ្លួន​បុរសជនជាតិចិនម្នាក់ដែលអះអាងថា ជាបុគ្គ​លិក​របស់​ក្រុមហ៊ុនវិនិយោគតុងមិន និង​បុរស​ជនជាតិខ្មែរ​ម្នាក់​ជាម្ចាស់រថយន្ត​ទៅកាន់សាលា​ដំបូង​ខេត្ត ដើម្បីចាត់វិធានការបន្ត​ក្រោយ​ពី​ប៉ូលិស​បាន​ឃាត់ខ្លួនពួកគេ ខណៈពេលកំពុង​​ធ្វើ​សកម្មភាពដឹករំសេវ និងឧបករណ៍​គ្រឿង​ផ្ទុះ​ចំនួន​ជិត១តោនកន្លះ ដោយគ្មានលិខិតអនុ​ញ្ញាត​ត្រឹមត្រូវ។

ការបញ្ជូនខ្លួនបុរសទាំងពីនាក់នេះ បានធ្វើ​ឡើងកាលពីព្រឹកថ្ងៃទី១០ សីហា ក្រោយពី​កម្លាំង​នគរបាលក្រុមពិនិត្យអាវុធជាតិ​ផ្ទុះ​បាន​ចាប់​ឃាត់រថយន្តកូរ៉េ​១គ្រឿងម៉ាក​ហ៊ីយ៉ាន់​​ដាយ ចំណុះពីរតោនពាក់ស្លាកលេខ រ.០១២២ ភព៣ ដែលមានផ្ទុកសុទ្ធតែរំសេវ និងគ្រឿងផ្ទុះ​មាន​ចំនួន​ជាង​មួយតោន កាលពីយប់ថ្ងៃទី៤ សីហា នៅ​ចំណុចក្បាលស្ពានពាមទេ ក្រុង​ក្រចេះ។

បុរសទាំងពីរនាក់ដែលប៉ូលិសបានបញ្ជូនខ្លួន​ទៅកាន់សាលាដំបូង​ខេត្ត​នាព្រឹក​នោះ​ម្នាក់​ឈ្មោះ ឈិន ស៊ីន អាយុ៥១ឆ្នាំ ជនជាតិចិន កាន់លិខិត​ឆ្លង​ដែនលេខ G 33537965 ចុះថ្ងៃទី១៦ មីនា ឆ្នាំ២០០៩ ជាកម្មករក្រុមហ៊ុនចិនឈ្មោះ «ចាវ ស៊ាន» ដែលមានអាសយដ្ឋានផ្ទះលេខ៣៣ ផ្លូវ​លេខ​៤៧២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ រីឯម្នាក់ទៀតឈ្មោះឈៀក គឹម​លាង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិជ្រោយ​ថ្ម​ក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នក​បើក​បរ និងជាម្ចាស់រថយន្តខាងលើ។

លោកវរសេនីយ៍ឯក ច្រឹង ផល្លី ស្នងការរង និងជាប្រធានការិយាល័យកណ្តាលស្ថិតិអគ្គិភ័យ​បានមានប្រសាសន៍​ថា កាលពីយប់ថ្ងៃទី៤ សីហា ​កម្លាំងនគរបាល​បានធ្វើការចាប់ឃាត់រថយន្ត១​គ្រឿងនេះ និងបានឆែកឆេររកឃើញមាន​ដឹក​រំសេវ​គ្រឿងផ្ទុះមួយចំនួនធំ។ គ្រឿង​ផ្ទុះ​ទាំង​នោះ​ រួមមាន​រំសេវប្រភេទ TAN អឹមម៉ាស់​ហ្សិន ចំនួន​៥៦កេស ស្មើនឹង១.៣៥៨គីឡូក្រាម គីប​អគ្គិ​សនី N8 ចំនួន៧០៨​គីប និង​ខ្សែឆ្នួន​ផ្ទុះទម្ងន់​៥គីឡូក្រាម ដែល​ឧបករណ៍គ្រឿងផ្ទុះទាំង​នេះ​ពួក​គេបានដឹក​ជញ្ជូនដោយគ្មានច្បាប់​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់ និង​គ្មានលិខិតដឹក​ជញ្ជូន​ត្រឹមត្រូវ ដោយ​គ្រាន់តែ​បុរស​ជនជាតិចិនរូបនេះ អះអាង​ប្រាប់​សមត្ថកិច្ចថា ដឹកចេញពីក្រុមហ៊ុន​វិនិ​​យោគ​តុង​មិន ​យកទៅស្រុកឆ្លូង ខេត្តក្រចេះ។

ក្រោយពីត្រូវ​ចាប់ឃាត់ រថយន្ត និង​​រំសេវ ​នោះ​ត្រូវបានដឹកយក​មករក្សាទុក​នៅស្នងការ​ដ្ឋាន​នគរបាលខេត្ត ​ហើយ​បុរស​ទាំង​ពីរនាក់នោះ​ក៏ត្រូវបានឃាត់ខ្លួនជា​បណ្តោះ​អាសន្នដែរ។ លុះ​ដល់​ព្រឹក​ថ្ងៃទី៦ សីហា សមត្ថកិច្ចបាន​សហការ​ជា​មួយ​នឹងប៉ូលិសនាយកដ្ឋានគ្រប់គ្រងអាវុធ​ជាតិ​ផ្ទុះ​ចុះទៅពិនិត្យដល់កន្លែងស្តុក និងប្រើ​ប្រាស់​​រំសេវជាតិផ្ទុះក្នុងបរិ​វេណ​ក្រុមហ៊ុន «តុង​មិន» នៅ​​ចំណុច​គីឡូ​ម៉ែត្រលេខ​៣៣ របស់​ក្រុម​ហ៊ុន​ឈ្មោះ  ZHAO XUAN CONSTRUC-TION ENGINEERING GROUP CO.,​LTD (ចាវ ស៊ាន) ជាប់​ព្រំប្រទល់ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គិរី។ នៅ​ក្នុងទីតាំង​ខាងលើ​ឃើញ​មាន​បន្សល់បង្គោល​សម្រាប់​សង់រោងឱ្យកម្មករ​ស្នាក់​នៅបំបែក​ថ្ម​១​កន្លែង និងនៅក្បែរនោះមាន​តម្រៀប​កូន​ឈើ​ធ្វើ​ជាកំណល់សម្រាប់កល់​រំសេវ​មួយកន្លែងជាប់នឹង​ចិញ្ចើមផ្លូវ មិនស័ក្តិសម​ជា​កន្លែង​រក្សាទុក​នូវរំសេវ​ផ្ទុះមានទ​ម្ងន់​រាប់តោន​ឡើយ។

តំណាងក្រុមហ៊ុនតុងមិន​ បានធ្វើការបដិសេធ​ថា  សម្ភារគ្រឿង​​ផ្ទុះទាំងនេះគឺមិនមានជាប់ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុននោះទេ ហើយបុរស​ជា​ជន​ជាតិ​ចិន​ឈ្មោះ​ឈិន ស៊ីង ​អាយុ៥១ឆ្នាំ នេះគឺ​គ្រាន់តែ​ជាបុគ្គ​លិករបស់ក្រុមហ៊ុនចាវ ស៊ាន ដែល​​ទទួល​ម៉ៅ​​ការ​ធ្វើ​ផ្លូវ​​ប៉ុណ្ណោះ។

តាមចម្លើយរបស់បុរសជនជាតិចិនឈ្មោះ​ឈិន ស៊ីន បានឱ្យដឹង​ថា កាលពីថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០១១ ខ្លួន​បានទទួលម៉ៅការធ្វើ​ប្រឡាយ​ទឹកនិងបន្ទប់ទឹក​ឱ្យ​ក្រុមហ៊ុនចាវ ស៊ាន នៅក្នុងបរិវេណក្រុមហ៊ុនតុងមិន ដោយចំណាយ​ពេល៤៥ថ្ងៃ​។ រហូតដល់​ថ្ងៃទី១ សីហា ឆ្នាំ​២០១១ ក្រុមហ៊ុនចុងដាន បាន​ជួលឱ្យទៅ​បំបែក​ថ្មនៅចំណុចគីឡូម៉ែត្រលេខ​៣៣ ក្នុងបរិ​វេណ​ក្រុមហ៊ុនតុងមិន ។ ប៉ុន្តែ​ដោយ​ភ្លៀង​ខ្លាំង​ពេក​ធ្វើការមិនកើត ខ្លួនក៏ជួលរថយន្ត​ដឹក​រំសេវ​ទៅ​កាន់ស្រុកឆ្លូង នៅពេលដឹកមកដល់​ចំណុច​ស្ពាន​​ពាមទេ ក៏ត្រូវសមត្ថកិច្ច​ចាប់ឃាត់តែម្តង ដោយសារការដឹកជញ្ជូនពុំមានលិខិតអនុញ្ញាត។

នៅព្រឹកថ្ងៃទី៥ សីហា ក្រុមហ៊ុន ZHAO XUAN CONSTRUCTION ENGINEERING GROUP CO.,LTD (ចាវ ស៊ាន) បាន​យក​ឯកសារមួយចំនួនមកបង្ហាញ។ នៅក្នុងឯក​សារនោះគឺមានលិខិតអនុញ្ញាត​​ឱ្យ​ក្រុមហ៊ុនខាងលើ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៣ ផ្លូវលេខ៤៧២ សង្កាត់​ទួល​ទំពូង២ ខណ្ឌ​ចំការ​មន រាជធានីភ្នំ​ពេញ ​ធ្វើ​អាជីវ​កម្ម សេវា​កម្ម​បំផ្ទុះថ្ម​នៅក្នុងឃុំសំបុក និងឃុំ​ចង្រ្កង់ ស្រុក​ក្រចេះ ខេត្តក្រចេះ ហើយលិខិត​អនុញ្ញាតនេះ​ឱ្យ​ប្រើប្រាស់រំសេវគ្រឿងផ្ទុះចេញដោយ​អគ្គ​នាយក​ដ្ឋានសម្ភារបច្ចេកទេសនៃក្រសួង​ការពារជាតិ។

មានការកត់សម្គាល់ថា លិខិតអនុញ្ញាតនេះ គឺសម្រេចឱ្យក្រុមហ៊ុននេះធ្វើសេវាកម្មបំផ្ទុះ​ថ្ម​នៅ​ក្នុងឃុំសំបុក និងឃុំចង្រ្កង់ ស្រុកក្រចេះ​ ប៉ុន្តែ​​ជនជាតិចិនរូបនេះ បានយកទៅធ្វើអាជីវកម្ម​នៅក្នុងក្រុមហ៊ុនតុងមិន​ដែល​មានទីតាំងស្ថិត​នៅ​ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ​ខុសពីទីតាំង​ក្នុង​លិខិត​​អនុញ្ញាតទៅវិញ៕