ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ថ្ងៃ​ អ្នកដំណើរ៣២​នាក់ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​បាន​ថយ​ចុះ​ច្រើនបើ​ធៀប​១០​ថ្ងៃមុន

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​មាន​អ្នកដំណើរ​៣២​នាក់បាន​ស្លាប់ និង​៩៥​នាក់​ទៀត​ រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦​។ បើ​តាម​របាយការណ៍​សោកនាដកម្ម​លើ​ដងផ្លូវ​ថ្មី​ទៀត​នេះ​ បាន​កើតឡើង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​សរុប​៦៧​ករណី នៅ​ទូ​ទាំង​ប្រទេស​ ។

ប្រភព​បាន​លើក​ឡើង​ថា បើ​ធៀប​នឹង​រយៈពេល​១០​ថ្ងៃ​ដំបូង ក្នុង​ខែសីហា​ដដែល ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​រហូត​ដល់​ទៅ​២០​នាក់​។ អត្រា​ថយ​ចុះ​ករណី​ស្លាប់​នេះ ត្រូវ​បាន​ចាត់ ទុកជា​សញ្ញាណ​វិជ្ជមាន​មួយ ដែល​ទំនង​កើត​ចេញពី​ការ​ខិតខំ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​របស់​សមត្ថកិច្ច ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធំ​ៗ​ចុង​ក្រោយ និង​ក៏​ដោយសារ​ស្មារតី​ភ្ញាក់រលឹក​របស់​អ្នកបើកបរ​ ។

យ៉ាងណា​ក៏​ដោយ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពោល​គឺដើមចំ​នៃ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព បើកបរ​មិន​ប្រកាន់​ស្តាំ វ៉ា​ជែង បត់​មិន​ប្រយ័ត្ន បើកបរ​ក្នុង​ស្ថាន ភាព​ស្រវឹង មិន​គោរព​សញ្ញា​ចរាចរណ៍ និង​កត្តា​យានយន្ត​ ។

ប្រភព​បាន​បន្ថែម​ថា​ ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​១,២៧៩​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់៧៧៣​នាក់ និង​របួសធ្ងន់ ស្រាល​សរុប ១,៩៤៤​នាក់​។ មូលហេតុ ​នៃ​គ្រោះថ្នាក់​រួម​មាន បើកបរ​លើស​ល្បឿន​កំណត់ ៤៦​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព ២២​ភាគរយ មិន​ប្រកាន់​ស្ដាំ ១២​ភាគរយ ប្រជែង​គ្រោះ ថ្នាក់​៧​ភាគរយបត់​មិន​ប្រ​យ​ត្ន​៦​ភាគរយ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​៤​ភាគរយ មិន​គោរព​សញ្ញា​ចរាចរណ៍​២​ភាគរយ និង​កត្តា​យានយន្ត ១​ភាគរយ​ ៕