ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បន្ត​ផ្តល់​ផ្ទះ​ថ្មី​ចំនួន​៦​បន្ថែម​ទៀត ជូន​ដល់​គ្រួសា​រវិ​រៈ​កងទ័ព​ពលី ក្នុង​ខេត្តកំពង់ស្ពឺ

18 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ស្ត្រី​ទី​១​នៃ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី​ចំនួន​៦​ខ្នង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដល់​គ្រួសា​រវិរ​កងទ័ព​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​កំពុង​រស់នៅ​ក្នុងស្រុក​ប​សេដ្ឋ ស្រុក​សំរោង​ទង ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​និង​ស្រុក​ថ្ពង​នៃ​ខេត្តកំពង់ស្ពឺ​។​ក្នុង​ពិធី​ប្រគល់​ផ្ទះ​នោះ​ក៏​បានការ​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​និង​ប្រតិភូ​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សោកសង្រេង​បំផុត រួម​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ​ដោយ​ក្តី​បារម្ភ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​ទាំង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ​។

ក្នុង​នោះ​លោក​ជំទាវ​ក៏​បាន​ណែនាំ​និង​ផ្តាំផ្ញើ​ដល់​គ្រួសារ​នៃ​សព​វិ​រ​កងទ័ព​ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បន្ថែម លើស​ពី​នេះ​ត្រូវ​បញ្ជូន​កូន​ៗ​ឱ្យ​ចូល​សិក្សា​រៀនសូត្រ​ឱ្យ​បាន​គ្រប់​គ្នា ដោយ​លោក​ជំទាវ បាន​ធានា​ក្នុង​ការ​ជួយ​មើលថែ​ទាំ ការ​ផ្ដល់​ឱកាស​ការងារ ឬ​ការ​ជំរុញ​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​។​ទន្ទឹម​នោះ​សម្រាប់​កូន​ៗ លោក​ជំទាវ​នឹង​ជួយ​ឱ្យ​ពួក​គេ​បាន​ចូល​បម្រើកងទ័ព ពេល​ដែល​ពួក​គេ​ធំ​និង​បាន​រៀនសូត្រ​ចប់ នេះ​ប្រសិនជា​ពួក​គេ​ចង់​។

បន្ថែម​ពី​នោះ លោក​ជំទាវ​ស្ត្រី​ទី​១ បាន​ជំរុញ​និង​ផ្ដាំផ្ញើ​ដល់​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បន្ត​ចុះ​សួរសុខទុក្ខ និង​យកចិត្តទុកដាក់​នៅ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់ ជាង​នេះ​ត្រូវ​យកចិត្តទុកដាក់​ណែនាំ​ពួក​គេ ឱ្យទៅ​រក​សេវា​សុខាភិបាល ហើយ​លោក​ជំទាវ​បាន​អះអាង​ថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ជាតិ​មិន​បោះបង់​ឬ​ទុក​ពួក​គេ​ឱ្យ​នៅ​ឯកោ​នោះ​ទេ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​គិតគូរ​ដល់​ស្ថានភាព​ជីវិត​របស់​វីរ​កងទ័ព​រួម​ទាំង​ក្រុម​គ្រួសារ សម្តេច​ធិ​បតី បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធ​ជន​ពលី​ដូច​ជា​ផ្តល់​ការ​ណែនាំ​ឱ្យ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការ​ផ្តល់​អាហារូបករណ៍​ដល់​កូន​ៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ ការ​រៀបចំ​ឥណទាន​សារ​ជា​ថ្មី ការ​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ដោយ​មិន​គិត​កម្រៃ​សេវា រួម​ទាំង​ការ​ប្រគល់​ជូន​នូវ​មេដាយ​កិត្តិយស​ដល់​វីរ​កងទ័ព​ដែល​បាន​ប្រយុទ្ធ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ការពារ​ទឹកដី​។ ជា​លទ្ធផល ក្រុម​គ្រួសារ​របស់​វីរ​កងទ័ព​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​យ៉ាង​រីក​ចម្រើន បាន​រៀបចំ​ទុកដាក់​ផ្ទះសម្បែង​ដោយ​មានការ​ដាំ​ដំណាំ​ជា​ច្រើន​មុខ​នៅ​ជុំវិញ​ផ្ទះ និង​ថែម​ទាំង​បាន​បញ្ជូន​កូនចៅ​ទៅ​រៀនសូត្រ​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ក្រៅពី​ផ្តល់​ផ្ទះ​ថ្មី​៦​ខ្នង​ដល់​គ្រួសា​រវិរ​កងទ័ព​ពលី លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ស្ត្រី​ទី​១​នៃ​កម្ពុជា ក៏​បាន​ចែក​ជូន​នូវ​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​បន្ថែម​ផង​ដែរ​៕​