ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ​ពិភពលោក​មិន​នៅ​ស្ងៀម​ឡើយ ​ចំពោះ​ការ​ឈ្លាន​ពាន​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​ថៃ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិបាល​បាន​បញ្ជាក់​ថា​ ពិភពលោក​មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​ការ​ឈ្លានពាន​កាន់កាប់​ទឹកដី​កម្ពុជា ​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​ថៃ និង​​ការ​បំពាន​សិទ្ធិ​ជនភៀសសឹក​កម្ពុជា ​។

ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦​ បាន​លើក​ឡើង​ថា​សំឡេង​ការ​ពិត​ពី​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បង្ហាញ​ពី​ការ​កាន់កាប់​ទឹកដី​កម្ពុជា ​ដោយ​បំពាន​ច្បាប់​អន្តរជាតិ​ពី​សំណាក់​កងកម្លាំង​ថៃបាន​លាន់​ឮជា​បន្តបន្ទាប់​ឥត​ដាច់​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​អន្តរជាតិ​ល្បី​ៗពី​សហគមន៍​អ្នក​ស្រឡាញ់​សន្តិភាព អ្នក​ការពារ​ប្រជាជាតិ​ដែល​​រង​ការ​បំពាន និង​អ្នក​គោរព​ច្បាប់​អន្តរជាតិ ស្របគ្នា​ជាមួយ​ការងារ​ការទូត​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ បូរណ​ភាព​ទឹកដី និង​ប្រជាជន​។

ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជា​ថ្មី​ជូន​ជនរួមជាតិ​ជ្រាប​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ប្រជាជន​ជា​អាទិភាព​ខ្ពស់​បំផុត​ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុងធ្វើការ​ងារ​ការទូត​យ៉ាង​សកម្ម ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ឱ្យ​បាន​ឆាប់​តាម​មធ្យោបាយ​សន្តិវិធី​ដោយ​ផ្អែក​លើ​អនុសញ្ញា សន្ធិ​សញ្ញា និង​ច្បាប់​អន្តរជាតិ តាម​រយៈ​យន្តការ​និង​កិច្ចព្រមព្រៀង​នានា ដែល​មាន​ស្រាប់​ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដែល​ផ្តួចផ្តើម​ដោយ​កម្ពុជា​កំពុង​ដំណើរការ​ទៅ​មុខ ខណៈ​ដែល​ដំណើរការ​វាស់វែង ខ​ណ្ឌ​សីមា ​ព្រំដែន​គោក តាម​រយៈ​យន្តការ JBC  និង​ការ​វិល​ត្រឡប់​របស់​ជនភៀសសឹក​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​​ការ​ចង់បាន​របស់​សហគមន៍​អន្តរជាតិ​៕