ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារស្ទឹង​មាន​ជ័យ អាយុកាល៦៦​ឆ្នាំ មានសភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ពេលនេះ​ជួសជុល​ដំបូលថ្មី ​រយៈពេល​១១០​ថ្ងៃ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​ខណ្ឌ​មាន​ជ័យ បាន ឱ្យ ដឹង ថា រដ្ឋបាល​ខណ្ឌមានជ័យ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ឲ្យ​បាន ជ្រាប​ថា​៖ ផ្សារ​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦០ ដោយ​ដំបូល​ផ្សារ​ត្រូវ​បាន​កសាង​ឡើង អំពី​ឈើ​ប្រក់​ក្បឿង ដែល​គិត​មក​ត្រឹម​បច្ចុប្បន្ន​មាន​អាយុកាល ៦៦​ឆ្នាំ​ហើយ ដោយពេល​នេះ​ដំបូល​ផ្សារ​មាន សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​បាន​បង្ក​ការ​លំបាក និង​ហានិភ័យ​ដល់​អាជីវករ និង​អតិថិជន​ដែល​ចេញ​-​ចូល ផ្សារ​ផង​ដែរ​។

ផ្អែក​លើ​មូលដ្ឋាន​នេះ និង​ដោយ​ទទួល​បាន​សំណូមពរ​ពី​បងប្អូន​អាជីវករ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន សម្រេច​រៀបចំ​ជួសជុល និង​សាងសង់​ដំបូល​ផ្សារ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សារ​ដែល​ខូចខាត​ឡើង​វិញ ដើម្បី លើកកម្ពស់​សោភ័ណ​ភាព អនាម័យ បរិស្ថាន និង​សុវត្ថិភាព ព្រមទាំង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​អាជីវករ ដែល​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​។

ការ​អនុវត្ត​គម្រោង​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ដូច្នេះ​ដើម្បី​រក្សា​បាន នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ កាត់​បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ចៀស​ការ​រាំងស្ទះ​ការងារ សាងសង់​នេះ រដ្ឋបាល​ខណ្ឌមានជ័យ ស្នើ​សុំ​ឲ្យ​បងប្អូន​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ពាក់ព័ន្ធ ត្រូវ​ចូលរួម សហការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ​សាងសង់​ឲ្យ​បាន​រលូន និង​ទទួល​បាន​លទ្ធផល​តាម​ការ​គ្រោងទុក​។

រដ្ឋបាល​ខណ្ឌមានជ័យ សង្ឃឹម​ជឿជាក់​ថា​បងប្អូន​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់​ការ អធ្យាស្រ័យ យោគយល់ និង​ចូលរួម​សហការ​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា តប​តាម​ការ ស្នើ​សុំ របស់ បងប្អូន អាជីវករ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន សម្រេច ផ្តល់ ការ ជួសជុល និង សាងសង់ ដំបូល​ផ្សារ ស្ទឹង​មាន​ជ័យ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សា​រ​ដែល​ខូច​ខាត​ឡើ​ង​វិញ ចាប់​ពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០២៦​នេះ តទៅ ដើ​ម្បី​លើ​ក​កម្ពស់​សោភណភាព​អនាម័យ បរិស្ថាន និង​សុវត្ថិភាព ព្រមទាំង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ចេញ-ចូល​ផ្សារ ។ លោក​ស្រី​បញ្ជាក់ ថា ផ្សារ​ចំណាស់​ដែល​​កកើត​តាំង​ពី​អំឡុង​ឆ្នាំ​១៩៦០ ពិតជា​ទ្រុឌទ្រោម​ខ្លាំង​ណាស់​ហើយ ។

តាម​ការ​អះអាង​របស់​ប្រធាន​ផ្សារ​ស្ទឹង​មាន​ជ័យ បាន​ឱ្យ​កោះសន្តិភាព​ដឹង​ថា ផ្សារ​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦០ ដោយ​ដំបូល​ផ្សារ​ត្រូវ​បាន​កសាង​ឡើង អំពី​ឈើ​ប្រក់​ក្បឿង ដែល​គិត​មក​ត្រឹម​បច្ចុប្បន្ន​មាន​អាយុកាល ៦៦​ឆ្នាំ​ហើយ ដោយពេល​នេះ​ដំបូល​ផ្សារ​មាន សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​បាន​បង្ក​ការ​លំបាក និង​ហានិភ័យ​ដល់​អាជីវករ និង​អតិថិជន​ដែល​ចេញ​-​ចូល ផ្សារ ។ លោក​បន្ត​ថា ផ្សារ​ស្ទឹង​មាន​ជ័យ នេះ​មាន​អាជីវករ​សរុប ចំនួន​១៨៦​តូប ចំណែក​ការ​សាងសង់​រយៈពេល ១១០​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី២០ ​ខែ សីហា នេះ​តទៅ នេះបើ​​តាម​ការ​អះអាង​ពី​ជាង ៕