ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​ជាតិ​អា​មេ​រិ​ក​កើន​លើស​៤០​ទ្រី​លាន​ដុល្លារ​ ជា​លើក​ដំបូង និង​ខ្ពស់​បំផុត​លើ​លោក

13 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ បំណុល​ជាតិ​សរុប​របស់​សហរដ្ឋអាមេរិក​បាន​កើន​លើស​ពី​៤០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​លើក​ដំបូង ដែល​នេះ​ជា​សញ្ញា​នៃ​ការ​ព្រមាន​សា​ជា​ថ្មី​ថា វិបត្តិ​ហិរញ្ញវត្ថុ​កំពុង​ផ្ទុះ​ឡើង​ហើយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP​។

ទិន្នន័យ​ក្រសួង​រតនាគារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​បង្ហាញ​ថា បំណុល​សាធារណៈ​សរុប​បាន​កើន​ដល់ ៤០,០៥ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​បំណុល​សាធារណៈ​ក្រៅប្រទេស​ចំនួន ៣២,២៧ ទ្រី​លាន​ដុល្លារ និង​បំណុល​សាធារណៈ​ក្នុង​ប្រទេស​ចំនួន ៧,៧៨ ទ្រី​លាន​ដុល្លារ​។

តាម​តួលេខ​នេះ សហរដ្ឋអាមេរិក នៅ​តែ​ជា​ប្រទេស​ជាប់បំណុល​សាធារណៈ​ច្រើន​ជាងគេ​លើ​ពិភពលោក​។ តួលេខ​នេះ​ទៀត​សោត គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ព្យាករណ៍​កាលពីមុន​របស់​ការិយាល័យ​ថវិកា​សភា​សហរដ្ឋអាមេរិក (CBO) ដែល​ថា ការ​ខ្ចីប្រាក់​សរុប​នឹង​កើនឡើង​ដល់ ៣៩,៤ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ត្រឹម​ដំណាច់ឆ្នាំ​២០២៦​នេះ​។

បំណុល​ពេល​នេះ បាន​កើនឡើង​ជាង​ទ្វេ​ដង​ក្នុង​រយៈពេល​មិន​ដល់​១០​ឆ្នាំ​ផង ពោល​ចាប់តាំងពី​ចំនួន ១៩,៩៥ ទ្រី​លាន​ដុល្លារ កាលពី​ពេល​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ស្បថ​ចូល​កាន់​តំណែង​លើក​ដំបូង កាលពី​ក្នុង​ខែមករា ឆ្នាំ​២០១៧​។ បំណុល​បាន​កើនឡើង​យ៉ាង​គំហុក​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក ត្រាំ និង​អតីត​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន (Joe Biden) ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​នៅ​ឆាំ្ន​បន្តបន្ទាប់ តប​តាម​គោលនយោបាយ​រដ្ឋាភិបាល​។

ការ​កើនឡើង​បំណុល​ជាតិ​របស់​សហរដ្ឋអាមេរិក​កើតឡើង​ស្រប​ពេល​ដែល​ក្តី​បារម្ភ​អំពី​អតិផរណា សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត បាន​និង​កំពុង​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​ក្នុង​ចំណោម​វិនិយោគិន ហើយ​តម្លៃ​នៃ​ការ​ខ្ចីប្រាក់​ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ​។

តាម​ពិត​ទៅ ក្រុម​អ្នក​ឃ្លាំមើល​ថវិកាជាតិ​បាន​រំពឹង​ទុក​ថា​នឹង​ឈាន​ហួស​កម្រិត​កំណត់​នេះ​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ហើយ​បាន​ចេញ​ការ​ព្រមាន​យ៉ាងធ្ងន់ធ្ងរ​ថា វិបត្តិ​បំណុល​ពេញទំហឹង​មួយ​អាច​នឹង​ផ្ទុះ​ឡើង លុះត្រាតែ​អ្នក​តាក់តែង​ច្បាប់​រួម​គ្នា​ដោះស្រាយ​ទស្សនវិស័យ​ហិរញ្ញវត្ថុ​ដែល​មិន​អាច​ទ្រទ្រង់​រួច​នេះ ដោយ​ការ​ដំឡើង​ពន្ធ និង​កាត់​បន្ថយ​ការ​ចំណាយ ឬ​ក៏​ធ្វើ​ទាំង​ពីរ​រួម​គ្នា​តែ​ម្តង​៕