សៃយឺន-ស្បៃមុង កំពុងបំផ្លាញធនធានត្រីនៅភូមិព្រៃស៊ឹង ខណៈបទល្មើសនេសាទខុសច្បាប់នៅតែបន្តកើតមាន
- កណ្តាល
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅភូមិព្រៃស៊ឹង ស្រុកកោះធំ ខេត្តកណ្តាល បានរាយការណ៍ថា សកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍សៃយឺន និងស្បៃមុង កំពុងកើតមាននៅតំបន់មួយចំនួន ដោយក្រុមអ្នកនេសាទបានដាក់ឧបករណ៍ប្រមូលត្រីយ៉ាងទូលំទូលាយ ដែលអាចប្រមូលបានទាំងត្រីធំ និងត្រីតូចដោយមិនសល់ ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ការប្រើសៃយឺន ស្បៃមុង ឬឧបករណ៍ដែលមានលក្ខណៈប្រមូលត្រីគ្រប់ទំហំ បង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរក្សាធនធានជលផល ព្រោះត្រីតូចៗដែលមិនទាន់ដល់វ័យបន្តពូជ ក៏ត្រូវបានចាប់យកផងដែរ ។ ប្រសិនបើសកម្មភាពបែបនេះបន្តកើតមាន អាចធ្វើឱ្យធនធានត្រីធ្លាក់ចុះ និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើការនេសាទជាអាជីព ។
ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកគេធ្លាប់ឃើញមន្ត្រីជំនាញជលផលចុះពិនិត្យ និងថតសកម្មភាពផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីបង្ហាញពីការចុះបង្ក្រាបបទល្មើសនេសាទ ជាពិសេសក្នុងរដូវបិទនេសាទ ។ ទោះជាយ៉ាងណា ពួកគាត់សង្កេតឃើញថា សកម្មភាពដាក់សៃយឺន និងស្បៃមុងនៅតំបន់នេះនៅតែមាន ហើយចង់ឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែង និងចាត់វិធានការតាមច្បាប់ ដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល ។
តាមគោលការណ៍នៃច្បាប់ស្តីពីជលផល ការប្រើប្រាស់ឧបករណ៍នេសាទដែលហាមឃាត់ ឬការនេសាទក្នុងរបៀបដែលបំផ្លាញធនធានជលផល និងធ្វើឱ្យប៉ះពាល់ដល់ត្រីគ្រប់វ័យ គឺជាសកម្មភាពដែលត្រូវហាមឃាត់ និងអាចប្រឈមនឹងវិធានការច្បាប់ ។ ជាមួយគ្នានេះ រដូវបិទនេសាទត្រូវបានកំណត់ឡើងដើម្បីការពារត្រីក្នុងអំឡុងពេលបន្តពូជ និងរក្សាលំនឹងធនធានជលផលឱ្យមាននិរន្តរភាព ។ ដូច្នេះការចុះបង្ក្រាបគួរតែផ្តោតលើការទប់ស្កាត់បទល្មើសជាក់ស្តែង ការដកហូតឧបករណ៍ខុសច្បាប់ និងចាត់វិធានការចំពោះអ្នកប្រព្រឹត្ត ដោយមិនគួរបញ្ចប់ត្រឹមការចុះពិនិត្យ ឬការថតរូបផ្សព្វផ្សាយនោះទេ ។
ប្រជាពលរដ្ឋនៅភូមិព្រៃស៊ឹង សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចុះពិនិត្យទីតាំងដែលមានការរាយការណ៍នេះឱ្យបានជាក់ស្តែង និងមានវិធានការសមស្របតាមច្បាប់ ដើម្បីការពារធនធានជលផល និងធានាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ធនធានធម្មជាតិបានប្រកបដោយចីរភាព ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ