រាជធានីភ្នំពេញ ៖ បើទោះបីជាកម្ពុជា មិនស្ថិតក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី១៨ «សូដេល» (Saudel) ក៏ពិតមែន ប៉ុន្តែឥទ្ធិពលរលកសម្ពាធទាបនេះ បាន និងកំពុងបង្កឱ្យមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅទូទាំងប្រទេស ជាពិសេសតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប ។

ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី២០ ខែសីហានេះថា ៖ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី១៨ ឈ្មោះ សូដេល(Saudel)T2618 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ សូដេល នេះទេ ។

ក្រសួងធនធានទឹក បានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦៖ ១.តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយព្យ មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី ។ បណ្តាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%។

២.តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៤°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៨ ម៉ែត្រ/វិនាទី។ បណ្តាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០%។

៣.តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៧ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៧០%។ ចំពោះរលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ ម៉ែត្រ៕
ចែករំលែកព័តមាននេះ