រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យអនុវត្តប្រកាសថ្មីចំនួន៣ឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែរហូតដល់ឆ្នាំ២០៣០
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រកាសចំនួន៣ដាច់ដោយឡែកពីគ្នា ប៉ុន្តែដែលមានកម្មវត្ថុដូចគ្នា គឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កាលពីរសៀលថ្ងៃទី១៩ សីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមកពីតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋានតាមបណ្តារាជធានី-ខេត្ត សរុបប្រមាណ១៨២៥រូប ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។
ប្រកាសទាំង៣នោះ រួមមាន៖ ទី១-ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ ទី២-ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងទី៣-ប្រកាសស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួង មហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស ។
ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញប្រកាសទាំង៣នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតរបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន ក៏ដូចជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស ឱ្យឆ្លើយតបយ៉ាងស៊ីជម្រៅទៅនឹងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ (២០២៦-២០៣០)។

កិច្ចការកំណែទម្រង់ធនធានមនុស្សនេះ ក៏បានស្តែងចេញយ៉ាងប្រាកដនិយម ស្របតាមទស្សនវិស័យដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកមនុស្សជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះនានា នៃយុទ្ធសាស្ត្របញ្ចកោណ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការកសាងនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈ រួមទាំងការរៀបចំមន្ត្រីបន្តវេន ឱ្យមានប្រព័ន្ធច្បាស់លាស់ គឺជាកត្តាគន្លឹះដ៏មានប្រជាប្រិយភាព និងជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ប្រសិទ្ធភាពបំពេញភារកិច្ចស្នូល នៅតាមគ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ហើយថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបានដាច់ខាតនូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយចីរភាពនិងនិរន្តរភាព ។
ជាការកត់សម្គាល់ ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់អង្គភាពពាក់ព័ន្ធ និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃប្រកាសថ្មីទាំង៣នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឆ្នាំ២០៣០ ដោយមិនត្រូវមានការកែប្រែចំណុចណាមួយជាដាច់ខាត ពោលគឺរក្សាគោលការណ៍ដើម និងអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃ គុណភាព និងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តទាំងនេះ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែងនៅលើទីលានការងារ។

ចែករំលែកព័តមាននេះ