ទឹកឡើងលឿនគួរកត់សម្គាល់! ទឹកទន្លេមេគង្គកំពង់ចាមឡើងជាង១៣ម៉ែត្រ ហូរចូលដល់ព្រែកចំនួន៣២ ក្នុងស្រុកទាំង៥
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ព្រែកចំនួន ៣២ របស់ខេត្តកំពង់ចាម ទទួលបានរបបជំនន់ទន្លេមេគង្គ ខណៈពេលដែលទឹកទន្លេមេគង្គមានកម្ពស់១៣,១៦ម៉ែត្រ ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តកំពង់ចាមបានប្រកាសនាព្រឹកថ្ងៃទី២០ ខែសីហានេះ ។

គិតត្រឹមថ្ងៃនេះ ទឹកជំនន់ទន្លេមេង្គ បានហូរលូនចូលព្រែកបានចំនួន ៣២ លើ ៤១ព្រែក របស់ខេត្តកំពង់ចាម ខណៈពេលដែល ទឹកទន្លេមេគង្គមានកម្ពស់ ១៣,១៦ម៉ែត្រ នោះ ។ នេះបើតាមរបាយការណ៍ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ចំនួនព្រែកទាំង ៣២ ដែលទទួលបានរបបជំនន់ទន្លេមេគង្គ គឺស្ថិតនៅក្នុងស្រុកចំនួន ក្នុងនោះមាន ៖ ១.ស្រុកកងមាស មានចំនួន ០៩/១៣ព្រែក ២.ស្រុកស្ទឹងត្រង់ មានចំនួន ៥/៥ព្រែក ៣.ស្រុកកំង់សៀម មានចំនួន ៦/១១ព្រែក ៤.ស្រុកស្រីសន្ធរ មានចំនួន ៧/៧ព្រែក និង៥.ស្រុកកោះសូទិន មានចំនួន ៥/៥ព្រែក ។

លោក អ៊ុម វិបុល បានបញ្ជាក់ដែរថា នៅថ្ងៃទី២០ ខែសីហា នេះ ទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងកម្ពស់ ០,១៦ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកមានកម្ពស់១៣,០០ម៉ែត្រ ប៉ុណ្ណេះ ។ បើធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹម១០,៣៦ម៉ែត្រប៉ុណ្ណោះ ខណៈពេលដែលចំណុចប្រកាសអាសន្នទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ម៉ែត្រនោះ ៕
ចែករំលែកព័តមាននេះ