ទឹកទន្លេហក់ឡើង បណ្តាលឱ្យច្រាំងបា.ក់ ២០០ម៉ែត្រ អភិបាលខេត្ត ណែនាំឱ្យមន្ត្រីជំនាញចុះសិក្សា ដើម្បីជួសជុលឡើងវិញ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្របពេលដែលទឹកទន្លេមេគង្គកំពុងតែហក់ឡើងបន្តបន្ទាប់ជាហេតុធ្វើឲ្យច្រាំងទន្លេត្រង់ចំណុចឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ បានបាក់ស្រុតស្ទើរមកដល់ផ្លូវកៅស៊ូគួរឱ្យព្រួយបារម្ភ។ដោយមើលឃើញកត្តាបែបនេះត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើរបងនិងដាក់ស្លាកសញ្ញាចរាចរណ៏ ដើម្បីការពារកុំឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយជិះធ្លាក់ផ្លូវ។
លោកម៉ឹង ត្រង មេឃុំព្រះអណ្ដូង បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៩ សីហា ឆ្នាំ២០២៦ ថា ក្រោយពីទទួលបានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តអាជ្ញាធរបានយកចិត្តទុកដាក់ដោយរៀបចំធ្វើរបងនៅកៀកច្រាំងទន្លេត្រង់ទីតាំងដែលបាក់ស្រុត ដែលមានទទឹង៥ទៅ៨ម៉ែត្រនិងបណ្ដោយ២០០ម៉ែត្រ ក្បែរសាលារៀនព្រះអណ្ដូង។ ជាមួយនោះនៅពេលយប់គឺមានភ្លើងអគ្គិសនីបំភ្លឺឱ្យពលរដ្ឋគ្រប់រូបបានឃើញនិងមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមអមដំណើរដោយសហការីជាច្រើននាក់កាលពីថ្ងៃទី១៨ ខែសីហា បានចុះពិនិត្យផ្ទាល់នូវ សំណង់ទ្វារស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាងសង់ជូនដល់បងប្អូនប្រជាពលរដ្ឋប្រយោជន៍សម្រាប់ស្ទាក់ទឹកទុកប្រើប្រាស់សម្រាប់ស្រោចស្រព្យដំណាំស្រូវប្រាំងបានរាប់រយហិកតាផងដែរ។ ការចុះពិនិត្យចំពេលដែល ទឹកទន្លេកំពុងហក់ឡើង និងហូរចូល តាមប្រព័ន្ធស្ទាក់ទឹកយ៉ាងល្អ ដែលនេះជាឱកាសដ៏ល្អក្នុងការស្តុកទឹកទុកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទៅមុខ។បន្ទាប់មកនាថ្នាក់ដឹកនាំខេត្តបានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដើម្បីវាយតម្លៃផលប៉ះពាល់។
លោកអ៊ុ វិបុល ប្រធានបន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងនាល្ងាចថ្ងៃទី១៩សីហា ថា ចំពោះទីតាំងដែលបានបាក់ស្រុតនៅក្នុងឃុំព្រះអណ្ដូងនេះគឺកាលពីប៉ុន្មានឆ្នាំមុនត្រូវបានក្រុមបច្ចេកទេសរបស់ក្រសួងធនធានទឹកសហការជាមួយនិងខេត្តបានរៀបចំបាវខ្សាច់យក្សដាក់ទប់តាមច្រាំងទន្លេម្ដងរួចមកហើយ។តែពេលនេះច្រាំងបានបាក់ក្នុងរដូវទឹកទន្លេមេគង្គកំពុងតែហក់ឡើង ដោយនៅថ្ងៃនេះទឹកមានកម្ពស់១៣ម៉ែត្រចំណុចឲ្យប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត្រ។ យោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តគឺក្រុមការងារនិងចុះសិក្សាដើម្បីជួសជុលស្ដារឡើងវិញក្រោយពីទឹកទន្លេបានស្រកនិងធ្វើការស្ថាបនាក្នុងឆ្នាំ២០២៧ខាងមុខ ៕










ចែករំលែកព័តមាននេះ