ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ​៣​ឆ្នាំ​នៃ​អាណត្តិ​សម្ដេចបវរ​ធិ​បតី យុវជន​ក្រីក្រ និង​ប្រជាពលរដ្ឋ​ជិត ៥០​ម៉ឺន​នាក់ មាន​ជំនាញ​ជាក់លាក់ ជា​គន្លឹះ​ទទួល​បាន​ការងារ​សមរម្យ

22 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​រយៈពេល ៣៤​ខែ ចាប់ពី​ខែកញ្ញា ឆ្នាំ ​២០២៣ ដល់​ខែមិថុនា ឆ្នាំ ​២០២៦ នៃ​អាណត្តិ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា យុវជន និង​ប្រជាពលរដ្ឋ​ជិត ៥០​ម៉ឺន​នាក់ ទទួល​បានការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ទទួល​បាន​ការងារ​សមរម្យ ប្រាក់​ចំណូល​ប្រសើរ និង​អនាគត​កាន់តែ​ច្បាស់លាស់​ ។ សមិទ្ធផល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ​៧ ក្នុង​ការ​ប្រែក្លាយ​អាទិភាព «​មនុស្ស​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ​​ដំណាក់កាល​ទី​ ១ ទៅ​ជា​លទ្ធផល​ជាក់ស្តែង​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទទួល​ការ​បណ្ដុះបណ្ដាល​សរុប​ប្រមាណ ៤៩​ម៉ឺន​នាក់ មាន​ប្រមាណ ៤១​ម៉ឺន ៥​ពាន់​នាក់ ទទួល​ការ​បណ្ដុះបណ្ដាល​ក្រោម​ក្រសួង​ការងារ និង​ប្រមាណ ៧,៧​ម៉ឺន​នាក់ ទទួល​ការ​បណ្ដុះបណ្ដាល​តាម​រយៈ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF)​ ។ ក្នុង​នោះ យុវជន​ជាង ២៧,៦​ម៉ឺន​នាក់ មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ក្រោម​កម្មវិធី​ជាតិ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​គោលដៅ​ចំនួន ១,៥​លាន​នាក់​ ។

លោក ស៊ុន មេ​សា បាន​បញ្ជាក់​ថា ​៖ «​លទ្ធផល​នេះ​មិនមែន​គ្រាន់តែ​ជា​តួលេខ​នៃ​អ្នក​ចូល​រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ជំនាញ​ពិតប្រាកដ ផ្តល់​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល និង​កសាង​អនាគត​ថ្មី​ជូន​យុវជន និង​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​»​ ។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ជំនាញ​ជាក់លាក់​មួយ​ប្រៀប​ដូច​ជា​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន ដែល​អាច​ជួយ​ឱ្យ​យុវជន​មាន​សមត្ថភាព​ចូល​ទីផ្សារ​ការងារ ទទួល​បាន​ការងារ​សមរម្យ ឬ​អាច​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​តែ​លើ​សញ្ញាបត្រ​ទូទៅ ​។

តាម​រយៈ​ការ​បណ្ដុះបណ្ដាល TVET សិស្ស និង​យុវជន​មិន​ត្រឹមតែ​រៀន​ទ្រឹស្តី​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បានការ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​រោង​ជាង មន្ទីរពិសោធន៍ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ​។ ការ​ផ្សារ​ភ្ជាប់​រវាង​ការ​សិក្សា និង​តម្រូវការ​ជាក់ស្តែង​របស់​និយោជក ជួយ​ឱ្យ​អ្នក​សិក្សា​មាន​ជំនាញ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​ភ្លាម​ៗ ​។ ដើម្បី​ធានា​គុណភាព និង​ភាព​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ ក្រសួង​បាន​រៀបចំ​ស្តង់ដា​បណ្ដុះបណ្ដាល​ចំនួន ២៥៦​គុណវុឌ្ឍិ គ្របដណ្ដប់​លើ ១១៦​មុខ​ជំនាញ ព្រមទាំង​កញ្ចប់​សិក្សា​ផ្អែក​លើ​សមត្ថភាព​ចំនួន ៣៩៩​ម៉ូឌុល ស្មើនឹង ២ ៦២០​មេរៀន​ ។

ទន្ទឹម​នឹង​នេះ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ និង​ឯកជន បាន​កើន​ដល់​ចំនួន ២៦៣​គ្រឹះស្ថាន ខណៈ​គ្រូ​បច្ចេកទេស​ជាង ៣ ៦០០​នាក់ បាន​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​បង្រៀន និង​ការ​អនុវត្ត​ ។ ភាព​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ក៏​ត្រូវ​បាន​ពង្រីក ដើម្បី​ឱ្យ​ការ​បណ្ដុះបណ្ដាល​ស្រប​តាម​ជំនាញ​ដែល​សហគ្រាស​កំពុង​ត្រូវការ ​។ ក្នុង​រយៈពេល ​៣៤​ខែ កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ TVET ត្រូវ​បាន​ពង្រឹង​តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​សរុប ១ ២៦០ និង​ដៃគូ​ទំនាក់ទំនង​សហការ​ចំនួន ៦ ២១៨ ​។

លោក ស៊ុន មេ​សា បាន​ថ្លែង​ថា ​៖ «​រាជរដ្ឋាភិបាល​ចង់ឱ្យ​យុវជន​គ្រប់​រូប ជា​ពិសេស​យុវជន​ក្រីក្រ អាច​ឈាន​ចេញពី​ស្ថានភាព​ងាយ​រង​ហានិភ័យ​តាម​រយៈ​ជំនាញ ការងារ និង​ប្រាក់​ចំណូល​ ។ ពេល​យុវជន​ម្នាក់​មាន​ជំនាញ គាត់​មិន​ត្រឹមតែ​អាច​ផ្លាស់​ប្តូរជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ជួយ​គ្រួសារ និង​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងមូល​»​ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ឱ្យ​ចាប់​យក​ឱកាស​សិក្សា​ជំនាញ TVET និង​ស្នើ​ដល់​មាតាបិតា អាណាព្យាបាល ឱ្យ​លើកទឹកចិត្ត​កូនចៅ​ជ្រើសរើស​ជំនាញ​ដែល​ស្រប​នឹង​ចំណង់​ចំណូលចិត្ត សមត្ថភាព និង​តម្រូវការ​ទីផ្សារ​ការងារ​ ។

ការ​ជ្រើសរើស​រៀន​ជំនាញ គឺជា​ការ​ជ្រើសរើស​អនាគត ​។ ជំនាញ​ជាក់លាក់​មួយ​អាច​នាំ​ទៅ​រក​ការងារ​សមរម្យ ប្រាក់​ចំណូល​មាន​ស្ថិរភាព និង​ជីវភាព​កាន់តែ​ប្រសើរ ព្រមទាំង​រួមចំណែក​កសាង​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ ផលិតភាព និង​ភាព​ប្រកួតប្រជែង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ៕ អត្ថបទសហការ