ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវរកឃើញតំបន់រ៉ែកម្រ ២កន្លែងថ្មី លាតសន្ធឹងលើ៤ខេត្ត

1 ថ្ងៃ មុន

ទីក្រុងវៀងចន្ទន៍៖ ប្រទេសឡាវបានបញ្ចប់ការស្ទង់ទីតាំង និងកំណត់ឃើញតំបន់ដែលមានសក្តានុពលរ៉ែកម្រ​ ចំនួន ​២តំបន់ធំៗ​ ដែលលាតសន្ធឹងលើខេត្តចំនួន ​៤។​ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ដែលចុះផ្សាយដោយសារព័ត៌មាន Laotian Times​។

តំបន់ដែលរកឃើញថ្មីរួមមាន តំបន់ព្រំប្រទល់ ​បូលិខាំសៃ–ខាំមួន​ នៅភាគកណ្តាលប្រទេសឡាវ និងតំបន់ ​សេកុង–អត្តពឺ​ នៅភាគខាងត្បូងប្រទេសឡាវ។

ការរកឃើញនេះត្រូវបានបង្ហាញ បន្ទាប់ពីនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ចុះទស្សនកិច្ចនៅវិទ្យាស្ថានឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល កាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា អាជ្ញាធរឡាវមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីទីតាំង និងបរិមាណរ៉ែកម្រ ដែលអាចមាននៅតំបន់ទាំងនេះនៅឡើយទេ។

​រ៉ែកម្រ​ គឺជាក្រុមលោហៈពិសេសដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើប ដោយត្រូវបានប្រើប្រាស់ក្នុងការផលិតសមាសធាតុអេឡិចត្រូនិក ឡាស៊ែរ ឧបករណ៍បច្ចេកវិទ្យាខ្ពស់ និងផលិតផលឧស្សាហកម្មជាច្រើនប្រភេទ។

ឡាវក៏បានចាប់ផ្តើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យរ៉ែកម្រ។ កាលពីឆ្នាំ២០២៣ ប្រទេសនេះបានបើកដំណើរការ ​មន្ទីរពិសោធន៍ត្រួតពិនិត្យ និងធ្វើតេស្តគុណភាពរ៉ែកម្រ​ នៅទីក្រុងវៀងចន្ទន៍ ដោយមានការគាំទ្រពីប្រទេសចិន។

ក្រៅពីនេះ ឡាវមានសក្តានុពលរ៉ែកម្រ ជាពិសេសប្រភេទ ​រ៉ែកម្រធ្ងន់​ នៅខេត្តភាគខាងជើង ដូចជា ​សៀងខ្វាង និងហួផាន់​។ រដ្ឋាភិបាលឡាវក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនចូលរួមអភិវឌ្ឍគម្រោងរុករក និងជីកយករ៉ែកម្រ នៅតំបន់មួយចំនួនរួចមកហើយ។

តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ កាលពីឆ្នាំ២០២៣ ប្រទេសនេះមានគម្រោងរុករក និងជីកយករ៉ែកម្រ ប្រមាណ ​១៥គម្រោង​ នៅទូទាំងប្រទេស។

ការរកឃើញតំបន់សក្តានុពលថ្មីទាំងពីរ អាចបង្កើនសារៈសំខាន់របស់ឡាវក្នុងវិស័យរ៉ែកម្រ ដែលកំពុងមានតម្រូវការកើនឡើងជាសកល ដោយសារការរីកចម្រើននៃឧស្សាហកម្មអេឡិចត្រូនិក បច្ចេកវិទ្យាខ្ពស់ និងថាមពលទំនើប៕