ទីក្រុងតេហេរ៉ង់៖ មេដឹកនាំយោធាជាន់ខ្ពស់អ៊ីរ៉ង់បានព្រមានប្រទេសនានានៅតំបន់អាស៊ីខាងលិច កុំផ្តល់ជំនួយ ឬមធ្យោបាយសម្របសម្រួលដល់កងទ័ពអាម៉េរិក ខណៈអ៊ីរ៉ង់អះអាងថា ខ្លួនកំពុងតាមដានរាល់សកម្មភាពយោធានៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
លោក Ali Abdollahi ប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងតាមបណ្តាញសង្គមថា ការផ្តល់ជំនួយ ឬអនុញ្ញាតឱ្យកងទ័ពអាម៉េរិកប្រើប្រាស់មធ្យោបាយណាមួយ នឹងត្រូវបានចាត់ទុកថា ជាការសហការជាមួយកងកម្លាំងយោធាអាម៉េរិក។
មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសរបស់ខ្លួនមិនមានបំណងប្រឆាំងនឹងប្រទេសជិតខាងក្នុងតំបន់ឡើយ ប៉ុន្តែទីតាំងណាមួយនៅអាស៊ីខាងលិច ដែលត្រូវបានប្រើជាមូលដ្ឋាន ឬជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារមកលើអ៊ីរ៉ង់ នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់របស់កងកម្លាំងអ៊ីរ៉ង់។
ការព្រមាននេះកើតឡើងចំពេលភាពតានតឹងរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនៅតែបន្តមាន។ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងៗរបស់អ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់មកអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងដ្រូនទៅលើអ៊ីស្រាអែល និងមូលដ្ឋានអាម៉េរិកនៅក្នុងតំបន់។
ក្រោយមក ភាគីជម្លោះបានសម្រេចបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ហើយនៅថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានចុះអនុស្សរណៈយោគយល់ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់៕
ចែករំលែកព័តមាននេះ