ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទូ​កុងតឺន័រ ​ឆ្លង​ផ្លូវដែក ​ត្រូវ​រថភ្លើង​បុក​ប៉ើង​កន្ទុយ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ រថយន្ត​សម្រាប់​ដឹក​ទូ​កុងតឺន័រ ​១​គ្រឿង ខណៈ​បើកបរ​ឆ្លង​ផ្លូវដែក ​ផុត​ក្បាល​ នៅ​សល់​កន្ទុយ​រ៉ឺ​ម៉ក ក៏​ត្រូវ​រថភ្លើង​សណ្ដោង​បា​រុង​ដឹក​ទូ​កុងតឺន័រ ​១​ខ្សែ ​ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ប៉ើង​កន្ទុយ​រ៉ឺ​ម៉ក​ខ្ទាត​ចេញពី​ផ្លូវ​ស្ទើរតែ​ក្រឡាប់ និង​គាប​ជាប់​គ្នា​ថែម​ទៀត​ផង។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា​ ដោយ​តំណាង​ភាគី​រថយន្ត​បាន​ចេញ​សំណង​ទៅ​ឲ្យ​ខាង​ភាគី​រថភ្លើង ​ចំនួន​៥០០​ដុល្លារ ​បញ្ចប់រឿង នេះ​បើ​តាម​នគរបាល​ប្រាប់​ឲ្យ​ដឹង​ដូច្នេះ ។

ឧប្បត្តិហេតុ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ-ខេត្តបាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ​សម្រាប់​ដឹក​ទូ​កុងតឺន័រ​ ១​គ្រឿង ​នោះ​ក្បាល​ព​ណ៌ក្រហម​លាយ​ទឹកប្រាក់​និង​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-8222 និង​កន្ទុយ​រ៉ឺ​ម៉ក​ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ​4A-0025 ដោយឡែក​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ-ខេត្តបាត់ដំបង ហើយ​ទាំង​រថភ្លើង​ និង​រថយន្ត ​បាន​រង​ការ​ខូចខាត​ខ្លះ​ៗ​ដូច​គ្នា​ផង​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថភ្លើង​សណ្ដោង​បា​រុង​ដឹក​ទូ​កុងតឺន័រ​ជា​ច្រើន​បា​រុង បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចូល​រាជធានី​ភ្នំពេញ ចំណែក​រថយន្ត​សម្រាប់​ដឹក​ទូ​កុងតឺន័រ​ បាន​បើក​ឆ្លង​ផ្លូវដែក ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈនោះ​ឆ្លង​ផុត​ក្បាល ​នៅ​សល់​កន្ទុយ​រ៉ឺ​ម៉ក ក៏​ត្រូវ​រថភ្លើង​ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​នោះ​ខ្ទាត​ប៉ើង​ធ្លាក់​ផ្លូវ​ស្ទើរតែ​ក្រឡាប់ ហើយ​ក្បាលរថភ្លើង​ និងក​ន្ទុ​យ​រ៉ឺ​ម៉ក​រថយន្ត​បាន​គាប​ជាប់​គ្នា ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ រថភ្លើង​បើក​ក្នុង​ល្បឿន​យឺត​ទេ ទើប​បុក​ភ្លាម​ជាន់​ហ្វ្រាំង​ឈប់​ទាន់​ភ្លាម​ៗ ប្រសិនបើ​រថភ្លើង​កំពុង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​វិញ ប្រហែល​រថយន្ត​នោះ​ទាំង​ក្បាល ​និង​កន្ទុយ​រ៉ឺ​ម៉ក ​មិនដឹង​ថា​ ក្រឡាប់​ប៉ុន្មាន​ត្រលប់​នោះ​ឡើយ និង​អាច​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​ក៏​ស្លាប់​ផង​ក៏​មិនដឹង។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ បាន​បណ្ដាល​ឲ្យ​រថយន្ត ​និង​រថភ្លើង​រង​ការ​ខូចខាត​ដូច​គ្នា ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​នៅ​ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ បាន​ទៅ​កាន់​ទីនោះ និង​ឲ្យ​តំណាង​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា ពេល​នោះ​ខាង​តំណាង​ភាគី​រថយន្ត​បាន​ចេញ​សំណង​ទៅ​ឲ្យ​ខាង​ភាគី​រថភ្លើង​ ចំនួន​៥០០​ដុល្លារ​បញ្ចប់រឿង ៕