ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តសៀមរាប បញ្ជា​ឲ្យឃាត់ខ្លួនបុរសម្នាក់ ករណីបាញ់បោះសេរីក្នុងបន្ទប់ខារ៉ាអូខេ

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅថ្ងៃទី១៩ សីហា ២០២៦នេះថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​ផ្ទុះអាវុធ លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​ដឹកនាំ​កម្លាំង​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា រួម​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​កន្លែង​កើតហេតុ និង​ឱ្យ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ ទិញ​លក់​រថយន្ត ទីកន្លែង​កំណើត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​នៅផ្ទះ​លេខ ៤៦A ផ្លូវ​២៧៨ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ករណី​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ នៅ​ត្រង់​ចំណុច​បន្ទប់​ខារ៉ាអូខេ នៃ​មណ្ឌល​កម្សាន្ត​ផ្លា​ទី​នឹម KTV ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​វេលា​ម៉ោង​១​និង​០០​នាទី រំលង​អ​ធ្រា​ត យក​ទៅ​ធ្វើការ​សាកសួរ ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស បន្ត​ថា ចំពោះ​ករណី​ខាងលើ​នេះ ក្រោយ​ពី​កិច្ច​ប្រតិបត្តិការ និង​ការ​សាកសួរ​បាន​បញ្ចប់ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ មិន​លើកលែង​ជា​ដាច់ខាត និង​បញ្ជា​អោយ​មន្ត្រី​ជំនាញ ត្រូវ​តែ​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់ ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស បាន​បញ្ជាក់​ផង​ដែរ ករណី​ខាងលើ​នេះ មិន​បណ្ដាល​អោយ​មាន​របួស​ស្នាម​ដល់​ជន​ណា​នោះ​ទេ ៕