ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ម៉ោង​មុន​ចូល​ជា​ធរមាន​! លោក ត្រាំ ប្រកាស​ផ្អាក​ផែនការ​យកពន្ធ ៥០% លើ​កា​ណា​ដា​រយៈពេល​៣​ថ្ងៃ

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ថា លោក​បាន​ផ្អាក​រយៈពេល​៣​ថ្ងៃ​លើ​ផែនការ​យកពន្ធ ៥០% លើ​ទំនិញ​ពី​ប្រទេស​កា​ណា​ដា ដែល​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែសីហា​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ហើយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters, BBC និង NBC News ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦​។

លោក ត្រាំ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Truth Social កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ដូច្នេះ​ថា «​ខ្ញុំ​បាន​ផ្អាក​ការ​យកពន្ធ ៥០% លើ​ប្រទេស​កា​ណា​ដា ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ព្រឹកស្អែក​នេះ សម្រាប់​រយៈពេល​៣​ថ្ងៃ ដោយ​ផ្អែក​លើ​ការ​ពិត​ដែល​ថា កា​ណា​ដា និង​សហរដ្ឋអាមេរិក សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ហើយ ដោយ​គ្រាន់តែ​រង់ចាំ​ការ​បិទ​បញ្ចប់​ឯកសារ​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​!»​។
ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​មិន​ដល់​២​ម៉ោង​ផង មុន​ពេល​ដែល​ការ​យកពន្ធ ៥០% លើ​ទំនិញ​នាំ​ចូល​ពី​កា​ណា​ដា តម្លៃ​ជិត ២០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​ចាប់ផ្តើម​អនុវត្ត​។

គួរ​បញ្ជាក់​ដែរ​ថា ភាគី​ទាំង​ពីរ​បាន​ជួប​ភាព​ទាល់ច្រក​លើ​បញ្ហា​ជា​ច្រើន រួម​ទាំង​ការ​យកពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​រថយន្ត និង​ខេត្ត​ជា​ច្រើន​របស់​កា​ណា​ដា​បាន​ហាមឃាត់​ការ​លក់​ស្រា​របស់​សហរដ្ឋអាមេរិក​។ លោក ត្រាំ និង​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក ម៉ាក ខា​នី (Mark Carney) បាន​ពិភាក្សា​គ្នា​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ថ្មី​ៗ​នេះ ខណៈ​ដែល​ក្រុម ចរចា​ពាណិជ្ជកម្ម​បាន​ចូលរួម​កិច្ច​ពិភាក្សា​យ៉ាង​ស្វិតស្វាញ ចាប់តាំងពី​ខែកក្កដា​មក បន្ទាប់​ពី​លោក ត្រាំ បាន​គំរាមកំហែង​ពី​ការ​យកពន្ធ​ថ្មី​នេះ ដោយ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​១៩ ខែសីហា​៕