ទីក្រុងបាងកក ៖ យោងតាមការប្រៀបធៀបដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ (NESDC) បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសថៃក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៦ បានរីកចម្រើនត្រឹមតែ ១,៩% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលនេះជាកំណើនទាបបំផុតនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំទាំង ៦ របស់អាស៊ាន។ នេះបើការចេញផ្សាយពីសារព័ត៌មាន Khaosod English នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
តាមអគ្គលេខាធិការ NESDC លោក ដានុឆា ពិឆៃយ៉ាណាន់ (Danucha Pichayanan) បានប្រកាសពីតួលេខទាំងនេះ នៅថ្ងៃទី១៧ ខែសីហា ដោយថ្លែងថា កំណើនសេដ្ឋកិច្ចថៃបានធ្លាក់ចុះយ៉ាងខ្លាំងពី ២,៨% កាលពីត្រីមាសទី១ នៃឆ្នាំ២០២៦ ហើយបន្ទាប់ពីការកែសម្រួល ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ (GDP) បានធ្លាក់ចុះ ០,២% បើធៀបនឹងត្រីមាសមុន (ខែមករា ដល់ខែមីនា)។
ប្រទេសវៀតណាមទទួលបានកំណើនខ្លាំងជាងគេក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំទាំង៦ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពោល ៨,៤% និងតាមពីក្រោយដោយម៉ាឡេស៊ី ៦% សិង្ហបុរី ៥,៩% ឥណ្ឌូណេស៊ី ៥,២៩% និងហ្វីលីពីន ២,៣%។ តាមរយៈតួលេខទាំងនេះ បានគូសបញ្ជាក់ពីការតស៊ូជាបន្តបន្ទាប់របស់ថៃ ដើម្បីអាចដើរឱ្យទាន់បណ្តាប្រទេសជិតខាងក្នុងតំបន់។ ដ្បិតសេដ្ឋកិច្ចថៃបានកើនឡើង ២,៤% នៅក្នុងឆ្នាំ២០២៥ ដែលជាកម្រិតទាបបំផុតក្នុងចំណោមក្រុមប្រទេសដដែលនេះ។
បើតាមលោក ដានុឆា ពិឆៃយ៉ាណាន់ បានថ្លែងថា ការថយចុះកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី ២ បណ្តាលមកពីការថយចុះការចំណាយឯកជន ក៏ដូចជាការធ្លាក់ចុះយ៉ាងគំហុកនៃការចំណាយរបស់រាជរដ្ឋាភិបាល និងការថយចុះការវិនិយោគសាធារណៈផងដែរ។ ការប្រើប្រាស់ឯកជនបានកើនឡើងត្រឹម ១,៩% ប៉ុណ្ណោះ ដែលធ្លាក់ចុះពី ៣,៣% កាលពីត្រីមាសមុន ដោយសារទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះមកត្រឹម ៥០,៣ ពិន្ទុ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១៤ ត្រីមាស ឬ ៤២ ខែចុងក្រោយនេះ។
រីឯការចំណាយរបស់រដ្ឋាភិបាលបានកើនឡើងត្រឹម ០,២% ប៉ុណ្ណោះ ពោលធ្លាក់ចុះពី ៣,៤% ខណៈពេលដែលការវិនិយោគសាធារណៈបានរួញតូចមកនៅត្រឹម ១,៦% បើធៀបទៅនឹងកំណើន ៩,៤% នៅក្នុងត្រីមាសទី១៕


ចែករំលែកព័តមាននេះ