ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ពាក់ព័ន្ធ​បទល្មើស​ឆ.ក់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ នៅ​ខេត្តស្ទឹងត្រែង

2 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ ផា​ន់ ខៃ អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​​ចោទប្រកាន់​ពី​បទ លួច​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ក្នុង​រដូវ​បិទ​នេសាទ​។

លោកស្រី សម វិចិត្រ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង បានឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣:៣០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ ដោយ​កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​សហ
គម​ន៍​នេសាទ អូរ​ច្រ​ឡង់ កោះ​សំពាយ​-​ដំរី​ផុង​-​កោះស្រ​ឡាយ បាន​ចុះ​ល្បាត​តាម​ដង​ទន្លេសេសាន និង​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​ជាក់ស្តែង​។ ពេល​នោះ កម្លាំង​ល្បាត​បាន​ដេញ​តាម​និងឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​សាលាស្រុក​សេ​សាន​។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ទូក និង​ម៉ាស៊ីន ០១ គ្រឿង ក្បាល​ឆក់ ០១ គ្រឿង​, អា​គុយ ០១ គ្រឿង​, ខ្សែភ្លើង ០៥ ម៉ែត្រ និង​ខ្សែកាប ០២ ម៉ែត្រ ថង​ដងត្រី ០២ គ្រឿង និង​ច្រ​វ៉ា ០១​លប​ប្រើស​១០០ ចំនួន ០២ គ្រឿង ត្រី​ចម្រុះ​ទម្ងន់៥ គីឡូក្រាម​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​តាម​នីតិវិធី​ច្បាប់ ឯ​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​អធិការកិច្ច​ជលផល​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​។

លោក​ប្រធាន​ខណ្ឌ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​ជនសង្ស័យ​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស ផ្ទុយ​ពី​ការ​ណែនាំ និង​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ដែល​បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​អភិរក្ស​ត្រី​មេ​ពូជ​ក្នុង​រដូវ​បិទ​នេសាទ​។

លោកស្រី សម វិចិត្រ បាន​គូសបញ្ជាក់​បន្ថែម​ថា គិត​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៦ មក ដង​ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ជួប​ប្រទះ​ករណី​ឆក់​ត្រី​ចំនួន ៤​លើក​មក​ហើយ​។ ក្នុង​នោះ ២​ករណី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​តុលាការ និង ២​ករណី​ទៀត បាន​បណ្តាល​ឱ្យ​ជនល្មើស​ស្លាប់​ដោយសារ​ឆក់​ខ្លួនឯង (​ម្នាក់​នៅ​ឃុំ​កាំ​ងចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ចុងខែ​កក្កដា និង​ម្នាក់​ទៀត​នៅ​ឃុំ​ស្តៅ ស្រុក​សេ​សាន កាលពី​ថ្ងៃ​ទី​៥ ខែសីហា​)​។

ស្របគ្នា​នេះ​ដែរ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង ក៏​បាន​បង្ហាញ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ ដោយ​សម្រេច​បាន​លទ្ធផល​សំខាន់​ៗ​ដូច​ខាងក្រោម​រួម​មាន​វត្ថុ​តាង និង​ឧបករណ៍​នេសាទ​ល្មើសច្បាប់​៖​មង​នេសាទ​ក្នុង​តំបន់ហាមឃាត់ ប្រវែង ២៥,១០៥ ម៉ែត្រ​.​សន្ទូចរនង (​នេសាទ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​តំបន់ហាមឃាត់​) ចំនួន ១៨,៤៦៣ ផ្លែ.​ទូក​ស្មាច់ ០៤ គ្រឿង និង​ម៉ាស៊ីន ០៤ គ្រឿង​.​ក្បាល​ឆក់ ០៣ គ្រឿង និង​អា​គុយ ០៣ គ្រឿង​.​ទ្រុង​ដាក់​ត្រី ០១ គ្រឿង និង​កន្ត្រក់​ដាក់​កូនសោ ០១ គ្រឿង​.​គ្រឿងញៀន ០១ កញ្ចប់​តូច (​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​)
។​ជន​ផល​ក៏​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​បាន​ចំនួន ២២០ នាក់ ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជា​នេសាទ​ចំនួន ២០ នាក់ និង​អប់រំ​ឈ្មួញ​ទិញ​ត្រី​ចំនួន ០២ នាក់ ជួយ​សង្គ្រោះ និង​លែង​ត្រី​កំពុង​រងគ្រោះថ្នាក់ រួម​ទាំង​ត្រី​មេ​ពូជ​ចូល​ទៅ​ក្នុង​ធម្មជាតិ​វិញ​ប្រមាណ ១០ គីឡូក្រាម​។

អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ជលផល នៅ​តែ​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ ជា​ពិសេស​ឧបករណ៍​ឆក់ ដើម្បី​រួម​គ្នា​រក្សា​និរន្តរភាព​ធនធាន​ជលផល និង​ជៀសវាង​គ្រោះថ្នាក់​ដល់​ជីវិត​ជាយថាហេតុ​៕