រាជធានីភ្នំពេញ ៖ ជនជាតិចិនពីរនាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពចាប់បង្ខាំង ជនរងគ្រោះជាជនជាតិចិនដូចគ្នា ជំរិតទាប្រាក់ ។
បើតាមនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីចាប់មនុស្សជំរិតទារប្រាក់ ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២និង១០នាទីរំលងអធ្រាត្រ នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលបានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាជនជាតិចិន ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ៖
១- ឈ្មោះ XU XINGDA ភេទប្រុស អាយុ ៣៨ឆ្នាំ។
២-ឈ្មោះ HU JUN ភេទ ប្រុស អាយុ ៣៣ឆ្នាំ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុ តាង រួមមាន ៖ ទូរសព្ទដៃ ចំនួន០២គ្រឿង, នាឡិកាដៃម៉ាក rolex ខ្សែដែក ពណ៌ទឹកប្រាក់, កាបូបដាក់ប្រាក់ ចំនួន ០១, កាបូបយួរដៃ ចំនួន០១, លិខិតឆ្លងដែន ចំនួន០២ច្បាប់, អត្តសញ្ញាណប័ណ្ណចិន និងកាតធនាគារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ៕


ចែករំលែកព័តមាននេះ