ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ឆបោក​តាម​អន​ឡាញ ២​កន្លែង ឃាត់ខ្លួន​វៀតណាម​១៩​នាក់

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត តំណាង​លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង កម្លាំង​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ​ធ្វើ​រដ្ឋបាល​ចំហ​លើ​ទីតាំង​ចំនួន ២​កន្លែង ដែល​សង្ស័យ​ថា​មានការ​លួចលាក់​ស្នាក់​នៅ ធ្វើការ​ខុសច្បាប់ និង​មាន​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែសីហា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វ​ត្តឡុក ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក៏​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ផង​ដែរ ។

សមាសភាព​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​រួម​មាន ៖ លោក​អភិបាលក្រុង​បា​វិត​, លោកស្នងការ​រង​នគរបាល​ខេត្ត​, លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​, លោក​អភិបាលរង​ក្រុង​, លោក​អធិការរង​ក្រុង​, លោក​នាយករង​រដ្ឋបាល​ក្រុង​, លោកនាយ​សេនាធិការ​កងរាជអាវុធហត្ថ​ក្រុង និង​មេ​ភូមិ​បា​វិត​កណ្ដាល ។

ក្រុមការងារ​ចម្រុះ​បាន​រក​ឃើញ​ជនសង្ស័យ​សរុប​ចំនួន ១៩​នាក់ (​ស្រី ០៣​នាក់​) ដែល​ទាំងអស់​ជា​ជនជាតិ​វៀតណាម​។ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ៖ កុំព្យូទ័រ All in 1, ម៉ូនីទ័រ CPU, លិខិតឆ្លងដែន​, ទូរ​សព្ទ​ដៃ​ចម្រុះ​, ទូរ​សព្ទ​ដៃ​ផ្ទាល់ខ្លួន និង​សម្ភារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

បច្ចុប្បន្ន ចំពោះ​ជនបរទេស និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន និង​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ដោយឡែក ទីតាំង​ទាំង ២​ខាងលើ ក្រុមការងារ​បាន​សម្រេច​បិទ​សៀ​ល ជា​បណ្ដោះអាសន្ន ៕