ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រសា​លោក​ត្រាំ​ជួប​លោក​ណឺតាន់​យ៉ាហ៊ូ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​​​អ៊ី​ស្រា​អែល​​ទទួល​យក​ផែន​ការ​សន្តិ​ភាព

3 ថ្ងៃ មុន

ទី​ក្រុងយេរូសាឡឹម៖ លោក​ជេរ៉ាត​ ឃូស​ស្នឺ​ដែល​ជាបេសក​ជន​ពិសេស និង​ជា​កូន​ប្រសា​លោក​ត្រាំ​បាន​​ជួប​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ ​នៅ​ល្ងាច​ថ្ងៃ​នេះ​បន្ទាប់​ពី​លោក​ណឺតាន់​យ៉ាហ៊ូ​ច្រាន​ចោល​ផែន​ការ​សន្តិ​ភាព​១៥​ចំណុច​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​។ នៅ​ក្នុង​ការ​ជួប​គ្នា​ថ្មី​បំផុត​នេះ​ អាមេរិក​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ៊ីស្រា​អែល​​គាំទ្រ​ផែន​ការ​សន្តិ​ភាព​​។ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​គិត​គូរ ក្នុង​នោះ​មាន​ដូច​ជា​ជីវិត​រស់​នៅ​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​២​លាន​នាក់​នៅ​តំបន់​ហ្កា​ហ្សា​ ការ​កសាង​ទី​តាំង​ដែល​ខូច​ខាត​​ដោយ​សារ​សង្គ្រាម និង​ការ​រៀប​ចំ​អនាគត​​តំបន់​នេះ​ឡើង​វិញ​​ក្រោយ​ពេល​ចប់​សង្គ្រាម​​។

ក្រុម​ហាម៉ាស់​ប្រាប់​ថា​ខ្លួន​ឯក​ភាព​ទទួល​យក​ផែន​ការ​សន្តិ​ភាព​​ដែល​រួម​បញ្ចូល​ទាំង​ការ​តម្រូវ​ឱ្យ​ពួក​គេ​ទម្លាក់​អាវុធ​ចុះ​ និង​ការ​ដែល​ក្រុម​ហាម៉ាស់​ទាម​ទារ​ឱ្យ​អ៊ីស្រា​អែល​ដក​កង​ទ័ព​ពី​តំបន់​ហ្កា​ហ្សា​។ ប៉ុន្តែ​អ៊ី​ស្រា​អែល​ទាម​ទារ​ឱ្យ​ហាម៉ាស់​ទម្លាក់​អាវុធ​ចុះ​ទាំង​ស្រុង​ជា​មុន​សិន​ទើប​ខ្លួន​យល់​ព្រម​ដក​កង​ទ័ព​តាម​ក្រោយ​។ សព្វ​ថ្ងៃ​នេះ កង​ទ័ព​អ៊ីស្រា​អែល​កាន់​កាប់​ជ្រោយ​ហ្កាហ្សា​ប្រហែល​៦០%​។ លោក​ណឺតាន់​យ៉ាហ៊ូ​ធ្លាប់​ព្រមានថា​អ៊ីស្រា​អែល​អាច​នឹង​វាយ​កាន់​កាប់​ទឹក​ដី​បន្ថែម​ទៀត​។ អតីត​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក​ថូនី​ប្ល៊ែ និង​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​ភាព​​ លោក​មីកូឡាយ​ ម៉្លា​ដេណូស​​ (Nickolay Mladenov) ក៏​ចូល​រួម​នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​លោក​ណឺតាន់​យ៉ាហ៊ូ​ផង​ដែរ​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ឃូស​ស្នឺ​បាន​ចំណាយ​ពេល​២​ម៉ោង​ដើម្បី​ជួប​ប្រធាន​ក្រុម​ហាម៉ាស់​ លោក​ខាលីល​ អាល់​ហាយ៉ា (Khalil al-Hayya) នៅ​ប្រទេស​អេ​ហ្ស៊ីប​។ ប្រធាន​បទ​សំខាន់​និយាយ​អំពី​ការ​កាត់​រំសាយ​អាវុធ​របស់​ក្រុម​ហាម៉ាស់​។ នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ក៏​មាន​វត្ត​របស់​មន្ត្រី​រដ្ឋាភិបាល​អេហ្ស៊ីប កាតា និង​តួក​គី​ផង​ដែរ​។ មេ​ដឹក​នាំ​ហាម៉ាស់​ទាម​ទារ​ឱ្យ​អ៊ីស្រា​អែល​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ហ្កា​ហ្សា​ និង​ដក​កង​ទ័ព​ចេញ​ពី​តំបន់​លឿង​​។ កង​ទ័ព​អ៊ីស្រា​អែល​បាន​ដើរ​ហួស​តំបន់​នេះ​។ កាល​ពី​ខែ​ឧសភា លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​នៅ​ជំហាន​បន្ទាប់​ លោក​ចង់​ជម្រុល​ការ​គ្រប់​គ្រង​ជ្រោយ​ហ្កា​ហ្សា​រហូត​ដល់​៧០%​។

ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា​ដូច​ជា​អារ៉ាប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​ជា​ដើម​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​អ៊ីស្រា​អែល​ដែល​មិន​ព្រម​ទទួល​យក​ផែន​ការ​សន្តិ​ភាព​។ ពួកគេ​យល់​ថា​អ៊ីស្រា​អែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​យក​ជើង​រា​ទឹក​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នាំ​យក​សន្តិ​ភាព​សម្រាប់​តំបន់​ហ្កា​ហ្សា​។ ​សេចក្ដី​ថ្លែង​ការណ៍នោះ​ក៏​ចុះ​ហត្ថ​លេខា​គាំទ្រ​ដោយ​ប្រទេស​ហ្សក​ដង់ ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និង​ក្រុម​ប្រទេស​សម្រប​សម្រួល​ការ​ចរ​ចា​ដទៃ​ទៀត​ផង​ដែរ​។​ ប្រទេស​ទាំង​នោះ​អំពាវ​នាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ និង​អាមេរិក​ចាត់​វិធាន​ការ​ជា​បន្ទាន់ និង​ប្រកប​ដោយ​ភាព​ហ្មត់​ចត់​ដើម្បី​កុំ​ឱ្យ​ភាគី​ណាមួយ​បន្ទច់​បង្អាក់​ការ​អនុវត្ត​តាម​ផែន​ការ​សន្តិ​ភាព​។

យោង​តាម​ផែន​ការ​សន្តិ​ភាព​នោះ ក្រុម​ហាម៉ាស់​ត្រូវ​ទម្លាក់​អាវុធ​ចុះ​ និង​ប្រគល់​ទៅ​ឱ្យ​គណៈ​កម្ម​​ការ​បច្ចេក​ទេស​របស់​ប៉ា​ឡេ​ស្ទីន​ដែល​បង្កើត​ឡើង​ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ​នៅ​លើ​ដែន​ដី​នេះ​។ រហូត​មក​ដល់​ពេល​នេះ គណៈ​កម្ម​នេះ​មិន​ទាន់​ឈាន​ជើង​ចូល​តំបន់​ហ្កហ្សា​នៅ​ឡើយ​ទេ​។ ទន្ទឹម​នឹង​​ការ​យល់​ព្រម​ទម្លាក់​អាវុធ​ចុះ ក្រុម​ហាម៉ាស់​​​ភ្ជាប់​លក្ខ​ខណ្ឌ​ទៅ​នឹង​ការ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទីន​។ ​ផែន​ការ​សន្តិ​ភាព​នោះ​ក៏​និយាយ​អំពី​ការ​ទុក​លទ្ធ​ភាពឱ្យ​ប្រជា​ជន​ប៉ាឡេស្ទីន​សម្រេច​ជោគ​វាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​។ ចំណុច​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ប្រឆាំង​ជំទាស់​​​។ លោក​​​ធ្លាប់​ប្រកាស​ថា​ដរាប​ណា​​​លោ​កនៅ​កាន់​តំណែង​​​​ជា​នាយក​រដ្ឋ​មន្ត្រី​ អ៊ីស្រា​អែល​នឹង​មិន​អនុ​ញ្ញាត​ឱ្យ​មាន​​​រដ្ឋ​ប៉ាឡេស្ទីន​ជា​ដាច់​ខាត​៕ ប្រភព៖ AP​