ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២៦! ទំហំ​ពាណិជ្ជកម្ម «​ចិន​-​អាស៊ាន​» សម្រេច​បាន​ជាង​៦០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

4 ថ្ងៃ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ពាណិជ្ជកម្ម «​ចិន​-​អាស៊ាន​» សម្រេច​បាន​ទំហំ​ទឹកប្រាក់ ៦៤៣,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ (​ពាក់កណ្តាល​ឆ្នាំ​២០២៦) ដែល​កើនឡើង ១៨,២% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express (VnExpress) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៦​។

យោង​តាម​អគ្គនាយកដ្ឋាន​គយ​ចិន (GACC) បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​លើ​ទំនិញ​ពាក់កណ្តាល​សម្រេច ដែល​រួម​មាន​គ្រឿងបន្លាស់​ជាដើម​នោះ បាន​កើនឡើង ២៤,៥% ដល់​ជាង ៤២៤ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ប្រហែល​ពីរ​ភាគ​បី​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។ អ្នកនាំពាក្យ GACC បាន​សន្មត​ថា កំណើន​ប្រកបដោយ​ស្ថិរភាព​នៃ​ពាណិជ្ជកម្ម​ទំនិញ​ពាក់កណ្តាល​សម្រេច​នេះ គឺ​ដោយសារ​តែ​ការ​ផ្សារ​ភ្ជាប់​គ្នា​កាន់តែ​ស៊ីជម្រៅ​រវាង​ខ្សែ​ច្រវាក់​ឧស្សាហកម្ម និង​ខ្សែ​ច្រវាក់​តម្លៃ​របស់​ចិន និង​អាស៊ាន​។

ទន្ទឹម​នឹង​នេះ​ដែរ ទិន្នន័យ​ចុង​ក្រោយបង្អស់​ពី​គយ​ក្រុង​ណា​ន​នី​ង (Nanning) បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​តំបន់​ស្វយ័ត​ក្វា​ង​ស៊ី (Guangxi) របស់​ប្រទេស​ចិន និង​អាស៊ាន បាន​ឈាន​ដល់​ជាង ៣៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ដែល​កើនឡើង ២,៥% ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់​រយៈពេល​នេះ​ផង​ដែរ​។

ក្របខ័ណ្ឌ​មួយទៀត​ដែល​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ក្នុង​តំបន់ គឺ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មាន​សមាជិក ១៥ ប្រទេស រួម​មាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ខែមករា ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​អនុវត្ត​ពេញលេញ​ដោយ​ប្រទេស​ហត្ថលេខី​ទាំង ១៥ ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០២៣ មក​។

លើស​ពី​នេះ បណ្តាញ​ដឹក​ជញ្ជូន​ចិន​-​អាស៊ាន​ដែល​កំពុង​រីក​ចម្រើន បាន​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​បាន​ជម្រុញ​ឱ្យ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ពាណិជ្ជកម្ម​។ តួយ៉ាង ផ្លូវ​រថភ្លើង «​ចិន​-​ឡាវ​» ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ខែធ្នូ ឆ្នាំ​២០២១ និង​ត​ភ្ជាប់​ទីក្រុង​គុន​មីង (Kunming) ភាគ​និរតី​ប្រទេស​ចិន ជាមួយ​ទីក្រុង​វៀងចន្ទន៍ ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​ឡាវ បាន​កត់ត្រា​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល​ជាង ២,៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ ដែល​កើនឡើង ៣៣,៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

អំឡុង​ពេល​នោះ ការ​នាំ​ចូល​ផ្លែ​ឈើ​តំបន់​ក្ដៅ ដូច​ជា ទុរេន មង្ឃុត និង​មៀន បាន​កើនឡើង ២៥,៨% ដល់​ចំនួន​ជាង ៦២៦ លាន​ដុល្លារ​។ បច្ចុប្បន្ន ផ្លូវ​រថភ្លើង​នេះ​បាន​ដឹក​ជញ្ជូន​ទំនិញ​ច្រើន​ជាង ៣ ៩០០ មុខ ដោយ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​បាន​ទៅ​ដល់ទី​ផ្សារ​ក្នុង​ប្រទេស និង​ដែនដី​ចំនួន ១៩៕