ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស​ប្តា​ហ៍​! ប្រេង​អន្តរជាតិ​កើនឡើង ១% ក្នុង​តម្លៃ​ជិត​៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល

4 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ដើម​ស​ប្តា​ហ៍​នេះ បាន​កើនឡើង ១% នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៦ ដោយសារ​តែ​ការ​ជាប់​គាំង​នៃ​ដំណើរការ​ឈាន​ទៅ​រក​សន្តិភាព​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ព្រមទាំង​ចរាចរណ៍​នាវា​ដឹក​ប្រេង​មាន​ភាព​យឺតយ៉ាវ​តាម​រយៈ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បាន​បង្កើន​ក្តី​បារម្ភ​អំពី​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​ទីផ្សារ​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

ប្រេង​ឆៅ Brent ស្តង់ដា​អន្តរជាតិ បាន​កើនឡើង​រហូត​ដល់ ១% នៅ​ក្នុង​តម្លៃ ៨៩,៤០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ៩:៣០ នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ។ រីឯ​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក ក៏​បាន​កើនឡើង ៤៤ សេន ដល់​តម្លៃ ៨២,៨៣ ដុល្លារ​ក្នុង​១​បារ៉ែល​។

ការ​ជួញដូរ​ប្រេង​ឆៅ​ទាំង​ពីរ​បាន​កើនឡើង​ជាង ៥% កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​មានការ​វាយប្រហារ​លើ​បណ្តា​កប៉ាល់​ដឹក​ប្រេង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ប្រេង​ជាតិ​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម Abu Dhabi National Oil Company នៅ​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស ក៏​ដូច​ជា​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ក្រុមហ៊ុន Aramco របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។

កាលពី​ចុង​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក Abbas Araqchi បាន​ប្រកាស​ថា ប្រទេស​អ៊ី​រ៉​ង់​មិន​ទាន់​បាន​សម្រេចចិត្ត​បន្ត​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ឡើង​វិញ​នៅឡើយ​ទេ ខណៈ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ទទួលយក​តម្លៃ​ប្រេងសាំង​ដែល​ឡើងថ្លៃ​បន្តិចបន្តួច អំឡុង​ពេល​ដែល​ជម្លោះ​នេះ​កំពុង​បន្ត​កើត​មាន​។

ទិន្នន័យ​តាមដាន​កប៉ាល់​ដឹក​ជញ្ជូន​ពី​ក្រុមហ៊ុន Kpler នៅ​ថ្ងៃ​ទី​១៧ ខែសីហា បាន​បង្ហាញ​ថា ការ​ដឹក​ជញ្ជូន​តាម​រយៈ​ច្រក​សមុទ្រ​ហ័​រ​មូស​មានការ​ថយ​ចុះ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ បន្ទាប់​ពី​មានការ​វាយប្រហារ​លើ​បណ្តា​កប៉ាល់​ដឹក​ប្រេង ដោយ​កប៉ាល់​ត្រឹម ៥ គ្រឿង​ប៉ុណ្ណោះ​បាន​ឆ្លងកាត់​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ហើយ​គ្មាន​កប៉ាល់​ណាមួយ​ត្រូវ​បាន​កត់ត្រា​នៅ​១​ថ្ងៃ​បន្ទាប់​នោះ​ទេ ដែល​ជា​ចំនួន​ដ៏​តិច​មួយ បើ​ធៀប​នឹង​ចំនួន ៣១ គ្រឿង កាលពី​ជិត​១០​ថ្ងៃមុន​៕