ខណៈយុវជន និងយុវតីកម្ពុជាមិនសូវចង់មានកូន តើយើងដោះស្រាយយ៉ាងណា?
- ភ្នំពេញ
មានទស្សន:មួយថាមានមនុស្សមានលុយ។ បានន័យថា កាលណាប្រទេសមានពលរដ្ឋច្រើននិងមានសមត្ថភាពពួកគេនឹងជួយអោយប្រទេសមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ។ ហេតុដូច្នេះ ហើយបានជានាយករដ្ឋមន្ត្រីបានផ្តល់យោបល់អោយយកចិត្តទុកដាក់ នៅពេលមានការធ្លាក់ចុះអត្រាកំណើតក្នុងចំណោមគ្រួសារកម្ពុជា ។
ដូច្នេះ អ្នកមានលទ្ធភាពផ្នែកសេដ្ឋកិច្ច គួរតែចូលរួមដោះស្រាយបញ្ហានេះ ពីព្រោះការមានកូន មិនត្រឹមតែបង្កើតគ្រួសារដ៏រីករាយមួយទេ ប៉ុន្តែក៏ជួយដល់ប្រទេសជាតិផងដែរ ។ ប៉ុន្តែចំពោះអ្នកមានជីវភាពមធ្យម ឬ ក្រោមមធ្យមត្រូវពិនិត្យលទ្ធភាពរបស់ខ្លួនក្នុងការផ្តល់កំនើត។
នៃការធ្លាក់ចុះអត្រាកំណើតនៅកម្ពុជាមិនមែនដោយសារពលរដ្ឋមិនចង់បានកូនទេ ប៉ុន្តែកត្តាជីវភាព សង្គម និងការចំណាយ គឺជាបន្ទុកដែលរុញឲ្យពលរដ្ឋសម័យនេះរួញរានៅក្នុងការមានកូនលើសពី២នៅក្នុងមួយគ្រួសារ ខណៈដែលអត្រាកំណើតធ្លាក់ដល់ក្រោម១ភាគរយនៅកន្លែងខ្លះ ។
ការធ្លាក់ចុះនៃអត្រាកំណើតបែបនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត ពញាក់មន្ត្រីនិងរំលឹកពលរដ្ឋជាចំហរ កាលពីពេលថ្មីៗនេះ នៅពេលអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី បានពញាក់ការចាប់អារម្មណ៍ទៅមហាជនរឿងបញ្ហាប្រជាសាស្ត្រមួយ គឺការធ្លាក់ចុះនៃអត្រាកំណើតរបស់ពលរដ្ឋនៅតំបន់ខ្លះ ។ សម្តេចធិបតីបានពញក់ថា សូមគិតគូរជំរុញអត្រាកំណើត ខណៈតំបន់ខ្លះមានសចក្តីរាយការណ៍ថា ធ្លាក់ត្រឹម ១ភាគរយ ហើយកន្លែងខ្លះក្រោម១ភាគរយ ។
យោងតាមរបាយការណ៍លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជានាឆ្នាំ២០២៤ កម្ពុជា មានកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ ប្រមាណ២,១ភាគរយ ខណៈអត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ១៥-៤៩ឆ្នាំ ម្នាក់មាន ២,៥នាក់ ។
ប្រភពដដែលបានបន្តថា កម្ពុជាមាន គ្រួសារសរុបមាន ៣,៧៣លាន គ្រួសារ ជាមួយនឹងចំនួនសមាជិកគ្រួសារមួយជាមធ្យមមានសមាជិក ៤,៦នាក់។ ចំណែកអាយុសង្ឃឹមរស់ពលរដ្ឋទាំងពីរភេទ គឺ៧៦,៦ឆ្នាំ ដោយបុរសមានអាយុសង្ឃឹមរស់ ៧៤,៧ឆ្នាំ និងស្ត្រី៧៨,៤ឆ្នាំ។
ការធ្លាក់ចុះនៃអត្រាកំណើតបែបនេះ គឺជាបញ្ហាប្រជាសាស្ត្រមួយ ដែលអាចបង្កផលប៉ះពាល់ច្រើនដល់សង្គម សេដ្ឋកិច្ច រហូតដល់ ការការពារជាតិ ប៉ុន្តែយើងក៏ត្រូវគិតគូររវាងហេតុនិងផលដែលជំរុញឲ្យពលរដ្ឋមិនចង់បានកូនបែបនេះផងដែរ ។ សម្រាប់ពលរដ្ឋកម្ពុជា វាអាចខុសពីពលរដ្ឋដទៃ ពីព្រោះថ្នត់គំនិតសង្គមតាំងពីបុរាណមកដល់ពេលនេះមិនប្រែប្រួលទេ គឺចង់បានសមាជិកគ្រួសារច្រើន ពីព្រោះពេលមានពិធីឬមានធុរៈនៅក្នុងគ្រួសារ គឺមានមនុស្សច្រើន មានសភាពអ៊ូអរ និង អធិកអធម ។ គ្រប់គូស្រកនានា ក្រោយពេលដែលចាប់ដៃគ្នា ម្នាក់ៗទន្ទឹងនិងចង់បានបំផុតគឺកូន ហើយម្នាក់ៗពិតជាចង់បានកូនលើសពី២ ប៉ុន្តែដោយសារតែបញ្ហាកត្តាជីវភាពនិងសេដ្ឋកិច្ចបានដាក់កម្រិតដល់ពួកគេមិនអោយមានកូនលើសពី២។
ទំហំនៃការចំណាយលើសុខមាលភាពទារក និងកុមារ ការហូបចុក ការអប់រំ ការកំសាន្ត គឺខ្ពស់ខ្លាំង បើធៀបនឹងចំណូលរបស់ឪពុកម្តាយដែលអាចមានសមត្ថភាពរកបាន ។ មកដល់ពេលនេះមានគ្រួសារជាច្រើនដែលឪពុកម្តាយរស់នៅដោយសន្សំសំចៃបំផុតសម្រាប់ខ្លួនឯង ហើយប្រឹងសន្សំដើម្បីចំណាយទៅលើតម្រូវការចាំបាច់របស់កូនៗ ។ សម្រាប់គ្រួសារមធ្យមតូចមួយនៅទីក្រុង ការចំណាយលើការអប់រំសម្រាប់កូនម្នាក់មិនក្រោម៥.០០០ ដុល្លារឡើយនៅក្នុងមួយឆ្នាំនេះ សម្រាប់ការអប់រំធន់មធ្យមផង ។
ជាការពិតមកដល់ពេលនេះរដ្ឋាភិបាលដឹងចំណុចនេះ ហើយបានខិតខំដាក់ចេញនូវកម្មវិធីនិងគោលនយោបាយជាច្រើនរាប់តាំងការឧបត្ថម្ភនិងផ្តល់កម្មវិធីគាំពារសុខភាពមាតានិងទារក ដោយទទួលការសម្រាលនិងការថែទាំសុខភាពស្ត្រីនិងកុមារដោយមិនយកប្រាក់កម្រៃ២ឆ្នាំ ដោយមានការឧបត្ថម្ភសាច់ប្រាក់ខ្លះផងដែរ ។ ក្រៅពីនោះក៏បានប្រកាសកម្មវិធីផ្តល់ការអប់រំចំណេះទូទៅដោយមិនគិតថ្លៃតាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់បញ្ចប់ថ្នាក់ទី១២ ជាដើម ប៉ុន្តែតម្រូវការ និង ការប្រែប្រូលបរិបទសង្គមខ្លះបានបង្ខំឲ្យឪពុកម្តាយជាច្រើនបង្កើនការវិនិយោគបន្ថែមដ៏លើសលុបដើម្បីអនាគតកូនៗរបស់ពួកគេ ។
សរុបទៅការធ្លាក់ចុះនៃអត្រាកំណើតនៅកម្ពុជាមិនគួរត្រូវបានមើលឃើញត្រឹមតែជាបញ្ហាដែលប្រជាពលរដ្ឋមិនចង់មានកូននោះទេ ប៉ុន្តែគួរត្រូវបានពិចារណាដោយយកចិត្តទុកដាក់ទៅលើបញ្ហាជីវភាព ប្រាក់ចំណូល និងទំហំនៃការចំណាយក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូន ។ សម្រាប់គ្រួសារជាច្រើន ការមានកូនម្នាក់បន្ថែមមានន័យថា ត្រូវបង្កើនការចំណាយរយៈពេលវែងលើសុខភាព អាហារ ការអប់រំ និងការអភិវឌ្ឍសមត្ថភាពរបស់កូន ដែលជាកត្តាធ្វើឱ្យឪពុកម្តាយមានការពិចារណាយ៉ាងប្រុងប្រយ័ត្នចំពោះទំហំគ្រួសារ។ ជាមួយគ្នានេះ ការដោះស្រាយបញ្ហាប្រជាសាស្ត្រដែលនាយករដ្ឋមន្ត្រីបានពញាក់ មន្ត្រីជំនាញកម្ពុជាគួរសិក្សាលម្អិត ហើយពង្រីកការស្រាវជ្រាវផ្អែកលើការយល់ពីមូលហេតុពិតប្រាកដដែលធ្វើឱ្យគូស្វាមីភរិយាពន្យារពេល ឬកាត់បន្ថយចំនួនកូនហើយបង្កើតគោលនយោបាយនិងសកម្មភាពឲ្យចំបញ្ហា ។
នៅពេលដែលមានទំនុកចិត្តថា ពលរដ្ឋអាចចិញ្ចឹមកូនបានល្អ មានលទ្ធភាពផ្តល់ការអប់រំ និងធានាអនាគតរបស់កូនបាន ការសម្រេចចិត្តមានកូនក៏អាចកើតឡើងដោយភាពជឿជាក់ជាងមុន។ ដូច្នេះ ការជំរុញអត្រាកំណើតដែលមានប្រសិទ្ធភាព នឹងទាមទារការបង្កើតបរិយាកាសេដ្ឋកិច្ចនិងសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាព និងភាពកក់ក្តៅក្នុងការចូលរួមជំរុញការបង្កើតធនធានមនុស្សសម្រាប់អនាគតដ៏ល្អមួយសម្រាប់កម្ពុជា ៕
ចែករំលែកព័តមាននេះ