ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​គ្រឿងញៀ.ន​នៅ​ក្រុង​សែន​មនោ​រម្យ ឃាត់ខ្លួន​ជនសង្ស័យ ១៥​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៥​នាក់ (​ស្រី ១​នាក់​) ព្រមទាំង​ដកហូត​វត្ថុ​តាង និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​។ស

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ខាងក្រោយ​វត្ត​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ការ​ចុះ​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម គង់ គឹ​ម​នី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​មានការ​ចង្អុលបង្ហាញ និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី លោក​ឧត្តមសេនីយ៍ត្រី ជា ចិ​ត្រា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។

ក្នុង​ប្រតិបត្តិការ​ប្រកួត​ដោយ​លទ្ធផល​នេះ គឺ​មានការ​សហការ​រួម​គ្នា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍​និង​តម្រួត​បទបញ្ជា កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ព្រមទាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មនោ​រម្យ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ១៥​នាក់ រួម​ជាមួយ​វត្ថុ​តាង និង​ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​ជំនាញ​សាកសួរ និង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕