ប្រទេសសិង្ហបុរី ៖ ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ដោយបានលើកឡើងថា កំណើននៃការវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោកដែលខ្លាំងជាងការរំពឹងទុក ក៏ដូចជាផលប៉ះពាល់តិចតួចពីសង្គ្រាមនៅមជ្ឈិមបូព៌ា គួរតែជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងឆមាសទី២ នៃឆ្នាំនេះ។
បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មសិង្ហបុរីរំពឹងថា កំណើនសេដ្ឋកិច្ចជាតិនឹងមានចន្លោះពី ៤,៥% ទៅ ៥,៥% ក្នុងឆ្នាំនេះ ដែលកើនឡើងពីការព្យាករពីមុនគឺ ២,០% ទៅ ៤,០% បន្ទាប់ពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ នៅក្នុងត្រីមាសទីពីរបានកើនឡើង ៥,៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលចំនួននេះគឺខ្ពស់ជាងការប៉ាន់ស្មានបឋមដែលមានត្រឹមតែ ៥,៧%។
ទន្ទឹមជាមួយគ្នានោះ ផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមអ៊ីរ៉ង់មានកម្រិតខូចខាតតិចជាងការព្រួយបារម្ភ ខណៈពេលដែលសន្ទុះនៃការវិនិយោគលើវិស័យ AI នៅទូទាំងសកលលោកបានកើនឡើងហួសពីការរំពឹងទុក។
ជាមួយគ្នាដែរ លោក Beh Swan Gin អនុលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកពាណិជ្ជកម្ម បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីក៏មិនរំពឹងថានឹងមានផលប៉ះពាល់ពីពន្ធគយ ១២,៥% របស់សហរដ្ឋអាមេរិកមកលើទំនិញនាំចេញរបស់សិង្ហបុរីផងដែរ៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ