ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តាលីបង់​អប​អរ​សាទរ​ខួប​ទី​៥​ឆ្នាំ​នៃ​ការ​វិល​ត្រឡប់​ទៅ​កាន់​អំណាច​នៅ​ប្រទេស​អាហ្វ​ហ្កានី​ស្ថាន​

5 ថ្ងៃ មុន

ទី​ក្រុង​កាប៊ុល៖ ថ្ងៃ​នេះ ក្រុ​មតាលីបង់​រំលឹក​ខួប​ទី​៥​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្លួន​សា​ជា​ថ្មី​កាល​ពី​ឆ្នាំ​២០២១​ដោយ​មាន​ការ​រៀប​ចំ​ពិធី​ជួប​ជុំ​គ្នា​ដើម្បី​អប​អរ​សា​ទរ​នូវ​អ្វី​ដែល​ខ្លួន​អះ​អាង​ថា​ជា​ការ​នាំ​យក​នូវ​ស្ថិរ​ភាព​សម្រាប់​ប្រទេស​ជាតិ និង​ការ​បិទ​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​ដ៏​រ៉ាំ​រ៉ៃ​អស់​ជា​ច្រើន​ទស​វត្សរ៍។ ​ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​អះ​អាង​​ថា​​អាហ្វ​ហ្កានីស្ថាន​មិន​មែន​រស់​នៅ​ដោយ​សុខ​សន្តិ​ភាព​នោះ​​ឡើយ​ព្រោះ​វិបត្តិ​សិទ្ធិ​មនុស្ស​កំពុង​កើត​មាន​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​នេះ​។ កុមារី​ ឬ​នារី​ដែល​មាន​អាយុ​លើស​ពី​១២​ឆ្នាំ​ឡើង​ទៅ​គ្មាន​ឱកាស​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ​​ទេ​។

ក្រុម​តាលីបង់​ឡើង​កាន់​អំណាច​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១​ នៅ​ពេល​អាមេរិក និង​អង្គ​ការ​ណាតូ​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​អាហ្វ​ហ្កានីស្ថាន​ទាំង​ស្រុង​។ ពួកគេ​ខិត​ខំ​ចំណាយ​លុយ​រាប់​សិប​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ក្រុម​តាលីបង់​វិល​ត្រឡប់​មក​វិញ​។ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ក្លាយ​​ជា​​អសារ​ឥត​ការ​។ ហេតុ​នេះ​នៅ​ទី​បញ្ចប់​ ពួក​គេ​បណ្ដោយ​ឱ្យ​ប្រទេស​នេះ​រស់​នៅ​តាម​យថា​កម្ម​ទៅ​ចុះ​។ អាមេរិក​ដក​ថយ​ពី​អាហ្វ​ហ្កា​នីស្ថាន​ចុង​ក្រោយ​ពី​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​កាប៊ុល​នៅ​ពេល​មនុស្ស​រាប់​សែន​នាក់​ប្រជ្រៀត​គ្នា​ទៅ​ទី​នោះ​ដើម្បី​ឡើង​ជិះ​យន្ត​ហោះ​ទៅ​កសាង​ជីវិត​ថ្មី​នៅ​ប្រទេស​ដទៃ​។

បន្ទាប់​ពី​ឡើង​កាន់​អំណាច​ភ្លាម ក្រុម​តាលីបង់​ដាក់​បម្រាម​មិន​ឱ្យ​ស្ត្រី​មាន​ឱកាស​រៀន​សូត្រ​លើស​ពី​ថ្នាក់​ទី​៦​ទេ​ ហើយ​ក្រោយ​មក​ហាម​ឃាត់​មិន​​ឱ្យ​រៀន​មហា​វិទ្យាល័យ​ថែម​ទៀត​។ គេ​នៅ​ចាំ​បាន​ថា​មុន​ពេល​ឡើង​កាន់​អំណាច​ ពួក​គេ​សន្យា​ថា​​នឹង​អនុញ្ញាត​ឱ្យស្ត្រី​រៀន​សូត្រ​ចេះ​ដឹង​ មាន​ការ​ងារ​ធ្វើ​ និង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សា​ធារណៈ​។ មិន​ត្រឹម​តែ​មិន​បាន​រៀន​សូត្រ​ថ្នាក់​ធំ​ទេ ស្ត្រី​ក៏​ត្រូវ​តាលី​បង់​ហាម​ឃាត់​មិន​ឱ្យ​ដើរ​ចូល​ទី​សា​ធារណៈ​ដូច​ជា​ក្លឹប​ហាត់​ប្រាណ​ ​សួន​ឧទ្យាន​នានា​ មិន​ឱ្យ​ចូល​រួម​លេង​កីឡា និង​មិន​​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​បុរស​ជា​ប្ដី ឬ​ជា​​សាច់​ញាតិ​របស់​ខ្លួន​អម​ដំណើរ​។ គេ​ឃើញ​មន្ត្រី​​ជាន់​ខ្ពស់​របស់​ក្រុម​តាលី​បង់​ចូល​រួម​នៅ​ក្នុង​ពិធី​អប​អរ​សា​ទរ​ការ​ឡើង​កាន់​អំណាច​ដោយ​មាន​ក្រុម​អ្នក​តំណាង​ និង​ប្រជា​ជន​ធម្ម​តារាប់​ពាន់​នាក់​ដើម្បី​រង់​ចាំ​ស្ដាប់​ការ​ថ្លែង​សុន្ទរ​កថា​រំលឹក​នូវ​ព្រឹត្តិ​ការណ៍​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ការ​រំដោះ​ជាតិ​មាតុ​ភូមិ​ចេញ​ពី​នឹម​ត្រួត​ត្រា​របស់​​ទាហាន​អាមេរិក​។

ក្រុម​តាលីបង់​ទោះបី​ក្លាយ​ជា​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ក៏​ដោយ ​ក៏​ពួក​គេ​នៅ​តែ​រស់​នៅ​ឯ​កោ​ពី​សហ​គមន៍​អន្តរ​ជាតិ​។ មាន​តែ​ប្រទេស​រុស្ស៊ី​មួយ​គត់​ដែល​ចេញ​មុខ​ទទួលស្គាល់​របប​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​។ អ្នក​នាំ​ពាក្យ​រង​របស់​ក្រុមតាលីបង់​ថ្លែង​ថា​យើង​សូម​បួង​សួង​ទៅ​ព្រះ​ជា​ម្ចាស់​តាម​ថែ​រក្សា​មាតុភូមិ​របស់​យើង​ឱ្យ​ចាក​ផុត​ពី​ការ​ត្រួត​ត្រា​របស់​បរទេស​ ចាក​ផុត​ពី​​អំពើ​ឈ្លាន​ពាន​ សង្គ្រាម​ និង​បញ្ហា​អសន្តិ​សុខ​ផង​ទាំង​ពួង​ដើម្បី​​ឱ្យ​ប្រជា​ជន​របស់​យើង​រស់​នៅ​ក្នុង​សន្តិ​ភាព ក្សេម​ក្សាន្ត​​ភាព និង​វិបុល​ភាព​​។ នៅ​ក្នុង​ពិធី​ជួប​ជុំ​នោះ​ គេ​មិន​ឃើញ​ស្ត្រី​ចូល​រួម​ទេ​។ ​គេ​ឃើញ​មាន​ការ​រៀប​ចំ​ពិធី​ផ្សេងៗ​​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​អាហ្វ​ហ្កានីស្ថាន​។ គេ​ឃើញ​ទង់​ជាតិ និង​បដា​ផ្សេង​ៗ​ត្រូវ​គេ​ដាក់​តាំង​យ៉ាង​ព្រោង​ព្រាត​អម​ដោយ​ពាក្យ​ស្លោក​ដែល​​ថ្លែង​កោត​សរ​សើរ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ក្រុម​តាលីបង់​។ លោក​រីឆាត​ បេន​ណិត (Richard Bennett) ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​ប្រទេស​អាហ្វ​ហ្កានីស្ថាន​ថ្លែង​ថា​ប្រទេស​នេះ​កំពុង​កើត​មាន​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​៕ ប្រភព៖ Times of Israel​