ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បារាំង​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​ហាម​ក្មេ.ង​ក្រោ.ម​អាយុ​១៥​ឆ្នាំ​មិន​ឱ្យ​ប្រើ​បណ្ដាញ​សង្គម

6 ថ្ងៃ មុន

ទី​ក្រុង​ប៉ារីស៖ ថ្ងៃ​នេះ តុលាការ​ធម្មនុញ្ញ​បារាំង​ចេញ​សេចក្ដី​សម្រេច​ទុក​ជា​មោឃៈ​នូវ​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ចង់​ហាម​ឃាត់​ក្មេង​ៗ​ក្រោម​អាយុ​១៥​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​។ តុលាការ​យល់​ថា​​ការ​ហាម​ឃាត់​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​បញ្ចេញ​មតិ​។ ​​​ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​ បាន​បង្គាប់​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ លោក​សេ​បាស់​ស្ទៀន ឡឺ​គ័រ​នូ (Sébastien Lecornu) ​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ឡើង​វិញ​ដើម្បី​ដាក់​បញ្ចូល​នូវ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ ឬ​កង្វល់​របស់​តុលា​ការ​ធម្ម​នុញ្ញ​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​វិមាន​ប្រធានា​ធិបតី​បារាំង​ អេលីហ្សេ (Elysée)។​

គេ​ហ​ទំព័រ​បារាំង​សរ​សេរ​រៀប​រាប់​ថា​តុលាការ​ធម្ម​នុញ្ញ​សម្រេច​បិទ​ខ្ទប់​សេចក្ដី​ព្រាង​ច្បាប់​របស់​រដ្ឋា ភិបាល​ដែល​ចង់​ហាម​ឃាត់​មិន​ឱ្យ​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ តុលាការ​បញ្ជាក់​ថា​សេចក្ដី​ព្រាង​ច្បាប់​នេះ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​។ នេះ​ជា​ការ​ទះ​មួយ​កំផ្លៀង​យ៉ាង​ដំណំ​សម្រាប់​រដ្ឋា ភិបាល​ម៉ាក្រុង​ដែល​បាន​បញ្ជា​ឱ្យ​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​។ តុលាការ​បាន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ខ្លួន​ថា «​តាម​រយៈ​ការ​ហាម​ឃាត់​អនីតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​សេវា​បណ្ដាញ​សង្គម​ ច្បាប់​តម្រូវ​ឱ្យ​បុគ្គល​គ្រប់​រូប​ រួម​ទាំង​មនុស្ស​ពេញ​វ័យ​ផង​ដែរ​ ត្រូវ​តែ​បញ្ជាក់​អាយុ​របស់​ពួក​គេ​មុន​ពេល​ប្រើ​ប្រាស់​សេវា​នោះ​បាន»​។

តុលាការ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ «​ទោះ​ជា​យ៉ាង​ណា​ក្ដី ដោយ​សារ​ច្បាប់​មិន​បាន​កំណត់​​​លក្ខ​ខណ្ឌ​​ជាក់​លាក់​ និង​ការ​ដាក់​កំហិត​ជាក់​លាក់​ទៅ​លើ​ការ​បញ្ជាក់​អាយុ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដូច​នេះ​សេចក្ដី​ព្រាង​ច្បាប់​​មិន​បាន​បង្កើត​យន្ត​ការ​ធានា​សុវត្ថិ​ភាព​ស្រប​ច្បាប់​ដើម្បី​ធានា​ថា​លក្ខ​ខណ្ឌ​កំណត់​នោះ​នឹង​ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន»​។​ វិមាន​អេ​លីហ្សេ​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​​លោក​ម៉ាក្រុង​តាំង​ចិត្ត​យ៉ាង​មោះ​មុត​ថា​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​នេះ​ដើម្បី​​អនុវត្ត​មុន​រដូវ​ផ្ការីក​ ឆ្នាំ​២០២៧​ ជា​ពេល​ដែល​បារាំង​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាណត្តិ​ថ្មី​។​

ក្រុម​អ្នក​តំណាង​រាស្ត្រ​បារាំង​បាន​អនុ​ម័ត​សេចក្ដី​ព្រាង​ច្បាប់​ហាម​ឃាត់​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​ករណី​ដំបូង​បំផុត​នៅ​ទ្វីប​អឺរ៉ុប​។ កាល​ពី​មុន​នេះ ប្រទេស​អូស្ត្រាលី​ក៏​មាន​ច្បាប់​នេះ​ដែរ​ ហើយ​ឥណ្ឌូណេស៊ី​ក៏​មាន​ច្បាប់​នេះ​ដែរ​។ អូស្ត្រាលី​ហាម​ឃាត់​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក ទីកតុក និង​យូធូប​ទេ​។ សេចក្ដី​សម្រេច​របស់​តុលាការ​បារាំង​​នៅ​ថ្ងៃ​នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក​ម៉ាក្រុង​ដក​ថយ​ទេ​។ លោក​បាន​ចេញ​បញ្ជា​ទៅ​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​សរ​សេរ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​ និង​ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ឱ្យ​តុលា​ការ​ធម្ម​នុញ្ញ​ទទួល​យក​៕ ប្រភព៖ France 24