រាជធានីភ្នំពេញ ៖ ទីបំផុត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីអាជីវករលក់ទូរសព្ទដៃតាមអនឡាញ មាត់ដាច ដាក់មណ្ឌលអប់រំកែប្រែទី២ (ម២) ជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ ដែលបទល្មើសនេះអាចប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួន បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៥ (អាយុ៣១ឆ្នាំ) មុខរបរ អាជីវករ ទីលំនៅបុរី ML ផ្ទះលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ ប្រព្រឹត្តនៅបុរី ML ផ្ទះលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌ ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។
បើយោងតាមមាត្រា ៤៧២ បទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ព ៖ អំពើចូលរួមក្នុងការធ្វើឲ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឲ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ១០លានរៀល។
មាត្រា ៥០២ បទប្រមាថ ៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ នៃបុគ្គល ។
កាប្រមាថចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌ នៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ ពាន់ ទៅ ១សែនរៀល ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី ពាក់ពន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ត្រូវនាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លុះព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរតាមនីតិវិធី។ ក្រោយបញ្ចប់ការស៊ើបសួរ តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យពីបទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា ៤៧២ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មកសំណុំ រឿងខាងលើនេះ ត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើប រហូតដល់រសៀលថ្ងៃដដែលចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារម២ ជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការជំនុំជម្រះទោសតាមច្បាប់ជាធរមាន ។
ស្ថិតក្នុងដំណាក់ការតុលាការបើកការស៊ើបសួរលើជនត្រូវចោទ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបង្ហោះសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយមានខ្លឹមសារថា
“ជាលើកទី១ ដែលខ្ញុំបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺ (វីរកងទ័ព ឈ្មោះ រិ រិទ្ធ )ដើម្បីឱ្យស្រប និងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការ ដែលគាត់កំពុងឈរជើងនៅប្រាសាទតាមាន់ក្នុងកងពលតូចលេខ៤២ ដែលក្រុមមេធាវីកំពុងរៀបចំចាប់ផ្ដើមដំណើរការរឿងក្ដីនេះហើយបាទ” ៕






ចែករំលែកព័តមាននេះ