រដ្ឋាភិបាលលីប៊ីកាលពីថ្ងៃទី៩ សីហា បានចោទប្រកាន់អូតង់ថា បានទម្លាក់គ្រាប់បែកខុសគោលដៅយោធាដោយសម្លាប់មនុស្ស៨៥នាក់ ក្នុងនោះ៣ភាគ៤ជានារី និងកុមារក្នុងឱកាសនៃការវាយឆ្មក់មួយប្រឆាំងនឹងភូមិ MADJAL ជិតទីក្រុង ZLITANE ចម្ងាយ១៥០គីឡូម៉ែត្រខាងកើតក្រុងទី្រប៉ូលី។
អូតង់អះអាងថា ខ្លួនបានធ្វើការវាយប្រហារកាលពីយប់ថ្ងៃទី៨ សីហា លើគោលដៅយោធាមួយ។ ក៏ប៉ុន្តែអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោកមូអាម៉ា កាដាហ្វី ដែលនាំបណ្តាអ្នកកាសែតបរទេសទៅកាន់កន្លែងវាយប្រហារទាំងនោះថ្លែងថា បណ្តាគ្រប់មីស៊ីលបានបាញ់លើកសិដ្ឋានជាច្រើននៅ MADJAR ។ ក្នុងចំណោមអ្នកស្លាប់មានកុមារ៣៣នាក់ នារី៣២នាក់ និងបុរស២០នាក់។
យុវជនអាប់ឌុលកាឌ័រ អាល់ហាអ៊ូអាលី និស្សិតពេទ្យឆ្នាំទី៥ដែលធ្វើការនៅមន្ទីរពេទ្យក្រុង ZLITAN ជាកន្លែងគេបញ្ជូនអ្នកស្លាប់ និងអ្នករបូសមួយចំនួនទៅកាន់ទីនោះនិយាយថា ពួកយោធាអូតង់ពុំបានធ្វើការបែកចែកគ្នាដាច់រវាងកងទាហាន កុមារ និងមនុស្សចាស់ឡើយ។ ទូរទស្សន៍លីប៊ីបានផ្សាយរូបភាពនានានៃសាកសពមនុស្សដែលត្រូវភ្លើងឆេះរោលខ្មៅរបស់កុមារ៣នាក់។ ទូរទស្សន៍នេះក៏បង្ហាញដែរនូវរូបកុមារ និងនារីទាំងឡាយដែលត្រូវរបួសកំពុងព្យាបាលក្នុងមន្ទីរពេទ្យមួយ។ រដ្ឋាភិបាលលីប៊ីបានចេញបទបញ្ជាឱ្យមានការកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃក្រោយការវាយឆ្មក់នោះ។
សរុបបណ្តាអ្នកកាសែតបានឃើញសាកសពមនុស្សប្រមាណជា៣០នាក់ក្នុងមន្ទីរពេទ្យ។ បណ្តាអ្នកទទួលខុសត្រូវលីប៊ីនិយាយថា សាកសពជនរងគ្រោះឯទៀតៗត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗ ៕
ចែករំលែកព័តមាននេះ