រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពបុករទេះរុញអេតចាយ បណ្តាលឱ្យម៉ូតូដួលបោកក្បាលលើថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង២៩នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា ២០១១ នៅតាមបណ្តោយមហាវិថីព្រះមុនីរ៉េត ទល់មុខពហុព្យាបាលវិសាលសុខស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជនម្នាក់ឈ្មោះសុទ្ធ សិទ្ធិ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ ត្រូវជាកូនរបស់លោកសុខ សែម នាយរងប៉ុស្តិ៍បឹងព្រលឹត បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-៥៩៦៥ ភព១ តាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងទិសដៅពីកើតឆ្ពោះទៅលិច ខណៈមកដល់មុខពហុព្យាបាលវិសាលសុខ ស្រាប់តែជ្រុលទៅបុករទេះអេតចាយ បណ្តាលឱ្យម៉ូតូដួល ចំណែកអ្នកបើកបរអត់ពាក់មួកការពារសុវត្ថិភាពបានបោកក្បាលទៅក្រោយរងរបួសធ្ងន់។
ពេលឃើញម៉ូតូ ដួលរងរបួសបែបនេះ ធ្វើឱ្យអ្នកអូសរទេះអេតចាយដែលដួលរងរបួសស្រាលដែរនោះ ក៏លើករទេះអូសរត់ចេញបាត់យ៉ាងប្រញាប់ប្រញាល់ នៅសល់តែអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវគេចាត់បញ្ជូនទៅព្យាបាលនៅគ្លីនិកគឹម សុង ផ្សារដេប៉ូ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺពេលយកទៅដល់គ្លីនិក ជនរងគ្រោះមិនព្រមឱ្យគ្រូពេទ្យធ្វើការព្យាបាលទេ ចំណែកឪពុករបស់ជនរងគ្រោះក៏បានទៅដល់គ្លីនិកដែរ ឃើញស្ថានភាពធ្ងន់ធ្ងរបែបនេះ គ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ប៉ូលិសបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលផ្សារដើមគដើម្បីរក្សាទុកប្រគល់ឱ្យជនរងគ្រោះវិញ ។ នេះជាករណីគ្រោះថ្នាក់ដោយសារអ្នកបើកបរអត់ពាក់មួកការពារសុវត្ថិភាព ទើបរងរបួសធ្ងន់បែបនេះ៕
ចែករំលែកព័តមាននេះ