ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ​៖ ​ដំណើរការ​ប្រឡង​បាក់ឌុ​ប ​២​ថ្ងៃ​ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បាន​បញ្ជាក់​ថា​ ដំណើរការ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី១០-១១ ខែសីហា ឆ្នាំ​២០២៦​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

មុខ​វិជ្ជា​ប្រឡង ​មាន​ចំនួន៧​មុខ​វិជ្ជា ដោយ​ថ្នាក់​វិទ្យាសាស្ត្រ​មាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គ​ណិត​វិទ្យា​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ​មានមុខ​វិជ្ជា ផែនដី​ និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិត​វិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ ​។

ដំណើរការ​សំ​ណេ​រ​ ២​ថ្ងៃនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ដំណើរការ​សំ​ណេ​រ​មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយ​មានការ​ចូលរួម​សហការ​ដោយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ ​នៃ​ការ​ប្រឡង ព្រមទាំង​បាន​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ដោយ​ស្ទើរតែ​គ្មាន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​មណ្ឌល​ប្រឡង​ឡើយ​។ ក្នុង​ដំណើរការ​សំ​ណេ​រ​២​ថ្ងៃនេះ មាន​១០ រាជធានី​ខេត្ត ដែល​មាន​ភ្លៀង​ធ្លាក់​តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំ​ណេ​រ​ឡើយ ​។

របាយការណ៍​បឋម​ ដែល​ទទួល​បាន​ពី​មណ្ឌល​ប្រឡង​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​២​នេះ បេក្ខជន ​អវត្តមាន​ចំនួន​១៣៥២​នាក់ (​ស្រី​៥០២​នាក់​) ស្មើនឹង​០,៨៩​ភាគរយ បេក្ខជនស្វ័យរិន​ចំនួន​១ ១៤៧​នាក់ (​ស្រី​៤០៧​នាក់​) បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​២០៥​នាក់ (​ស្រី​៩៥​នាក់​)​។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​២៦៧​នាក់ ក្នុង​នោះ​បោះបង់​ការ​ប្រឡង​ចំនួន​១០​នាក់ បេក្ខជន​ប្រឡង​ដាច់​ដោយឡែក​៦៥​នាក់ បេក្ខជន​មាន​ជំងឺគ្រុនឈាម​មាន​ចំនួន​៦៦​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់​។ ដោយឡែក​គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​២៥​នាក់​។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់​បាន​បន្ត​ការ​ប្រឡង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល​។ ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​។

ករណី​ល្មើស​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ក្នុងអំឡុងពេល​នៃ​ដំណើរការ​សំ​ណេ​រ បាន​កើតឡើង​ក្នុង​ចំនួន​តិចតួច​។ នៅ​ក្នុង​ដំណើរការ​សំ​ណេ​រ​២​ថ្ងៃនេះ មានការ​ដកហូត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ហាមឃាត់​ចំនួន ១២​ករណី ដែល​ក្នុង​នោះ​មាន​វ៉ែនតា​ឆ្លាត​វៃ​ភ្ជាប់​ទូរ​សព្ទ​ដៃ​១​ករណី ទូរ​សព្ទ​ឆ្លាត​វៃ​១​ករណី និង​នាឡិកា​ឆ្លាត​វៃ​៣​ករណី​ពី​បេក្ខជន និង ទូរ​សព្ទ​ឆ្លាត​វៃ​១​ករណី ព្រមទាំង​នាឡិកា​ឆ្លាត​វៃ​៦​ករណី​ពី​គណៈកម្មការ​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាត់វិធានការ​ចំពោះ​ករណី​ទាំងនេះ​តាម​គោលការណ៍​ជា​ធរមាន​។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​រំលឹក​ដល់​បេក្ខជន​ប្រឡង​គ្រប់​រូប ក្នុង​ការ​គោរព​តាម​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​រំលឹក​ដល់​បេក្ខជន​ប្រឡង​គ្រប់​រូប ក្នុង​ការ​គោរព​តាម​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ១០ សីហា ២០២៦ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៦ សម្រាប់​រាជធានី​ខេត្ត ទូ​ទាំង​ប្រទេស ព្រមទាំង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​៕​