ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីរាជការ កងកម្លាំង និងយុវជន ចុះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ដើម្បីត្រៀមបម្រុងឈាមទុកជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងបន្ទាន់នោះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល ខេត្តមណ្ឌលគិរី រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរូប ចុះចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ។
ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងជាការលះបង់ដ៏មានតម្លៃបំផុត ក្នុងការចូលរួមចំណែកជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅក្នុងការព្យាបាល និងសង្គ្រោះបន្ទាន់។ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ ដែលស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅក្នុងសង្គម។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងយុវជនទាំងអស់ក្នុងខេត្តមណ្ឌលគិរី មេត្តាបន្តចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាថាធនាគារឈាមនៅមន្ទីរពេទ្យមានឈាមគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ និងសង្គ្រោះជីវិតមនុស្សបានទាន់ពេលវេលា៕

























ចែករំលែកព័តមាននេះ